(ភ្នំពេញ)៖ នៅឆ្នាំ២០១៩ មានសប្បុរសជនជាង៥ម៉ឺននាក់ បានបរិច្ចាគថវិកាមូលនិធិគន្ធបុប្ផាកម្ពុជា បានជិត៥០លានដុល្លារ ដើម្បីជួយទ្រទ្រង់ដំណើរការមន្ទីរពេទ្យគន្ធបុប្ផាទាំង៥ទីតាំង ក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាប។
សេចក្តីប្រកាសព័ត៌មានរបស់មូលនិធិគន្ធបុប្ផាកម្ពុជា ស្តីពីលទ្ធផលនៃកិច្ចប្រជុំក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា លើកទី២ ដែលដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាបរធនបាល នៃមូលនិធិគន្ធបុប្ផាកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៧ ខែកុម្ភៈនេះបានឲ្យដឹងថា «នៅក្នុងឆ្នាំ២០១៩ មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានវិភាគទានសរុបចំនួនប្រមាណ ៤៧,៦៥០,៤៤១ដុល្លារ ក្នុងនោះប្រាក់រៀលមានចំនួន ១៥០ ៧៤៤ ៩១៧ ២០៧ រៀល និងប្រាក់ដុល្លារមានចំនួន ៩,៩៣៦,៣១២ដុល្លារ។ សប្បុរសជនដែលបានបរិច្ចាគ ជូនមូលនិធិគន្ធបុប្ផាកម្ពុជា មានចំនួនសរុប ៥៤ ៣៨០ នាក់»។
សេចក្តីប្រកាសព័ត៌មានបានបន្តថា នៅឆ្នាំ២០១៩ មូលនិធិគន្ធបុប្ផាកម្ពុជា បានបង្វែរថវិកាជូនមន្ទីរពេទ្យគន្ធបុប្ផា ជាបន្តបន្ទាប់សរុបចំនួនប្រមាណ១១លានដុល្លារ ក្នុងនោះប្រាក់រៀលចំនួន៨ប៊ីលានរៀល និងប្រាក់ដុល្លារចំនួន ៨,៨៩២,៤០៤ដុល្លារ។
នៅឆ្នាំមុននេះ មូលនិធិគន្ធបុប្ផាកម្ពុជា បានធ្វើការអំពាវនាវឱ្យមានការបំផុសចលនានៅគ្រប់ស្ថាប័នរដ្ឋ និងឯកជន និងជាសាធារណៈ តាមមធ្យោបាយមួយចំនួនដូចជា ការផលិតវីដេអូ ដែលលបានចាក់បញ្ជាំងនៅតាមទីសាធារណៈ, កិច្ចសហការជាមួយបុគ្គលដែលមានកេរ្តិ៍ឈ្មោះនៅក្នុងបណ្តាញសង្គម, កិច្ចសហការជាមួយស្ថាប័នដែលជាដៃគូផ្សេងៗ, ការប្រគំតន្រ្តីស្នាមញញឹម, ការប្រកួតកីឡាបាល់ទាត់, ការរៀបចំស្តង់ក្នុងកម្មវិធីសង្ក្រានសមុទ្រ ព្រមទាំងការធ្វើបទបង្ហាញនៅតាមគ្រឹះស្ថានឧត្តមសិក្សានានា ជាដើម។
ជាមួយគ្នានេះ ក្រុមប្រឹក្សាបរធនបាល បានអនុម័តលើផែនការសកម្មភាពសម្រាប់ការអនុវត្តក្នុងឆ្នាំ២០២០ ដែលនឹងផ្តោតការយកចិត្តទុកដាក់លើចំណុចដូចខាងក្រោម៖
* ការបង្កើនចំនួនសមាជិក នៅតាមបណ្តាគ្រឹះស្ថានសាធារណៈ និងឯកជន និងការរៀបចំកម្មវិធីកៀរគរមូលនិធិសប្បុរសធម៌នានា ឱ្យមានលក្ខណៈទៀងទាត់ និងជាប្រចាំ
* ការបង្កើនការទំនាក់ទំនងសាធារណៈ និងការផ្សព្វផ្សាយអំពីមូលនិធិគន្ធបុប្ផាកម្ពុជា តាមរយៈបណ្តាញសង្គម និងតាមប្រព័ន្ធឌីជីថលនានា និង
* ការពង្រឹង និងបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងប្រព័ន្ធទិន្នន័យសមាជិករបស់មូលនិធិ ព្រមទាំងការគ្រប់គ្រងមូលនិធិប្រកបដោយប្រសិទ្ធភាព និងតម្លាភាព។
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងកិច្ចប្រជុំនោះ បានណែនាំឱ្យលេខាធិការដ្ឋាន ខិតខំបំពេញការងារបន្ថែមទៀត ក្នុងការផ្សព្វផ្សាយដល់សាធារណជន ឱ្យបានយល់ដឹងអំពីវត្តមាន និងសារសំខាន់នៃការបង្កើតមូលនិធិគន្ធបុប្ផាកម្ពុជានេះឡើង ដើម្បីកៀរគរធនធានក្នុងស្រុក ដោយឈរលើស្មារតី «ខ្មែរជួយខ្មែរ» សម្រាប់បម្រើដល់គោលដៅចម្បងតែមួយគត់គឺ «រក្សាឱ្យបាននូវចីរភាពនៃមន្ទីរពេទ្យគន្ធបុប្ផាទាំង៥ ទីតាំង ប្រកបដោយគុណភាព និងកិត្យានុភាពដែលជាមរតកដ៏ថ្លៃថ្លារបស់លោកវេជ្ជបណ្ឌិត Beat Richner»៕