(ភ្នំពេញ)៖ គណៈរដ្ឋមន្ត្រី បានសម្រេចអនុម័តទាំងស្រុងហើយលើសេចក្តីព្រាងច្បាប់ស្តីពីការបង្កើត «ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍» និងសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ «ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍»។
ការអនុម័តនេះបានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ។
លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងថា សេចក្តីព្រាងច្បាប់ស្តីពីការបង្កើត និងសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ «ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍» គឺត្រូវបានអនុម័តទាំងស្រុង។ ប៉ុន្តែសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួង ត្រូវបានដកមាត្រា៤ និងកែសម្រួលពាក្យពេចន៍នៅក្នុងមាត្រាមួយ។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឱ្យប្តូរឈ្មោះក្រសួង «ឧស្សាហកម្ម និងសិប្បកម្ម» ទៅជាក្រសួង «ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍»។ បើតាមលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាព្រឹកមិញនេះ គណៈរដ្ឋមន្ត្រីបានសម្រេចឱ្យរៀបចំជាច្បាប់ថ្មី ព្រមទាំងតែងតាំងរដ្ឋមន្ត្រីជាថ្មីម្តងទៀត ដើម្បីឆ្លងរដ្ឋសភា សម្រាប់ការប្តូរឈ្មោះក្រសួងនេះ។
ដោយឡែកសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និង ការប្រព្រឹត្តទៅរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ ដោយក្រសួងនានាមានរចនាសម្ព័ន្ធប្រហាក់ប្រហែលគ្នាមួយចំនួននោះ គណៈរដ្ឋមន្ត្រីត្រូវដឹកនាំប្រជុំសម្របសម្រួលឡើងវិញផងដែរ។
លោក ផៃ ស៊ីផាន បានគូសបញ្ជាក់ថា ការប្តូរឈ្មោះក្រសួង «ឧស្សាហកម្ម និងសិប្បកម្ម» ទៅជាក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា ស្របទៅតាមបរិបទនៃបច្ចេកវិទ្យា វិទ្យាសាស្រ្ត ក៏ដូចជារបបគំហើញដែលកំពុងវិវត្តន៍ទៅយ៉ាងឆាប់រហ័ស មានជាលក្ខណៈសកល និងដើម្បីធ្វើឲ្យផ្នែកស្រាវជ្រាវលើវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងរបបគំហើញផ្សេងៗ(នវានុវត្តន៍) របស់កម្ពុជាទទួលបានប្រសិទ្ធភាព និងពង្រីកសក្តានុពលទូលំទូលាយក្នុងយុគសម័យបច្ចុប្បន្ន និងទៅអនាគត ព្រមទាំងជម្រុញ និងទាក់ទាញវិស័យវិទ្យាសាស្ត្រឲ្យមានការរីកចម្រើន និងជម្រុញការផ្ទេរបច្ចេកវិទ្យា ស្របតាមបរិបទនៃបដិវត្តន៍ឧស្សាហកម្ម ជំនាន់ទី៤.០។
រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីរូបនេះ បានឱ្យដឹងដែរថា ដើម្បីតាក់តែងរៀបចំសេចក្តីព្រាងច្បាប់ និងអនុក្រឹត្យខាងលើ ដោយផ្អែកលើមូលដ្ឋានបទបញ្ញតិ្តនៃច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី លំនាំច្បាប់ស្តីពីការបង្កើតក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងលំនាំនៃអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្មក៏ដូចជាបទបញ្ញតិ្តពាក់ព័ន្ធដទៃទៀត ដែលមានជាធរមាន។
សេចក្តីព្រាងច្បាប់ស្តីពីការបង្កើតក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ត្រូវបានដាក់ឆ្លងពិគ្រោះយោបល់ ពិភាក្សា ពិនិត្យកែសម្រួលឡើងវិញ ក្នុងកិច្ចប្រជុំអន្តរក្រសួងដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ ដោយមានក្រសួងពាក់ព័ន្ធចំនួន១៥ រួមទាំងតំណាងក្រុមប្រឹក្សាអ្នកច្បាប់ផងបានចូលរួមផ្តល់ជាមតិយោបល់ និងបានលើកឡើងនូវចំនុចមួយចំនួនពាក់ព័ន្ធនឹងទម្រង់ ខ្លឹមសារ បទបញ្ញតិ្ត ដែលគួរត្រូវបានកែសម្រួល និងចែងក្នុងសេចក្តីព្រាងច្បាប់ និងសេចក្តីព្រាងអនុក្រឹត្យនេះ។
ជាពិសេសអង្គប្រជុំអន្តរក្រសួង និងតំណាងក្រុមប្រឹក្សាអ្នកច្បាប់ ក៏បានផ្តល់ធាតុចូល បញ្ជាក់បន្ថែមអំពីអត្ថន័យនៃពាក្យដែលបានប្រើប្រាស់ អំពីក្របខណ្ឌគតិយុត្ត ទិដ្ឋភាពបច្ចេកទេស ក៏ដូចជាសមត្ថកិច្ចទទួលខុសត្រូវ ធ្វើយ៉ាងណាឲ្យការរៀបចំឯកសារគតិយុត្តិទាំងពីរ មានលក្ខណគ្រប់ជ្រុងជ្រោយដែលអាចទទួលយកបាន (ដូចមានបញ្ជាក់នៅក្នុងកំណត់ហេតុប្រជុំ។ ចំពោះការលើកឡើងរបស់អង្គប្រជុំ អន្តរក្រសួង និងមតិចូលរួមកែលម្អរបស់តំណាងក្រុមប្រឹក្សាអ្នកច្បាប់។
សូមបញ្ជាក់ដែរថា ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដើមឡើយមានឈ្មោះថា ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល។ លុះនៅអាណត្តិទី៥ រាជរដ្ឋាភិបាលសម្រេចបង្កើតក្រសួងថ្មីមួយទៀតឈ្មោះថា ក្រសួង «រ៉ែ និងថាមពល» ដូច្នេះក្រសួង «ឧស្សាហកម្ម រ៉ែ និងថាមពល» ត្រូវបានប្តូរឈ្មោះទៅជាក្រសួង «ឧស្សាហកម្ម និងសិប្បកម្ម»វិញ៕