(ភ្នំពេញ)៖ ក្រុមហ៊ុនទឹកពិសាវីតាល់ បានរៀបចំដំណើរកម្សាន្តនៅបរទេស ជូនបុគ្គលិកប្រមាណ ជាង៣0០នាក់ ដើម្បីអបអរសាទរខួប១០ឆ្នាំ នៃការរីកចម្រើន ក្នុងការវិនិយោគលើវិស័យ ផលិតទឹកពិសា នៅក្នុងប្រទេសកម្ពុជា ក្រោមប្រធានបទ «១០ជំហាន កាន់តែខ្ពស់ កាន់តែធំ»។
«១០ជំហាន កាន់តែខ្ពស់កាន់តែធំ» ជាខ្លឹមសារមួយដែលក្រុមហ៊ុន ចង់បង្ហាញអំពីការឆ្ពោះទៅមុខរបស់ក្រុមហ៊ុន និងការតាំងចិត្ត ដើម្បីភាពអស្ចារ្យ ក្នុងដំណើរកម្សាន្តរួមគ្នា ជាគ្រួសារតែមួយ។ ការរៀបចំដំណើរកម្សាន្តនេះ ធ្វើឡើងក្នុងឱកាសខួប ១០ឆ្នាំនៃក្រុមហ៊ុន ដើម្បីថ្លែងអំណរគុណ និងតបស្នងទៅដល់បុគ្គលិកវីតាល់ ដែលបានខិតខំប្រឹងប្រែងចំណាយទាំងកម្លាំងកាយ និងកម្លាំងចិត្តធ្វើឱ្យក្រុមហ៊ុនក្នុងស្រុកមួយនេះ មានដំណើរការបានល្អឈានមុខគេ ក្នុងផ្នែកផលិតទឹកពិសា។
ក្រុមហ៊ុនទឹកពិសាវីតាល់ បានបញ្ជាក់ថា បើនិយាយពីដំណើរកម្សាន្តទៅបរទេសប្រហែលជារឿងធម្មតាសម្រាប់បងប្អូន ដែលមានលទ្ធភាពនា ពេលបច្ចុប្បន្ន។ ប៉ុន្តែសម្រាប់បងប្អូនកម្មករ ឬបុគ្គលិកមួយចំនួន យើងគិតថានេះ ជាក្តីស្រមៃមួយរបស់ពួកគាត់ យើងក្នុងនាមជាក្រុមហ៊ុន ក្នុងស្រុកមួយ ដែលពឹងផ្អែកលើកម្លាំង និងគំនិតរបស់គាត់មានទស្សនៈ ចូលរួមចង់បំពេញក្តីស្រមៃ របស់ពួកគាត់ឱ្យក្លាយជាការពិត។
ដំណើរកម្សាន្តនេះ មានរយៈពេល៤យប់៥ថ្ងៃ ក្នុងប្រទេសម៉ាឡេស៊ី និងសិង្ហបុរី ដែលក្រុមហ៊ុនទឹកពិសាវីតាល់ ទទួលរ៉ាប់រងរាល់ ការចំណាយទាំងអស់ របស់កម្មករ និងបុគ្គលិក រួមមានសំបុត្រយន្តហោះ ការស្នាក់នៅ ការធ្វើដំណើរក្នុងតំបន់ និងការបរិភោគ។ ដំណើរកម្សាន្តនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០។
ក្រុមហ៊ុនទឹកពិសាវីតាល់ ជាក្រុមហ៊ុនផលិតទឹកពិសា ក្នុងស្រុកដែលបានបង្កើតឡើង ក្នុងឆ្នាំ២០១០ ដោយអ្នកវិនិយោគទុនជនជាតិខ្មែរ ក្នុងគោលបំណងលើកស្ទួយសេដ្ឋកិច្ចជាតិ ផលិតផលក្នុងស្រុក ចូលរួមចំណែកក្នុងសកម្មភាពសង្គម និងទីផ្សារការងារក្នុងប្រទេស។ នាពេលបច្ចុប្បន្ន ទឹកពិសាវីតាល់ ទទួលបានប្រជាប្រិយភាព និងការគាំទ្រខ្លាំង ពីបងប្អូនប្រជាពលរដ្ឋខ្មែរ សឹងតែគ្រប់ដណ្តប់ទូទាំងប្រទេសកម្ពុជា៕