(ស្វាយរៀង)៖ សមត្ថកិច្ចកម្ពុជា-វៀតណាម បានប្រកាសស្វែងរកចាប់ខ្លួន ឃាតកជាជនជាតិវៀតណាមម្នាក់ ដែលបាញ់សម្លាប់មនុស្ស ៥នាក់ នៅស្រុកគួជី ទីក្រុងហូជីមិញ ប្រទេសវៀតណាម។ នេះតាមយោងតាមសមត្ថកិច្ចកងរាជអាវុធហត្ថ ខេត្តស្វាយរៀង បានបង្ហោះ Facebook ជាសាធារណៈនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២០។
កងរាជអាវុធហត្ថខេត្តស្វាយរៀង សូមជូនដំណឹងដល់កងកម្លាំងប្រដាប់អាវុធ គ្រប់លំដាប់ថ្នាក់ និងមន្រ្តីរាជការ និងប្រជាពលរដ្ឋ ដែលរស់នៅតាមខេត្តជាប់បន្ទាត់ព្រំដែន (កម្ពុជា-វៀតណាម) ឲ្យបានដឹងថា មានជនសង្ស័យ ឈ្មោះ ឡេ វិកទីង ហៅទុងឃី ភេទប្រុស អាយុ៣៣ឆ្នាំ កំពស់១,៦៦ម៉ែត្រ ជនជាតិវៀតណាម បានប្រព្រឹត្តបទល្មើសឧក្រិដ្ឋសម្លាប់មនុស្សអស់ចំនួន ៥នាក់ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ នៅស្រុកគួជី ទីក្រុងហូជីមិញ ប្រទេសវៀតណាម ហើយរត់គេចខ្លួន ។
ដូច្នេះសូមបងប្អូនដែលរស់នៅ តាមបណ្តាខេត្តដែលជាប់ព្រំដែនកម្ពុជា-វៀតណាម មានការប្រុងប្រយ័ត្ន និងសហការជាមួយសមត្តកិច្ចគ្រប់ជាន់ថ្នាក់ នៅមូលដ្ឋានជាបន្ទាន់ ក្រែងជនសង្ស័យដ៏សាហាវរូបនេះ ឆ្លៀតឱកាស រត់មកជ្រកកោណសម្ងំលាក់ខ្លួន ក្នុងទឹកដីប្រទេសកម្ពុជា។ ដើម្បីសហការផ្តល់ព័ត៌មានបន្ទាន់ អាចទូរស័ព្ទមកលេខ ០៩៧ ៩៨៨៩ ២៧២៕