(ភ្នំពេញ)៖ លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០ បានទទួលជួបពិភាក្សាការងារ ជាមួយលោកស្រី ស្វាទី ម៉ាទ័រ (Swati Mathur) ប្រធានការិយាល័យប្រតិបត្តិ ស្ថាប័ន Common Purpose Asia Pacific (CPAP) នៅទីស្ដីការក្រសួងកិច្ចការនារី។
ស្ថាប័ន Common Purpose Asia Pacific នេះ ជាស្ថាប័នបណ្តុះបណ្តាល ភាពជាអ្នកដឹកនាំ ដល់អ្នកដឹកនាំ មកពីគ្រប់បណ្ដាប្រទេសទាំងអស់ នៅទូទាំងពិភពលោក។
ក្នុងជំនួបនេះ លោកស្រី ស្វាទី ម៉ាទ័រ បានណែនាំដល់ក្រសួងកិច្ចការនារី ពាក់ព័ន្ធទៅនឹងកម្មវិធីភាពជាអ្នកដឹកនាំ នូវគម្រោងចំនួនពីរ ដែលចង់បណ្តុះបណ្តាល ដល់ប្រជាជនកម្ពុជា ទី១៖ គម្រោងភាពជាអ្នកដឹកនាំពិភពលោក (Global Leader Program) និងទី២៖ គម្រោងភាពជាអ្នកដឹកនាំ សម្រាប់អាស៊ាន។
លោកស្រី អ៊ឹង កន្ថាផាវី បានស្វាគមន៍ចំពោះការណែនាំ និងទទួលយកគម្រោងនេះ។ លោកស្រី បានលើកឡើងថា ក្រសួងកិច្ចការនារី និងរដ្ឋាភិបាលកម្ពុជា បានចាត់ទុកការកសាងធនធាន មនុស្ស គឺជាវិស័យអតិភាព ដូចនេះ ការបណ្តុះបណ្តាលភាព ជាអ្នកដឹកនាំនេះ គឺជាតម្រូវការចាំបាច់ សម្រាប់ប្រទេសកម្ពុជា ដែលកំពុងមានការអភិវឌ្ឍ។
លោកស្រីរដ្ឋមន្ដ្រី បានទទួលយកនូវការណែនាំអំពីគម្រោង ហើយបានចាត់ឲ្យមន្ត្រីពាក់ព័ន្ធ ធ្វើការពិភាក្សាគ្នាបន្ថែមទៀត ដើម្បីឲ្យគម្រោងនេះ ដំណើរការបានល្អ និងទទួលបានលទ្ធផលផ្លែផ្កា។ កម្មវិធីភាព ជាអ្នកដឹកនាំនេះ នឹងផ្តល់នូវបទពិសោធន៍ ភាពជាអ្នកដឹកនាំ នៅលើពិភពលោក ពីសំណាក់បណ្ដាញអ្នកដឹកនាំផ្សេងៗ អំពីគំនិតក្នុងការដឹកនាំ ក៏ដូចជាការធ្វើការងារផ្សេងៗ។
សូមជម្រាបថា ស្ថាប័ន Common Purpose Asia Pacific ជាស្ថាប័នបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ បច្ចុប្បន្ន មានមូលដ្ឋានចំនួន១០ នៅទូទាំងពិភពលោក ក្នុងនោះ មាននៅអាល្លឺម៉ង់, ហុងកុង, ឥណ្ឌា, អៀរឡង់, ហុងគ្រី, សិង្ហបុរី, អាហ្វ្រិកខាងត្បូង, តួកគី, អង់គ្លេស និងសហរដ្ឋអាមេរិក៕