(ភ្នំពេញ)៖ សណ្ឋាគារ ហាយ៉ាត់ រីជិស៊ី ភ្នំពេញ លំដាប់ផ្កាយប្រាំ ដែលនឹងដាក់ឱ្យដំណើរការនៅត្រីមាសទី៣ បានចូលរួមចំណែកយ៉ាងសំខាន់មួយក្នុងការអភិរក្សសំណង់អគារបេតិកភណ្ឌសម័យអាណានិគមបារាំង។
សណ្ឋាគារ ហាយ៉ាត់ រីជិនស៊ី ភ្នំពេញ ដែលស្ថិតនៅចំកណ្តាលសង្កាត់ពាណិជ្ជកម្ម វប្បធម៌ និងប្រវត្តិសាស្ត្រនៃខណ្ឌដូនពេញ បានអភិរក្សវីឡាសម័យអាណានិគមបារាំង នៅចំកណ្តាលសណ្ឋាគារ ដែលវីឡានេះត្រូវបានកែលម្អឡើងវិញ ដើម្បីរក្សានូវភាពរឹងមាំរបស់សំណង់ ប៉ុន្តែរក្សាទម្រង់ និងរចនាបថដើមទាំងស្រុង។
ការអភិរក្សវីឡាសម័យអាណានិគមបារាំងនៅចំកណ្តាលសណ្ឋាគារនេះ មានគោលបំណងរក្សាប្រវត្តិនៃការវិវឌ្ឍរបស់សំណង់ស្ថាបត្យកម្មរបស់កម្ពុជា ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ លើកកម្ពស់តម្លៃស្ថាបត្យកម្មកម្ពុជា និងចូលរួមចំណែកអភិរក្សសំណង់នាសម័យអាណានិគមបារាំង។
មួយវិញទៀត ការអភិរក្សអគារសម័យអាណានិគមបារាំងរបស់សណ្ឋាគារ ហាយ៉ាត់ រីជិនស៊ី ភ្នំពេញ គឺជាផ្នែកមួយនៃរក្សាអត្តសញ្ញាណរបស់តំបន់នេះផងដែរ ដោយសារអគារសណ្ឋាគារបានផុសត្រដែតឡើងនៅក្នុងតំបន់ពាណិជ្ជកម្ម សារមន្ទីរជាតិ ព្រះបរមរាជវាំង សាកលវិទ្យាល័យភូមិន្ទវិចត្រសិល្បៈ វត្តអារាម និងទន្លេចតុមុខ ដែលមានប្រវត្តិសាស្ត្រ និងវប្បធម៌ដ៏សម្បូរបែប។
វីឡានេះត្រូវបានគេជឿថា សាងសង់ក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩០០ ដែលអាចជាកម្មសិទ្ធិខ្សែរាជ្យវង្ស ឬមន្ត្រីរាជការជាន់ខ្ពស់ ដែលបម្រើការងារក្នុងព្រះបរមរាជវាំង ពីព្រោះនៅសម័យនោះ មានតែខ្សែរាជ្យវង្ស ឬមន្ត្រីរាជការជាន់ខ្ពស់ទេ ដែលរស់នៅក្នុងតំបន់បរិវេណនោះ៕