(ពោធិ៍សាត់)៖ មន្ទីរសុខាភិបាលខេត្តពោធិ៍សាត់ បានចេញលិខិតបំភ្លឺ ជុំវិញការបង្ហោះសារនៅក្នុងបណ្ដាញសង្គម Facebook របស់ម្ចាស់គណនីឈ្មោះ តាំង គីមឡេង។ នេះបើតាមលិខិតបំភ្លឺ របស់មន្ទីរសុខាភិបាលខេត្តពោធិ៍សាត់ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០។
ការចេញមកបំភ្លឺរបស់មន្ទីរសុខាភិបាលខាងលើនេះ បានកើតឡើងក្រោយម្ចាស់ Account Facebook ខាងលើបានចោទថា ខ្លួនបានទូរស័ព្ទទៅឡានសង្គ្រោះបន្ទាន់ដឹកមកភ្នំពេញ តែខកខានមិនបានទៅដឹកទាន់ពេល។
បើតាមលិខិតបំភ្លឺ, មន្ទីរសុខាភិបាល សុំធ្វើការបំភ្លឺដូចតទៅ កំឡុងម៉ោង១២៖៤៥ រសៀលថ្ងៃ០៦ ខែកុម្ភៈ ឆ្នាំ២០២០ មានលេខទូរស័ព្ទគ្រួសារអ្នកជំងឺ ឲ្យទៅយកអ្នកជំងឺ នៅឃុំឈើតុំ ប៉ុន្តែដោយរថយន្ត សង្គ្រោះជាប់រវល់បញ្ជូនអ្នកជំងឺ ទៅមន្ទីរពេទ្យបង្អែក ខេត្តពោធិ៍សាត់ ទើបគ្រូពេទ្យសុំឲ្យគាត់រង់ចាំ ឬបើអាចឲ្យគាត់ដឹកអ្នកជំងឺ មកពេទ្យស្រុកក្រគរសិន។
គ្រួសារអ្នកជំងឺ ក៏បានបញ្ជូនអ្នកជំងឺ ដោយរថយន្តផ្ទាល់ខ្លួននៅម៉ោង១៣៖២០នាទី។ ពេលចូលមកដល់មន្ទីរពេទ្យ គាត់មិនព្រមឲ្យក្រុមគ្រូពេទ្យ យកអ្នកជំងឺចូលបន្ទប់សង្គ្រោះបន្ទាន់ទេ ដោយគាត់សុំឡានសង្គ្រោះបញ្ជូនទៅភ្នំពេញភ្លាម។
ផ្អែកលើលក្ខណៈរាល់អ្នកជំងឺ ដែលមានសភាពធ្ងន់ធ្ងរ គឺត្រូវសង្គ្រោះបឋមនៅមន្ទីរពេទ្យកម្រិតខ្ពស់ជាង និងនៅជិត គឺមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ជាមុនសិនមុននឹងធ្វើការបញ្ជូន។ ប៉ុន្តែដោយសារ អ្នកជំងឺមានការ ព្រួយបារម្មណ៍ខ្លាំង លើសុខភាពរបស់លោកយាយ ទើបក្រុមគ្រួសាររបស់គាត់សម្រេច បញ្ជូនអ្នកជំងឺមកភ្នំពេញ ដោយមិនឲ្យមានការសង្គ្រោះបឋមពីសំណាក់គ្រូពេទ្យឡើយ។
មន្ទីរសុខាភិបាល បានបញ្ជាក់ថា ថ្នាក់ដឹកនាំ មន្ទីរសុខាភិបាលខេត្ដ និងក្រុមគ្រូពេទ្យ សូមជូនពរឲ្យលោកយាយ មានសុខភាពល្អប្រសើរឡើងវិញ ក្នុងពេលដ៏ខ្លីខាងមុខនេះ។ យើងខ្ញុំសូមស្វាគមន៍ នូវរាល់ការរិះគន់ក្នុងន័យស្ថាបនា ដើម្បីធ្វើឱ្យប្រព័ន្ធ នៃការផ្ដល់សេវាសុខាភិបាល ឲ្យកាន់តែមានភាពល្អប្រសើរឡើង ដើម្បីសុខុមាលភាពប្រជាពលរដ្ឋ៕
ខាងក្រោមនេះ ជាលិខិតបំភ្លឺ របស់មន្ទីរសុខាភិបាលខេត្តពោធិ៍សាត់ ដែលមានខ្លឹមសារទាំងស្រុង៖