(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ គ.ជ.គ.ម ជំរុញដល់អនុប្រធាន អគ្គលេខាធិការ និងទីប្រឹក្សារបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលទើបតែងតាំងថ្មី ត្រូវខិតខំពង្រឹងការងារឱ្យអស់ពីសមត្ថភាព និងបំពេញការងាររបស់ខ្លួនទទួលខុសត្រូវ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ឱ្យសក្តិសមជាមន្ត្រីដែលជាអ្នកបម្រើរាស្ត្រពិតប្រាកដ។
ការជំរុញបែបនេះរបស់លោកទេសរដ្ឋមន្ត្រី គន់ គីម បានធ្វើឡើងនៅក្នុងឱកាសដែលលោកទេសរដ្ឋមន្ត្រី អញ្ជើញបើកកិច្ចប្រជុំផ្សព្វផ្សាយ តួនាទីភារកិច្ច ដល់អនុប្រធាន អគ្គលេខាធិកា និងទីប្រឹក្សាថ្មី ដែលត្រូវបានព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង និងផ្ដល់ឋានៈថ្មីៗនេះ។
លោកទេសរដ្ឋមន្ត្រី គន់ គីម បានថ្លែងថា តែងតាំងសម្រួលភារកិច្ច គឺជាធម្មតាសម្រាប់ក្របខណ្ឌ មន្ត្រីរាជការ របស់រាជរដ្ឋាភិបាល ទៅតាមគុណបំណាច់ និងស្នាដៃ ក្នុងការបម្រើជាតិ និងប្រជាជននាពេលកន្លងមក។
លោកសង្ឃឹមថា ក្រោយពីការតែងតាំងមន្ត្រីថ្មី អាចមានលទ្ធភាពបំពេញការងារ បំរើប្រជាពលរដ្ឋ ឱ្យបានកាន់តែល្អប្រសើរ និងទាន់ពេលវេលា តាមសេចក្តីត្រូវការរបស់បង ប្អូនប្រជាពលរដ្ឋស្រប តាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសត្រូវមានទំនួលខុសត្រូវខ្ពស់ ក្នុងការបំពេញភារកិច្ចថ្មី និងសាមគ្គីភាពផ្ទៃក្នុង ព្រមទាំងមានកិច្ចសហការល្អជាមួយ អង្គភាព ស្ថាប័ននានា សំដៅបំពេញកិច្ចការបម្រើជាតិ និងប្រជាជនឱ្យទទួលបានជោគជ័យថ្មីៗ ឱ្យបានជាបន្តបន្ទាប់៕