(ភ្នំពេញ)៖ ក្រសួងព័ត៌មាន នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០ បានចេញសេចក្តីសម្រេចមួយ ដើម្បីបង្កើតគណៈកម្មការសម្របសម្រួល ដោះស្រាយវិវាទរបស់អ្នកសារព័ត៌មាន។

គណៈកម្មការនេះ ដឹកនាំដោយ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ដោយមានអនុប្រធានចំនួន៤នាក់ និងមានសមាសភាព២៣នាក់ ដែលក្នុងនោះមានទាំងប្រធានសមាគមសារព័ត៌មានមួយចំនួនផងដែរ។

តាមសេចក្តីសម្រេចរបស់ក្រសួងព័ត៌មាន គណៈកម្មការនេះ មានភារកិច្ចដូចតទៅ៖
* សម្របសម្រួលវិវាទរបស់អ្នកសារព័ត៌មានដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន ដែលរងការប្តឹងតវ៉ាពីភាគីពាក់ព័ន្ធនឹងការបំពេញវិជ្ជាជីវៈ
* ទទួលពាក្យបណ្តឹងរបស់អ្នកសារព័ត៌មាន ដែលមានវិវាទក្នុងពេលបំពេញវិជ្ជាជីវៈ
* ពិនិត្យ និងសិក្សាអំពីអង្គហេតុ និងអង្គច្បាប់លើបណ្តឹងនីមួយៗជូនថ្នាក់ដឹកនាំសម្រេច
* ពិគ្រោះយោបល់ ដើម្បីពិភាក្សាអំពីព្យសនកម្ម ដែលអាចកើតមានជាយថាហេតុ មុននឹងផ្សាយអត្ថបទព័ត៌មានទាក់ទងនឹងបញ្ហារសើប
* សម្របសម្រួលក្នុងការបញ្ជូនពាក្យបណ្តឹងរបស់អ្នកសារព័ត៌មានវិជ្ជាជីវៈ ទៅក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ ហ៊ុន សែន
* តាមដានការអនុវត្តនីតិវិធីបណ្តឹងនីមួយៗតាំងពីដើមរហូតដល់បញ្ចប់
* ធ្វើរបាយការណ៍ទៀងទាត់ជូនថ្នាក់ដឹកនាំផងដែរ។

សូមបញ្ជាក់ថា អ្នកសារព័ត៌មានទាំងឡាយណា ដែលសរសេរព័ត៌មានដោយគោរពតាមក្រមសីលធម៌វិជ្ជាជីវៈ ប៉ុន្តែពេលផ្សព្វផ្សាយចេញទៅត្រូវគេប្តឹងទៅវិញនោះ នឹងត្រូវទទួលបានសិទ្ធិការពារក្តី ពីក្រុមមេធាវីស្ម័គ្រចិត្តរបស់សម្តេចតេជោ ហ៊ុន សែន។

លោក គី តិច ដែលជាប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ ត្រូវមានតួនាទីទទួលខុសត្រូវ បញ្ហាការពារក្តីដល់អ្នកសារព័ត៌មាន ដែលធ្វើការគោរពតាមក្រមសីលធម៌វិជ្ជាជីវៈទាំងនោះ។ នេះបើយោងតាមការប្រកាសរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ ក្នុងឱកាសសម្តេចអញ្ជើញសំណេះសំណាល និងពិសាអាហារសាមគ្តី ជាមួយអ្នកសារព័ត៌មានជិត ៦ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

ការសម្រេចរបស់ប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងបន្ទាប់ពីមានការស្នើសុំពីលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន៕

ខាងក្រោមនេះជាសេចក្តីសម្រេចរបស់ក្រសួងព័ត៌មាន៖