(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្មរបស់កម្ពុជា និងស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានរៀបចំវេទិកាមួយដែលមានឈ្មោះថា «កាលានុវត្តភាពធុរកិច្ចក្នុងវិស័យកសិកម្មនៅកម្ពុជាឆ្នាំ២០២០» ក្នុងទិសដៅជំរុញដល់ការវិនិយោគលើវិស័យកសិកម្មនៅកម្ពុជាពីសំណាក់អ្នកវិនិយោគរបស់អាមេរិក។
វិទិកាត្រូវបានធ្វើឡើងនៅសណ្ឋាគាររ៉ូសវូត ក្រោមអធិបតីភាព ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក ប៉ាទ្រិក មើហ្វី (W. Patrick Murphy) ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម ក្រសួង ស្ថាប័នពាក់ព័ន្ធ និងធុរជនជាតិ និងអន្តរជាតិ។ ជាពិសេសអ្នកវិនិយោគលើវិស័យកសិកម្មមកពីក្រុមហ៊ុនធំៗរបស់អាមេរិកជាច្រើនរូបទៀត។
ក្នុងវេទិកានេះលោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា វិស័យកសិកម្មជាវិស័យអាទិភាពមួយ ដែលមានកំណត់នៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា។ លោករដ្ឋមន្ត្រី បានបន្តថា ផលិតផលកសិកម្មមួយចំនួនដូចជាស្រូវ-អង្ករ ពោត សណ្ដែកសៀង ដំឡូងមី ស្វាយ ស្វាយចន្ទី កៅស៊ូ បន្លែ ត្រី សាច់ សុទ្ធសឹងជាផលិតផលមានសក្ដានុពល សម្រាប់ធុរជនជាតិ និងអន្តរជាតិ ពិចារណាក្នុងការធ្វើអាជីវកម្ម ឬវិនិយោគនៅកម្ពុជា។
លោករដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើការលើកកម្ពស់ខ្សែចង្វាក់តម្លៃ និងការកែច្នៃផលិតផលកសិកម្ម ជាការងារអាទិភាពមួយ ដើម្បីទ្រទ្រង់វិស័យកសិកម្មឱ្យមានការរីកចម្រើនមួយចំណែកទៀត។ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានលើកជាឧទាហរណ៍ថា ការកែច្នៃដំឡូងមីទៅជាម្សៅ គ្រាប់ថ្នាំ ថង់ អេតាណុល និងជាវត្ថុផ្សេងៗទៀត ដែលសកម្មភាពទាំងនោះ នឹងបង្កើតការងារ បង្កើនចំណូល និងធ្វើឱ្យជីវភាពប្រជាពលរដ្ឋមានការរីកចម្រើន។ នៅក្នុងន័យនេះ លោករដ្ឋមន្ត្រី បានអំពាវនាវឱ្យក្រុមហ៊ុនអាមេរិក ក៏ដូចជាក្រុមហ៊ុនក្នុងស្រុក ពិចារណាលើការវិនិយោគបន្ថែមលើការកែច្នៃផលិតផលកសិកម្ម ដោយបានលើកឡើងអំពីបរិយាកាសវិនិយោគល្អប្រសើររបស់កម្ពុជា។
លោកអគ្គរដ្ឋទូតអាមេរិក បានគូសបញ្ជាក់ថា ការរៀបចំវេទិកាធុរកិច្ចស្ដីពីវិស័យកសិកម្មនៅកម្ពុជានេះ ជាវេលាដ៏ល្អមួយ គាប់ជួនជាមួយខួបអនុស្សាវរីយទី៧០ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងសហរដ្ឋអាមេរិក។
ចំពោះវេទិកាធុរកិច្ចលើកនេះ មានក្រុមហ៊ុនធំៗរបស់អាមេរិកចំនួន ១៥ក្រុមហ៊ុន ក្នុងនោះមានក្រុមហ៊ុនដែលប្រកបកសិកម្មបែបប្រពៃណី និងក្រុមហ៊ុនមួយចំនួនទៀតជាក្រុមហ៊ុនដែលមានបច្ចេកវិទ្យាទំនើប អាចជួយដល់ការជំរុញវិស័យកសិកម្ម និងបង្កើនទិន្នផល។ លោកទូតសង្ឃឹមថា ក្រុមហ៊ុនទាំងនោះ នឹងសហការជាមួយក្រុមហ៊ុនកម្ពុជា ដើម្បីធ្វើទំនើបកម្មវិស័យកសិកម្មនៅកម្ពុជា តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា។
សង្កត់ធ្ងន់លើការប្រើប្រាស់បច្ចេកវិទ្យា លោកឯកអគ្គរដ្ឋទូត បានជម្រាបជូនបន្ថែមទៀតថា តាមរយៈការអភិវ្ឍរបស់ប្រទេសនីមួយៗ ចំណែកនៃវិស័យកសិកម្មនឹងមានការចុះថយជាលំដាប់ ហើយក្នុងពេលនោះហើយ ដែលបច្ចេកវិទ្យានឹងជួយបំពេញបន្ថែមក្នុងការបង្កើនផលិតភាព គាំទ្រស្ថិរភាពស្បៀង និងលើកកម្ពស់ខ្សែចង្វាក់តម្លៃកសិកម្មសម្រាប់ការនាំចេញ។
សូមជម្រាបជូនថា គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០១៩ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងសហរដ្ឋអាមេរិក មានប្រមាណ ៥,៤ ប៊ីលានដុល្លារអាមេរិក កើនប្រមាណ ២៧,៤% បើប្រៀបនឹងឆ្នាំ២០១៨។ ក្នុងនោះ វិស័យកសិកម្មក៏រួមចំណែកមួយចំនួនដ៏សំខាន់ក្នុងទំនាក់ទំនងពាណិជ្ជកម្មនៃប្រទេសទាំងពីរ៕