(សៀមរាប)៖ នាយឧត្តមសេនីយ៍ កែវ វណ្ណថន អគ្គនាយករងអន្តោប្រវេសន៍ បានស្នើឱ្យស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ទូទាំងប្រទេស យកចិត្តទុកដាក់គ្រប់គ្រងវត្តមានជនបរទេស នៅក្នុងមូលដ្ឋានរបស់ខ្លួន ឱ្យបានហ្មត់ចត់ តាមរយៈប្រព័ន្ធគ្រប់គ្រងវត្ត មានជនបរទេស ក្នុងព្រះរាជាណាចក្រកម្ពុជា ហៅកាត់ថា (FPCS) របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍។
ការស្នើបែបនេះរបស់នាយឧត្តមសេនីយ៍ កែវ វណ្ណថន បានធ្វើឡើងនៅព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងឱកាសដែលនាយឧត្តមសេនីយ៍ អញ្ជើញជាតំណាងនាយឧត្តមសេនីយ៍ គៀត ច័ន្ធថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្នុងពិធីរៀបចំកិច្ចប្រជុំពង្រឹងការងារគ្រប់គ្រង វត្តមានជនបរទេស និងផ្សព្វផ្សាយការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងវត្តមានជនបរទេស ក្នុងព្រះរាជាណាចក្រកម្ពុជា ហៅកាត់ FPCS នៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប។
នៅក្នុងកិច្ចប្រជុំខាងលើនេះដែរ នាយឧត្តមសេនីយ៍ កែវ វណ្ណថន បានជំរុញស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ជាពិសេសប៉ុស្តិ៍នគរបាលរដ្ឋបាល យកចិត្តទុកដាក់គ្រប់គ្រងវត្តមានជនបរទេស ក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានហ្មត់ចត់ ដើម្បីមានមូលដ្ឋានក្នុងការរៀបចំផែនការការពារសុខសុវត្ថិភាព របស់ជនបរទេស ក្នុងព្រះរាជាណាចក្រកម្ពុជា និងបម្រើដល់ការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជាដើម៕