(ភ្នំពេញ)៖ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះបង្ក្រាបជាក់ស្តែងករណី ប្រព្រឹត្តិអំពើសញ្ចារកម្ម មានស្ថានទម្ងន់ទោស (នាំនារីក្មេងៗឲ្យរួមភេទជាមួយភ្ញៀវនៅតាមផ្ទះសំណាក់ និងសណ្ឋាគារ) ដោយឃាត់ខ្លួនមេខ្យល់ភេទទី៣ម្នាក់ និងនារីរងគ្រោះចំនួន ៦នាក់។
ប្រតិបត្តិការការចុះបង្ក្រាបនេះ គឺធ្វើឡើងនៅរសៀលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតនៅចំណុចផ្ទះសំណាក់ Sweet Boutique Motel ផ្លូវបេតុង កែងផ្លូវលេខ១០០៣ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រតិបត្តិការនេះ ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សម្របសម្រួលពីលោក សេង ហៀង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ ចាន់ កិត្តិខុម ស្នងការរងទទួលដឹកនាំការងារការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជាធានីភ្នំពេញ។
ប្រភពព័ត៌មានបានឲ្យដឹងថា បុរសម្នាក់ដែលអះអាងថាជាមេខ្យល់ ឈ្មោះ កេត រតនៈ ហៅអាហ្សា អាយុ២៩ឆ្នាំ ស្នាក់នៅផ្ទះលេខ២៣២ ផ្លូវលំ ភូមិសែនសុខទី៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ត្រូវឃាត់ខ្លួននៅចំណុចភោជនីយ៍ដ្ឋាន ម្លប់ស្បូវមានលាភ ផ្លូវលេខ១០០៣ កែងផ្លូវលេខ១៩៥៦ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ចំណែកឯនារីរងគ្រោះចំនួន៦នាក់ ដែលជាអនីតិជន០២នាក់ អាយុ១៦ម្នាក់ និងអាយុ១៥ម្នាក់ ត្រូវបានឃាត់ខ្លួននៅចំណុចផ្ទះសំណាក់ Sweet Boutique Motel។
យោងតាមនារីរងគ្រោះបានឲ្យដឹងថា ភោជនីយ៍ដ្ឋានម្លប់ស្បូវមានលាភ ចាប់ផ្ដើមបើកដំណើរការចាប់ពីម៉ោង១១ថ្ងៃត្រង់ រហូតដល់ម៉ោង៩យប់ ដោយមាននារីៗ ក្មេងជាច្រើនទៅបម្រើភ្ញៀវ នៅហាងខាងលើ ចំពោះភ្ញៀវដែលចូលមកហាងពេលត្រូវការនារីក្មេងៗ មកអង្គុយកំដរ និងយកទៅរួមភេទនៅខាងក្រៅ គឺមេការឈ្មោះ កេត រតនៈ ហៅអាហ្សា អាចធ្វើការទំនាក់ទំនងតាមរយៈទូរស័ព្ទ ដោយនាំមកឲ្យភ្ញៀវមើល និងយកទៅដេកជាមួយ។
បច្ចុប្បន្នសមត្ថកិច្ចបានឃាត់ជនសង្ស័យនៅការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅ តុលាការចាត់ការ តាមនីតិវិធី។ ចំណែកឯនារីរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ជូនមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញធ្វើការអប់រំ៕