(ភ្នំពេញ)៖ រាជរដ្ឋាភិបាល បានអនុញ្ញាតឱ្យសាងសង់រោងចក្រអគ្គិសនីដើរដោយធ្យូងថ្មចំនួនពីរទៀតនៅក្នុងខេត្តឧត្តរមានជ័យ និងខេត្តកោះកុង។ រោងចក្រទាំងពីរនេះ អាចផ្តល់ថាមពលអគ្គិសនីបានជិត ១ពាន់មេហ្គាវ៉ាត់ ជាមួយទុនវិនិយោគជាង ១ពាន់ ៦០០លានដុល្លារអាមេរិក។
ការសម្រេចនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ។ ក្រោយមានការអនុញ្ញាតពីរាជរដ្ឋាភិបាលហើយ គម្រោងបង្កើតរោងចក្រដើរដោយធ្យូងថ្មទាំងពីរនេះ នឹងត្រូវដាក់ជូនសភាពិនិត្យ និងសម្រេចផងដែរ។
លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងថា រោងចក្រអគ្គិសនីដើរដោយធ្យូងថ្មីនៅក្នុងខេត្តឧត្តរមានជ័យ នឹងត្រូវសាងសង់ឡើង នៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដោយប្រើប្រាស់សក្តានុពលរ៉ែធ្យូងថ្មដែលមាននៅក្នុងតំបន់នោះ ដែលបានគ្រោងដាក់ឲ្យដំណើរការនៅចុងឆ្នាំ២០២១ និងឆ្នាំ២០២២។
រោងចក្រនេះ វិនិយោគសាងសង់ដោយក្រុមហ៊ុន HAN SENG COAL MINES CO.,LTD ដោយផ្តល់ថាមពលអគ្គិសនីប្រមាណ ២៦៥មេហ្កាវ៉ាត់។ ការវិនិយោគនេះ ប្រើទុនប្រមាណជិត ៣០០លានដុល្លាររអាមេរិក។
ដោយឡែករោងចក្រដើរដោយធ្យូងថ្មនៅខេត្តកោះកុងវិញ នឹងត្រូវសាងសង់ឡើងនៅស្រុកបុទុមសាគរ។ រោងចក្រផលិតថាមពលអគ្គិសនីដើរដោយធ្យូងថ្មមួយនេះ វិនិយោគដោយក្រុមហ៊ុន ROYAL GROUP របស់អ្នកឧកញ៉ា គិត ម៉េង ជាមួយទុនវិនិយោគប្រមាណ ១,៣៤៤.២០លានដុល្លារអាមេរិក។ រោងចក្រមួយនេះ អាចផលិតថាមពលបាន ៧០០មេហ្គាវ៉ាត់។
ក្នុងកិច្ចប្រជុំនាព្រឹកមិញនេះ គណៈរដ្ឋមន្ត្រី ក៏បានអនុញ្ញាតឱ្យវិនិយោគលើគម្រោងអភិវឌ្ឍខ្សែបណ្តាញបញ្ជូន ២៣០គីឡូវ៉ុល ភ្ជាប់ពីរោងចក្រអគ្គិសនីធ្យូងថ្មក្នុងខេត្តឧត្តរមានជ័យ ទៅកាន់អនុស្ថានីយខាងកើតខេត្តសៀមរាបផងដែរ។ គម្រោងនេះអនុវត្តន៍ដោយក្រុមហ៊ុន HAN SENG COAL MINES CO.,LTD ជាទុនវិនិយោគជាង ៦១លានដុល្លារអាមេរិក។
លោក ផៃ ស៊ីផាន បានឱ្យដឹងថា គម្រោងវិនិយោគទាំង៣ដែលរាជរដ្ឋាភិបាលបានអនុម័តនេះ មានភាពចាំបាច់ក្នុងការបំពេញឱ្យបានគ្រប់គ្រាន់នូវប្រភពអគ្គិសនី ធានាសុវត្ថិភាព និងសន្តិសុខ នៃការផ្គត់ផ្គង់អគ្គិសនីក្នុងព្រះរាជាណាចក្រកម្ពុជា ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៤។ ធានាឱ្យមានស្ថិរភាពផ្គត់ផ្គង់នៅរដូវប្រាំង ដែលវារីអគ្គិសនីរបស់យើងមួយភាគធំពុំមានលទ្ធភាពផលិតបានច្រើន ការចរចាលើបច្ចេកទេសនិងហិរញ្ញវត្ថុមានលក្ខណៈសមរម្យ អាចចូលរួមបន្ថយថ្លៃអគ្គិសនីបន្ថែមទៀតជូនអ្នកប្រើប្រាស់អគ្គិសនីនៅកម្ពុជា ឆ្លើយតបនឹងគោលនយោបាយបន្ថយថ្លៃអគ្គិសនីរបស់រាជរដ្ឋាភិបាល រួចម្យ៉ាងទៀងកង្វល់លើបញ្ហាបរិស្ថានត្រូវបានដោះស្រាយដោយសមស្រប តាមគោលការណ៍ក្រសួងបរិស្ថាន។
យោងតាមក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា គិតត្រឹមឆ្នាំ២០១៩ កម្ពុជាមានទំនប់វារីអគ្គិសនីចំនួន៧ ផ្តល់ថាមពលសរុបចំនួន ១,៣២៨មេហ្កាវ៉ាត់, រោងចក្រអគ្គិសនីដើរដោយធ្យូងថ្មចំនួន២ ផ្តល់ថាមពលសរុបចំនួន ៦៤០មេហ្គាវ៉ាត់, រោងចក្រអគ្គិសនីដើរដោយចំហេះប្រេងខ្មៅ តល់ថាមពលសរុបចំនួន ២៧៤មេហ្កាវ៉ាត់, រោងចក្រអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យចំនួន២ តល់ថាមពល ៩០មេហ្កាវ៉ាត់ និងអគ្គិសនីដើរដោយជីវឧស្ម័ន តល់ថាមពល ៥៦មេហ្កាវ៉ាត់។
ប្រភពថាមពលទាំងនេះ ធ្វើឱ្យកម្ពុជាមានថាមពលអគ្គសនីក្នុងប្រទេសសរុប ២,៣៨៨មេហ្កាវ៉ាត់។ ដើម្បីបំពេញតម្រូវប្រើប្រាស់ថាមពលអគ្គិសនី ដែលកើនឡើងជារាល់ឆ្នាំនោះ កម្ពុជា បាននាំចូលថាមពលអគ្គិសនីពីប្រទេសជិតខាងរួមមានប្រទេសថៃ វៀតណាម និងឡាវ ប្រមាណ ៤៤២.៥មេហ្កាវ៉ាត់ផងដែរ៕