(ភ្នំពេញ)៖ លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានគូសបញ្ជាក់ថា កសិកម្មរបស់ប្រទេសកម្ពុជា មានសារៈសំខាន់សម្រាប់សហរដ្ឋអាមេរិក ហើយសង្ឃឹមថា កម្ពុជានឹងមានកំណើន ក្នុងការនាំចេញទៅកាន់សហរដ្ឋអាមេរិក។
ការគូសបញ្ជាក់យ៉ាងដូច្នេះ របស់លោក W. Patrick Murphy បានធ្វើឡើងក្នុងសន្និសីទ ស្តីពី «ឱកាសធុរកិច្ច ក្នុងវិស័យកសិកម្មនៅកម្ពុជា» ដែលរៀបចំធ្វើឡើង នៅសណ្ឋាគារ Rosewood រាជធានីភ្នំពេញ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៦-៧ ខែកុម្ភៈ ឆ្នាំ២០១៩។
សន្និសីទនេះ ធ្វើឡើងក្នុងឱកាសដែល គណៈប្រតិភូតំណាងឲ្យក្រុមហ៊ុនអាមេរិកមួយក្រុម រួមមាន ក្រុមហ៊ុន Amazon ក្រុមហ៊ុន John Deer និងក្រុមហ៊ុន IBM ធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជា ដើម្បីសិក្សា និងស្វែងយល់ពីនិន្នាការចុងក្រោយបំផុត ក្នុងវិស័យកសិកម្ម ដែលរួមមាន បច្ចេកវិទ្យា សន្តិសុខជីវចម្រុះ និងសុវត្ថិភាពស្បៀងអាហារ។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន លោក W. Patrick Murphy បានបញ្ជាក់យ៉ាងដូច្នេះថា «យើងបានដឹងហើយថា កសិកម្មរបស់ប្រទេសកម្ពុជា មានសារៈសំខាន់សម្រាប់សហរដ្ឋអាមេរិក ហើយបញ្ហាសន្ដិសុខស្បៀង ជាចំណុចមួយមានសារៈសំខាន់ ហើយវាអាចជាកត្ដាជំរុញដល់សេដ្ឋកិច្ច នៃប្រទេសកម្ពុជា»។
លោកបន្ដថា «ខ្ញុំមើលឃើញថា ប្រទេសកម្ពុជា ត្រូវការសម្រាប់ផ្នែកកសិកម្ម និងសន្ដិសុខស្បៀង មានដូចជា សណ្ដែកសៀង គ្រាប់ធុនជាតិ សម្រាប់ប្រើប្រាស់ ក្នុងផលិតកម្មស្បៀងបន្ដទៀត នៅផ្នែកបច្ចេកទេសជាដើម ហើយខ្ញុំគិតថា សហេដ្ឋអាមេរិក ស្ថិតក្នុងជំហស្ថានភាព និងលទ្ធភាពសមត្ថភាព អាចជួយបានច្រើន នៅក្នុងផ្នែកនេះ»។
លោក W. Patrick Murphy បានគូសបញ្ជាក់ទៀតថា «ជាដំណឹងសម្រាប់ប្រទេសកម្ពុជា, ប្រទេសកម្ពុជា ផលិតនូវផលិតកសិកម្មមួយចំនួន ដែលទីផ្សារ និងប្រជាជនអាមេរិក ត្រូវការប្រើប្រាស់ និងបរិភោគ ដូចជាស្រូវ គ្រាប់ស្វាយចន្ទី និងផ្លែឈើមួយចំនួនទៀត ហើយខ្ញុំគិតថា ប្រជាជនអាមេរិក គេចាប់អារម្មណ៍ ហើយសង្ឃឹមថា នឹងមានកំណើន ក្នុងការនាំចេញ»។
ជាមួយគ្នានោះ ឯកអគ្គរដ្ឋទូតអាមេរិក បានឲ្យដឹងថា គណៈប្រតិភូ មកពីសហរដ្ឋអាមេរិក មកស្វែងរកឱកាសវិនិយោគ ទៅលើវិស័យកសិកម្ម នៅកម្ពុជា ដោយពួកគេ បានសំឡឹងឃើញថា កម្ពុជា ត្រូវការចំណេះដឹងបន្ថែម លើវិស័យកសិកម្ម បច្ចេកវិទ្យាលើការដាំដុះ និងគ្រប់គ្រងប្រកបដោយនិរន្តរភាព ជាពិសេស សន្តិសុខស្បៀងអាហារ ស្របទៅតាមស្តង់ដារនៃទីផ្សារសកលលោក។
លោក W. Patrick Murphy បានបន្ដទៀតថា វាជាមូលដ្ឋានគ្រឹះដ៏សំខាន់ សម្រាប់កសិករកម្ពុជា អាចបង្កើនទិន្នផលកសិកម្ម បង្កើនប្រាក់ចំណូល និងដើរទាន់បច្ចេកវិទ្យាកសិកម្ម នាពេលអនាគត ដែលជំរុញឲ្យពួកគាត់ អាចធ្វើការនាំចេញទៅក្រៅប្រទេសថែមទៀតផង។
ឯកអគ្គរដ្ឋទូតអាមេរិក បានលើកឡើងថា ក្រុមហ៊ុនធំៗទាំងអស់នេះ មានជំនាញលើផ្នែកកសិកម្ម និងបច្ចេកវិទ្យា ដែលអាចព្យាករណ៍ពីអាកាសធាតុ គ្រោះធម្មជាតិ អាចសិក្សាពីសណ្ឋានដីនៅកម្ពុជាថា គួរប្រើប្រាស់បែបណា ល្អ និងទទួលបានទិន្នផលខ្ពស់ អាចគ្រប់គ្រងទៅលើការដាំដុះ និងស្រោចស្រពឲ្យត្រូវតាមស្តង់ដារ ជាពិសេស គឺការពិនិត្យទៅលើស្តង់ដារសុវត្ថិភាពស្បៀងអាហារ ដើម្បីស្របតាមស្តង់ដារ ទីផ្សារសកលលោក។
សូមជម្រាបជូនថា គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០១៩ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងសហរដ្ឋអាមេរិក មានប្រមាណ ៥,៤ ប៊ីលានដុល្លារអាមេរិក កើនប្រមាណ ២៧,៤% បើប្រៀបនឹងឆ្នាំ២០១៨។ ក្នុងនោះ វិស័យកសិកម្ម ក៏រួមចំណែកមួយចំនួនដ៏សំខាន់ ក្នុងទំនាក់ទំនងពាណិជ្ជកម្ម នៃប្រទេសទាំងពីរ។
ផលិតផលសំខាន់ៗ ដែលកម្ពុជានាំចេញ ទៅអាមេរិកមាន សម្លៀកបំពាក់ សម្ភារសម្រាប់ការធ្វើដំណើរ (វ៉ាលី កាបូប) កង់ និងសម្ភារប្រើប្រាស់មួយចំនួនទៀត។ ចំណែកកម្ពុជា នាំចូលពីអាមេរិកវិញ មានដូចជារថយន្ត គ្រឿងយន្ត គ្រឿងអលង្ការ គ្រឿងសំអាង សម្ភារអគ្គិសនីអេឡិចត្រូនិក និងសម្ភារប្រើប្រាស់ មួយចំនួនទៀត៕