(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប សូមចូលរួមសោកស្តាយយ៉ាងខ្លាំង ចំពោះការកើតឡើងមេរោគកូរ៉ូណា ដែលធ្វើឲ្យឆ្លង និងបាត់បង់ជីវិតពលរដ្ឋចិន ហើយរដ្ឋបាលខេត្តសៀមរាប ក៏បានចូលរួមផ្តល់ម៉ាសវេជ្ជសាស្រ្តចំនួន ៥៩,៥០០ ដល់កាកបាទក្រហមនៃខណ្ឌ Wanzhou ទីក្រុង Chongqing ប្រទេសចិនផងដែរ។
ក្នុងនាមរដ្ឋបាលខេត្ត និងជាពលរដ្ឋកម្ពុជា សូមចូលរួមគាំទ្រ និងលើកទឹកចិត្តដល់រដ្ឋាភិបាល និងប្រជាជនចិន ក្នុងការគ្រប់គ្រងស្ថានការណ៍ប្រយុទ្ធប្រឆាំង យកជ័យជម្នះលើមេរោគ ដ៏កាចសាហាវនេះឲ្យបានឆាប់ ។
រដ្ឋបាលខេត្តសៀមរាប បានបញ្ជាក់ប្រាប់ភ្នាក់ងារបណ្ដាញសារព័ត៌មាន Fresh News ប្រចាំសៀមរាបថា រដ្ឋបាលខេត្តបានចូលរួមផ្តល់ម៉ាសវេជ្ជសាស្រ្តចំនួន ៥៩,៥០០ដល់កាកបាទក្រហមនៃខណ្ឌ Wanzhou ទីក្រុង Chongqing ប្រទេសចិន ដើម្បីចូលរួមគាំទ្រជួយដល់ការទប់ស្កាត់ និងគ្រងគ្រងលើស្ថានភាពជម្ងឺ នៅក្នុងទីក្រុង Chongqing ប្រទេសចិន។
សម្ភារទាំងនេះ នឹងត្រូវបានដឹកជញ្ជូនទៅកាន់គោលដៅតាមក្រុមហ៊ុន Shandong Airlines ដោយឥតគិតថ្លៃ។ រដ្ឋបាលខេត្តសៀមរាប នឹងបន្តស្វែងរកជំនួយបន្ថែមទៀត ដើម្បីជួយតាមបណ្ដាខេត្ត នៃសាធារណរដ្ឋប្រជាមានិតចិន ដែលកម្ពុជា-ចិន គឺមិត្តភាពគ្រប់កាលៈទេសៈ។
គួរជម្រាបថា យោងតាមរបាយការណ៍នៅព្រឹកថ្ងៃសុក្រនេះ ចំនួនអ្នកស្លាប់ដោយសារវីរុសកូរ៉ូណា 2019-nCoV នៅទូទាំងប្រទេសចិនបានកើនឡើងដល់ ៦៣៦នាក់ និងឆ្លងដល់ ៣១,១៦១នាក់ បន្ទាប់ពីថ្ងៃព្រហស្បតិ៍ម្សិលមិញ មានមនុស្ស៧៣នាក់បន្ថែមទៀត បានបាត់បង់ជីវិត។ ជាមួយគ្នានេះអ្នកជំងឺសរុប១,៥៤០នាក់ ក៏បានជាសះស្បើយ និងចាកចេញពីមន្ទីរពេទ្យផងដែរ៕