(ភ្នំពេញ)៖ អាជ្ញាធររាជធានីភ្នំពេញ គ្រោងបើកការដ្ឋានស្ថាបនាផ្លូវបេតុងអារម៉េ អមសងខាងផ្លូវរថភ្លើងចាប់ពីផ្លូវ២៨៩ រហូតដល់វិថីវិមានឈ្នះឈ្នះដែលមានប្រវែងជាង ១០គីឡូម៉ែត្រ ដើម្បីសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋបានធ្វើដំណើរ ពិសេស គឺកាត់បន្ថយនូវការកកស្ទះចរាចរណ៍នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ខណៈដែរផ្លូវសហព័ន្ធរុស្ស៊ី ទទួលរងនូវការកកស្ទះចរាចរណ៍រាល់ថ្ងៃ។
ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ លោក សាំ ពិសិដ្ឋ បានបញ្ជាក់ឲ្យដឹងក្នុងកិច្ចប្រជុំកិច្ចប្រជុំមួយក្រោមវត្តមានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២០ថា គម្រោង នៃការស្ថាបនាផ្លូវអមសងខាងផ្លូវរថភ្លើងខាងលើនេះ នឹងធ្វើឡើងដោយមានទទឹង៧ម៉ែត្រសងខាងផ្លូវរថភ្លើងគឺសរុប១៤ម៉ែត្រ ដោយទុកចំណែកផ្លូវរថភ្លើងទទឹង ១២ម៉ែត្រ នៅចំកណ្តាល ហើយគ្រោងចំណាយថវិកាជាង ៣០លានដុល្លារ ដោយសារតែគម្រោងនេះ ត្រូវដាក់លូអមសងខាងផ្លូវ ការធ្វើចិញ្ចើមផ្លូវ ការបំពាក់បង្គោលភ្លើងអគ្គិសនី រួមជាមួយនឹងការចាក់ដីបំពេញបន្ថែមផងដែរ។
លោកថា ក្នុងចំនួនទឹកប្រាក់នេះ គឺមិនបានគិតពីផលប៉ះពាល់លំនៅឋានប្រជាពលរដ្ឋដែលប៉ះពាល់នៃគម្រោងនេះផងទេ។
លោកប្រធានមន្ទីរ ក៏បានបញ្ជាក់ផងដែរថា គម្រោងនេះ គឺបានឯកភាពពីក្រសួងសាធារណការ និងដឹកជញ្ជូន រួមជាមួយនឹងរដ្ឋបាលរាជធានីភ្នំពេញរួចហើយ ហើយរដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការស្ថាបនាផ្លូវនេះនៅតំបន់ណា ដែលមិនប៉ះពាល់លំនៅដ្ឋានប្រជាពលរដ្ឋ ហើយគម្រោងនេះដែរ អាចដំណើរការក្នុងពេលដ៏ខ្លីខាងមុខនេះពោលគឺ គម្រោងនេះនឹងប្រើប្រាស់រយៈពេល ១៦ខែ ដោយប្រើប្រាស់ថវិកាជាង ៣៥លានដុល្លារ។
ក្រោយពីការស្ថាបនាហើយ កំណាត់ផ្លូវថ្មីនេះ នឹងកាត់បន្ថយការកកស្ទះចរាចរណ៍នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ីបានជាង៣០ភាគរយផងដែរ។ នេះជាការបញ្ជាក់បន្ថែមពីលោក ពិសិដ្ឋ។
បើតាមការបញ្ជាក់ពីអាជ្ញាធរដែនដីមួយចំនួន បានបញ្ជាក់ឲ្យដឹងថា ផលប៉ះពាល់នៅខាងប្រជាពលរដ្ឋទៅលើគម្រោងនេះ គឺបានដោះស្រាយជាបណ្ដើរហើយ ក្នុងនោះសម្រាប់សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ក្នុងចំណោមប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ជាង ២០០គ្រួសារ ដោយស្រាយស្ទើរតែអស់ទៅហើយ ពោលគឺនៅតែចំនួន១២គ្រួសារប៉ុណ្ណោះ។
អភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង បានក្នុងកិច្ចប្រជុំនោះបានជំរុញឲ្យអាជ្ញាធរដែនដី និងមន្ទីរពាក់ព័ន្ធ ត្រូវចុះសិក្សាបន្ថែម ដោយលោកបានណែនាំឲ្យលោកអភិបាលរងរាជធានីភ្នំពេញ១រូប គឺលោក ស៊ុយ សេរិទ្ធ ដឹកនាំមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងអាជ្ញាធរចុះធ្វើការសិក្សាពីផលប៉ះពាល់ជាបន្ទាន់ ដើម្បីចងក្រងជារបាយការណ៍មួយ ហើយនឹងចុះសហការជាមួយ ក្រសួងសាធារណការ និងដឹកជញ្ជូនចុះពិនិត្យជាក់ស្តែងម្ដងទៀតនៅថ្ងៃទី១២ ខែកុម្ភៈ ខាងមុខនេះ៕