(ភ្នំពេញ)៖ លោកមេធាវី គី តិច ប្រធានមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន នៅរសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានអញ្ជើញបើកកិច្ចប្រជុំ ប្រចាំឆ្នាំ២០១៩ និងកំណត់ទិសដៅអនុវត្តបន្ត របស់មេធាវីស្ម័គ្រចិត្តសម្តេចតេជោ សែន។
ពិធីនេះ ប្រព្រឹត្តធ្វើឡើងនៅបន្ទប់ប្រជុំ អគារថ្មី នៃទីស្តីការគណៈរដ្ឋមន្ត្រី ដោយមានការអញ្ជើញចូលរួម ពីសំណណាក់អនុប្រធាន និងសមាជិក ដែលទទួលបន្ទុកបេសកកម្មរៀងៗខ្លួន ទូទាំង២៥រាជធានី-ខេត្ត-ក្រុង។
បើតាមរបាយការណ៍ដែលអានដោយលោកមេធាវី ឈី សម្បត្តិ អនុប្រធានទទួលបន្ទុកប្រចាំការ បានឱ្យដឹងថា នៅក្នុងឆ្នាំ២០១៩កន្លងមកនេះ ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ សែន បានជួបសម្ភាសន៍ និងសេវាផ្តល់យោបល់ផ្នែកច្បាប់ជូនដល់ស្ត្រីក្រីក្ររងគ្រោះ ខ្វះការការពារសិទ្ធិតាមផ្លូវច្បាប់ នៅតាមបណ្តាខេត្ត-ក្រុង សរុបមានចំនួន១,៩៣២ករណី។
នៅក្នុងឆ្នាំ២០១៩ សំណុំរឿងទាំង១,៩៣២ករណី ត្រូវបានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ សែន បានសម្រេចទទួលយការពារតាមនីតិវិធីច្បាប់ ចំនួន៥២ករណី។ ក្នុងសំណោមសំណុំរឿងទាំង៥២ករណី ក្រុមមេធាវី បានចាត់ការតាមនីតិវិធីច្បាប់ បានចំនួន២៤ករណី។
នៅក្នុងកិច្ចប្រជុំនេះដែរ លោកមេធាវី គិ តិច ដែលជាប្រធាន បានអនុញ្ញាតិឱ្យសមាជិក ដែលបានចូលរួមក្នុងអង្គប្រជុំគ្រប់រូប អាចលើកឡើង អំពីបញ្ហាប្រឈមនានា ក្នុងដំណើរប្រតិបត្តិការការងាររបស់ខ្លួន ដើម្បីយកមកពិភាក្សា និងពិគ្រោះយោបល់ ព្រមទាំងស្វែងរកគន្លឹះដោះស្រាយលើឧបសគ្គនានា ដែលបានជួបប្រទះក្នុងការអនុវត្តកន្លងមក។
សូមបញ្ជាក់ថា ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅការងារ សម្រាប់ឆ្នាំ២០១៩ របស់ «ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី» ដែលធ្វើឡើងនៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩កន្លងមក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់អំពីបំណងរបស់សម្តេច ក្នុងការបង្កើត «ក្រុមមេធាវីការពារក្តី» ដែលស្ថិតក្រោមការគ្រប់គ្រងដោយផ្ទាល់របស់សម្តេច ដើម្បីជួយដល់ជនរងគ្រោះជាស្ត្រីក្រីក្រ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ដើម្បីជួយស្រ្តីរងគ្រោះទន់ខ្សោយឱ្យកាន់តែមានប្រសិទ្ធភាព សម្តេចតេជោនាយករដ្ឋមន្ត្រីនឹងពិចារណាក្នុងការបង្កើត «ក្រុមមេធាវីការពាក្តី» ដែលស្ថិតនៅក្រោមការគ្រប់គ្រងផ្ទាល់របស់សម្តេចតេជោ ដើម្បីជួយដល់ជនរងគ្រោះដែលជាស្រ្តីក្រីក្រ»។
គោលបំណងចំបង ដែលសម្តេចតេជោសែន បង្កើតក្រុមមេធាវីស្ម័គ្រចិត្តនេះឡើង គឺសម្តេចបានគិតគូយ៉ាងល្អិតល្អន់ ក្នុងគោលដៅជួយដល់ស្ត្រី ដែលមានជីវភាពក្រីក្រ ជាពិសេសដែលត្រូវបានបាត់បង់សិទ្ធិ ពុំមានការការពារតាមផ្លូវច្បាប់ ក្នុងនោះចំពោះទណ្ឌិតដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ និងជនត្រូវចោទ ដែលបានឃុំខ្លួនបណ្តោះអាសន្ននៅក្នុងពន្ធនាគារ ក៏ត្រូវបានគិតគូរយ៉ាងយកចិត្តទុកដាក់៕