(បាត់ដំបង)៖ មន្រ្តីសាខាកាំកុងត្រូល ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានសហការជាមួយ មន្រ្តីមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យផលិតផល ទំនិញដាក់តាំងលក់ ដើម្បីស្វែងរក ទំនិញខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ និងទំនិញជាម្ហូបអាហារ ដែលដាក់សារធាតុគីមីហាមឃាត់ នៅតាមផ្សារចំនួន២កន្លែង ក្នុងខេត្តបាត់ដំបង តែពុំមានរកឃើញសារធាតុគីមី និងហួសកាលបរិច្ឆេទនោះទេ។
ការចុះត្រួតពិនិត្យនេះ បានធ្វើឡើងនៅតាមផ្សារបឹងរាំង ស្ថិតសង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង និងផ្សារភ្នំសំពៅ ស្ថិតឃុំភ្នំសំពៅ ស្រុកបាណន់ ដោយបានធ្វើតេស្តបឋម លើមុខទំនិញដូចជា៖ គុយទាវសរសៃ (តូច-ធំ), ប្រហុក, ប្រហិតសាច់គោ, សាច់ក្រកគោ, ជ្រក់ស្ពៃ, ត្រីងៀត, បង្គា, និងបានត្រួតពិនិត្យទំនិញ ដាក់តាំងលក់ក្នុងផ្សារផងដែរ តែជាលទ្ធផលពុំមានរកឃើញសារធាតុគីមី ហួសកាលកាលបរិច្ឆេទនោះទេ។
លោក ហាក់ សុខរិន បានបញ្ជាក់ថា ដោយមានការណែនាំ និងរឹតបន្តឹង ពីអគ្គនាយកដ្ឋានកាំកុងត្រូល ឲ្យចុះធ្វើជាប្រចាំរួចមក សាខាកាំកុងត្រូលខេត្តបាត់ដំបង និងមន្រ្តីជំនាញទាំងអស់ តែងតែបានចុះត្រួតពិនិត្យទំនិញ នៅតាមទីផ្សារនានាក្នុងខេត្ត ដើម្បីទប់ស្កាត់ការតាំងលក់ទំនិញខូចគុណភាព ដែលធ្វើឲ្យប៉ះពាល់សុខភាពប្រជាពលរដ្ឋ ជាអ្នកប្រើប្រាស់ផ្ទាល់ផងនោះ។
លោកបានបន្តថា មន្រ្តីសាខាកាំកុងត្រូលទាំងអស់ បានចុះធ្វើការអប់រំផ្សព្វផ្សាយជាប្រចាំ តាមរយៈបិទស្ទិកឃើ នៅនឹងកន្លែងលក់ក្នុងផ្សារ តាមផ្ទះ ឬតាមប្រព័ន្ធផ្សាយផ្សេងទៀត ដើម្បីឲ្យប្រជាពលរដ្ឋ បានយល់ដឹង កាន់តែច្បាស់ ពីផលប៉ះពាល់សុខភាពដល់អ្នកប្រើប្រាស់ និងបានអំពាវនាវដល់អាជីវករលក់ដូរ និងអ្នកប្រើប្រាស់ទាំងអស់ នាំគ្នាប្តេជ្ញាចូលរួមទប់ស្កាត់ និងឈប់លក់ទំនិញខូចគុណភាពបន្តទៀត។
លោក ហាក់ សុខរិន បានបន្ថែមថា មន្ត្រីជំនាញបានត្រួតពិនិត្យអំពីស្លាកសញ្ញា និងសុពលភាពនៃការប្រើប្រាស់ និងបានធ្វើការវិភាគបឋម ដើម្បីរកសារធាតុគីមីហាមឃាត់លើម្ហូបអាហារ និងណែនាំទៅដល់អាជីករ ស្តីពីការគ្រប់គ្រងគុណភាពសុវត្ថិភាព លើផលិតផលទំនិញ ដើម្បីជៀសវាងការបង្កផលប៉ះពាល់ ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀតផងដែរ៕