Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ពលរដ្ឋនៅឃុំជើងគ្រាវ ខេត្តកំពង់ឆ្នាំង ប្រកបមុខរបរត្បាញសម្ភារប្រើប្រាស់ ធ្វើអំពីដើមឬស្សី សំណូមពរប្រជាពលរដ្ឋខ្មែរយើង ជួយគាំទ្រផលិផលខ្មែរ ដើម្បីរួមរក្សាស្នាដៃដូនតាឲ្យគង់វង្ស

07-02-2020 08:09

(កំពង់ឆ្នាំង)៖ ប្រជាកសិកររស់នៅក្នុងភូមិទឹកចេញ និងភូមិមួយផ្សេងទៀត ឃុំជើងគ្រាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ស្ទើរគ្រប់ផ្ទះ កំពុងប្រកបមុខរបរតម្បាញសម្ភារប្រើប្រាស់ ធ្វើអំពីដើមឬស្សី ដែលពួកគាត់បានចេះតៗ គ្នាពីដូនតាមក ដើម្បីលក់ដូរ ផ្គត់ផ្គង់ជីវភាពក្នុងគ្រួសារ ដែលជាការជួយសម្រាលនៅក្នុងបន្ទុកជីវភាពគ្រួសារ បានមួយកម្រិតផងដែរ។ ហេតុនេះពួកគាត់សុំសំណូមពរប្រជាពលរដ្ឋខ្មែរយើង មេត្តាជួយគាំទ្រផលិតផល ធ្វើអំពីដើមឬស្សី ដើម្បីជួយរក្សាស្នាដៃ វប្បធម៌ ប្រពៃណី ពីដូនតាខ្មែរយើង ទុកជូនកូនចៅជំនាន់ក្រោយបានស្គាល់។

ស្រីម្នាក់ឈ្មោះ ស្រី មុំ អាយុ ៣០ឆ្នាំ ជាកសិករត្បាញរបស់ប្រើប្រាស់ធ្វើអំពីដើមឬស្សី ដែលមានទីនៅក្នុងភូមិទឹកចេញ ឃុំជើងគ្រាវ ស្រុករលាប្អៀរ នៅព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ បាននិយាយឲ្យដឹងថា សព្វថ្ងៃគាត់ចេះត្បាញរបស់ប្រើប្រាស់ ដែលធ្វើអំពីដើមឬស្សីនេះជាច្រើនមុខដូចជា៖ កញ្ច្រែង តូចធំ ចង្អេរ កញ្ជើ ថែមទាំងចេះក្តាប់ ចង្អេរ និងកញ្ច្រែង ដោយខ្លួនឯង មិនចាំបាច់ជួលគេទៀតផង។

ស្រី្តរូបនេះ បានបញ្ជាក់ឲ្យដឹងទៀតថា ដំបូងឡើយ គាត់បានចេះត្បាញតៗគ្នាពីចាស់ៗ ក្នុងភូមិដែលមានប្រមាណ ៧០% បានប្រកបមុខរបរដូចដែលបានរៀបរាប់ខាងលើនេះ ដែលពួកគាត់បានចាប់យកមុខរបរនេះ តាំងពីសម័យដូនតាមក ដោយប្រជាពលរដ្ឋភាគច្រើន ក្នុងឃុំជើងគ្រាវទាំងមូល តែងតែចាប់យកមុខរបរ ផលិតឧបករណ៍ប្រើប្រាស់ធ្វើអំពីដើមឫស្សីនេះ មិនដែលបោះបង់ឡើយ។ ដោយម្យ៉ាងមុខរបរនេះផងដែរ ក៏អាចបង្កើនប្រាក់ចំណូល ដល់ពួកគាត់ដែលជាប្រជាកសិកររស់នៅតាម ស្រុក ស្រែចម្ការ ឲ្យមានជីវភាពធូរធារមួយកម្រិត បន្ថែមពីលើមុខរបរធ្វើស្រែចំការ។

គាត់បន្តទៀតថា រីឯរបស់ប្រើប្រាស់ទាំងនេះ ភាគច្រើន ត្រូវបានឈ្មួញមកប្រមូលទិញ ដឹកយកទៅលក់បន្តនៅផ្សារប៉ោយប៉ែត ជាប់ព្រំដែនថៃ ខ្លះទៀតត្រូវបានដឹកយកទៅលក់ នៅតាមបណ្តាខេត្ត និងទីក្រុងមួយចំនួននៅក្នុងប្រទេសផងដែរ។

ដោយឡែកស្រី្តឈ្មោះ សៅ សារិន អាយុ៤៨ឆ្នាំ រស់នៅក្នុងភូមិទឹកចេញ ឃុំជើងគ្រាវដែរនោះ បានឲ្យដឹងថា សព្វថ្ងៃនេះគាត់ ក៏បានចាប់យកមុខរបរធ្វើកញ្ច្រែងលក់ដូចគេ ដូចឯងក្នុងភូមិផងដែរ ដោយគាត់បានត្បាញកញ្ច្រែងធុនមធ្យម កញ្ច្រែងប្រភេទនេះ គឺគេសម្រាប់យកទៅហាលត្រី ចំហុយនំ ឬក៏ចំហុយ ត្រីសាច់ផ្សេងៗ ទៅតាមតម្រូវការ ដោយគាត់ត្បាញបាន ក្នុងមួយថ្ងៃចំនួន កន្លះឈុតស្មើនឹង១០ កញ្ច្រែង ហើយត្រូវជួលគេជាន់ក្តាប់ ក្នុងមួយឈុតតម្លៃ ១៥០០០រៀល លក់ចេញឱ្យម៉ូយ ក្នុងមួយឈុតតម្លៃ ៨០០០០រៀល ទូទាត់អស់ទៅ គឺគាត់បានចំណេញខ្លះដែរ សម្រាប់ផ្ដល់ឲ្យកូនរៀនសូត្រ ទិញម្ហូបអាហារ សម្លៀកបំពាក់ និងសម្ភារប្រើប្រាស់ផ្សេងៗ សម្រាប់ប្រើប្រាស់ក្នុងគ្រួសារ ពិសេសជាងនេះទៅទៀតនោះ គឺគាត់អាចដោះស្រាយបាន ចំពោះការចូលរួម ចងដៃញាតិមិត្ត ក្នុងស្រុកភូមិនៅក្នុងពិធីអាពាហ៍ពិពាហ៍ បុណ្យទាន ឬពិធីផ្សេងៗ បានយ៉ាងងាយស្រួលទៀតផង៕