(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ អញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សាលើឯកសារសំខាន់ៗចំនួន៣ ព្រមទាំងបញ្ហាដទៃទៀតរបស់រាជរដ្ឋាភិបាល។
លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងថា របៀបវារៈដែលលើកមកពិក្សាក្នុងកិច្ចប្រជុំនាព្រឹកនេះរួមមាន៖
១៖ សេចក្តីព្រាងច្បាប់ស្តីពីការបង្កើតក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។
២៖ សេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។
៣៖ គម្រោងអភិវឌ្ឍរោងចក្រអគ្គិសនីដុតធ្យូងថ្ម ២៦៥មេហ្គាវ៉ាត់ នៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ
គម្រោងអភិវឌ្ឍបណ្ដាញបញ្ជូន២៣០គីឡូវ៉ុល ពីរោងចក្រអគ្គិសនីធ្យូងថ្មខេត្តឧត្តរមានជ័យ មកអនុស្ថានីយសៀមរាប និងគម្រោងអភិវឌ្ឍរោងចក្រអគ្គិសនីដុតធ្យូងថ្ម៧០០មេហ្គាវ៉ាត់ នៅស្រុកបទុបសាគរ ខេត្តកោះកុង និងការអនុវត្តបន្តទៀត។
ក្រៅពីរបៀបវារៈទាំង៣ខាងលើ កិច្ចប្រជុំក៏នឹងពិភាក្សាទៅលើសំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិលើ៖
១៖ សន្ធិសញ្ញាស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម។
២៖ សន្ធិសញ្ញាស្តីពីការផ្ទេរទណ្ឌិត រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម។
៣៖ ពិធីសារទីមួយ ដើម្បីធ្វើវិសោធនកម្មលើកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន។
៤៖ ពិធីសារទីពីរ ស្តីពីវិសោធនកម្មកិច្ចព្រមព្រៀងវិនិយោគទូលំទូលាយអាស៊ាន។
៥៖ ពិធីសារទីបី ស្តីពីវិសោធនកម្មកិច្ចព្រមព្រៀងវិនិយោគទូលំទូលាយអាស៊ាន៕