(ប៉ៃលិន)៖ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០ បានដឹកនាំមន្ត្រីជំនាញ និងក្រុមការងារចុះវាស់វែង គ្រោងពង្រីកផ្លូវជាតិលេខ៥៧ ចាប់ពីវិមានឯករាជ្យខេត្ត ទៅកាន់រម្មណីយ៍ដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រភ្នំយ៉ាត ក្នុងសង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ និងលើកកំពស់សោភ័ណភាពទីក្រុង ប្រកបដោយភាពទាក់ទាញ។
លោក ផាន់ ចាន់ធុល បានលើកឡើងថា ក្រោមដំបូលសន្តិភាព រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន អាជ្ញាធរគ្រប់ជាន់ថ្នាក់ បានខិតខំប្រឹងប្រែងដោះស្រាយនូវរាល់ការលំបាក និងសំណូមពររបស់ប្រជាពលរដ្ឋ ព្រមទាំងបានខិតខំកសាងអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសការកសាងហេដ្ឋារចនាសម័ន្ធរូបវ័ននានាដូចជា៖ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ វត្តអារាម ប្រព័ន្ធធារាសាស្ត្រ ទឹកស្អាត និងភ្លើងអគ្គិសនីជាដើម។
លោកអភិបាលខេត្ត បានបញ្ជាក់ថា បច្ចុប្បន្ននេះ អាជ្ញាធរខេត្តប៉ៃលិន បានខិតខំកែលម្អសោភ័ណភាពខេត្ត ការកសាងហេដ្ឋារចនាសម្ព័ន្ធសាធារណៈនានា ជាពិសេសអភិវឌ្ឍន៍តំបន់រម្មណីយ៍ដ្ឋាន ទេសចរណ៍នៅក្នុងខេត្ត ឲ្យបានកាន់តែល្អឡើង ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិ មកកំសាន្តក្នុងខេត្តប៉ៃលិនឲ្យបានកាន់តែច្រើនឡើង ដែលជាកត្តាមួយចូលរួមចំណែក ក្នុងការជំរុញកំណើន សេដ្ឋកិច្ចជីវភាព របស់ប្រជាពលរដ្ឋឲ្យបានកាន់តែប្រសើរឡើង។
នៅក្នុងឱកាសនោះ លោក ផាន់ ចាន់ធុល ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅសងខាងផ្លូវ និងប្រើប្រាស់ផ្លូវនេះទាំងអស់ មេត្តាផ្តល់កិច្ចសហការ និងសម្របសម្រួលផលប៉ះពាល់នានា ក្នុងការស្ថាបនាផ្លូវនេះ ឲ្យបានឆាប់រហ័សទៅតាមផែនការគ្រោងទុក ព្រមទាំងចូលរួមជួយថែរក្សា ដើម្បីធានាឲ្យការប្រើប្រាស់បានយូរអង្វែង។
សូមបញ្ជាក់ថា ផ្លូវជាតិលេខ៥៧ ដែលអាជ្ញាធរខេត្តប៉ៃលិន គ្រោងពង្រីកចាប់ពីចំនុចវិមានឯករាជ្យខេត្ត ទៅកាន់រម្មណីយ៍ដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រភ្នំយ៉ាត មានប្រវែងជាង ១គីឡូម៉ែត្រ គឺពង្រីកទទឹងប្រវែង ៤ម៉ែត្រ បន្ថែម (ម្ខាង ២ម៉ែត្រ) ដោយអ៊ុតកៅស៊ូបេទីមីន័រ (AC) សម្រាប់ផ្លូវថ្មើរជើង និងទោចក្រយាន្តយន្ត៕