(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន នៅរសៀលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានទទួលជួបលោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ដឹកនាំប្រតិភូអញ្ជើញមកពីក្រុមហ៊ុននាំមុខធំៗ ផ្នែកវិស័យកសិកម្មនៅសហរដ្ឋអាមេរិក ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ។
ឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណលោករដ្ឋមន្រ្តី ដែលបានអនុញ្ញាតឱ្យគណ:ប្រតិភូដែលអញ្ជើញមកពីក្រុមហ៊ុននាំមុខធំៗ ផ្នែកវិស័យកសិកម្មនៅសហរដ្ឋអាមេរិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារសំខាន់ៗ ទាក់ទងវិស័យកសិកម្ម។ ជំនួបនាពេលនេះ មានគោលបំណងទី១៖ ចូលរួមក្នុងព្រឹត្តិការណ៍ប្រចាំឆ្នាំលើកទី២ ស្តីពី «ឱកាសនែការធ្វើកសិ-ពាណិជ្ជកម្មកម្ពុជា ២០២០ (Business Opportunities in Cambodia's Agriculture Sector 2020)» ដែលព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងរៀងរាល់ឆ្នាំ ដោយស្ថានទូតសហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី០៦-០៧ ខែកុម្ភ: នៅ Ross Wood Hotel, ទី២៖ ធ្វើការសិក្សាស្វែងយល់ឱ្យបានស៊ីជម្រៅបន្ថែម អំពីគោលនយោបាល និងលក្ខខណ្ឌវិនិយោគរបស់រាជរដ្ឋាភិបាល ក៏ដូចជារបស់ក្រសួង និងទី៣៖ ពិនិត្យលើសក្តានុពលវិស័យកសិកម្ម ដើម្បីពិនិត្យលទ្ធភាពវិនិយោគ។
លោករដ្ឋមន្ត្រី វេង សាខុន បានសម្តែងអំណរអរគុណ យ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាលអាមេរិក តាមរយ:អង្គការ USAID ដែលបានជួយឧបត្ថម្ភថវិកា សម្រាប់អនុវត្តគម្រោងទាក់ទង ការអភិវឌ្ឍន៍វិស័យកសិកម្ម ហើយដែលសមិទ្ធផល នៃការអនុវត្តគម្រោង បាននិងកំពុងផ្តល់ប្រយោជន៍ទាំងផ្នែកសេដ្ឋកិច្ចគ្រួសារ កំណើនប្រាក់ចំណូល កំណើនទិន្នផល តម្លៃបន្ថែម និងស្ថិរភាពទីផ្សារ។
លោករដ្ឋមន្ត្រីបន្តថា ក្រៅពីគម្រោង អង្គការ USAID តាមរយ:ស្ថានទូតបានខិតខំរៀបចំព្រឹត្តិការណ៍ស្តីពី «ឱកាសនែការធ្វើកសិ-ពាណិជ្ជកម្មកម្ពុជា ២០២០» រៀងរាល់ឆ្នាំ ដែលព្រឹត្តិការណ៍នេះ បានផ្តល់ឱកាសឱ្យក្រុមហ៊ុននាំមុខធំៗ ផ្នែកវិស័យកសិកម្មសហរដ្ឋអាមេរិក បានស្វែងយល់ស៊ីជម្រៅអំពីគោលនយោបាយ និងលក្ខខណ្ឌអំណោយផលសំខាន់ៗ របស់រាជរដ្ឋាភិបាល ក៏ជារបស់ក្រសួង។ ម៉្យាងវិញទៀត វាក៏ជាឱកាសសម្រាប់ក្រុមហ៊ុន ឬអាជីវករក្នុងស្រុក ធ្វើការពង្រីកទំនាក់ទំនង ចែក រំលែកព័ត៌មានស្តីពីវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងការវិនិយោគនាពេលអនាគត។ល។
ឆ្លៀតយកឱកាសនេះ លោលរដ្ឋមន្ត្រី វេង សាខុន បានជម្រាបជូនភ្ញៀវដោយសង្ខេប អំពីវឌ្ឍនភាពវិស័យកសិកម្ម ការចូលរួមរក្សាកំណើនសេដ្ឋកិច្ច គោលនយោបាយ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ វិស័យកសិកម្ម២០១៩-២០២៣ រួមទាំងគោលនយោបាយយុទ្ធសាស្រ្តចតុកោណដំណាក់ទី៤ របស់រាជរដ្ឋាភិបាល។ល។ សម្រាប់ជំនួបពិភាក្សាដ៏មានសារសំខាន់នាពេលនេះ លោករដ្ឋមន្ត្រីបានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានរបស់ឯកអគ្គរដ្ឋទូត និងគណ:ប្រតិភូ និងជាពិសេសបានសម្តែងនូវឆន្ទ:គាំទ្រ និងសហការពេញទំហឹងជាមួយក្រុមហ៊ុន ដែលបាននិងកំពុងធ្វើការវិនិយោគ និងកំពុងមានគម្រោងវិនិយោគ លើវិស័យកសិកម្មនាពេលអនាគត។
កិច្ចពិភាក្សាបានដំណើរការទៅដោយរលូន ដោយតំណាងក្រុមហ៊ុននីមួយៗ បានចោទជាសំណួរជាច្រើនទាក់ទងនឹងអនុវិស័យកសិកម្ម (ដំឡូងបារាំង) ផលិតកម្មសត្វ (គោទឹកដោះ) ចំណីសត្វ ការអនុវត្តបច្ចេកវិទ្យាទំនើបទាន់សម័យ មូលដ្ឋានគ្រឹះនៃការជួយកសិករ ដើម្បីបង្កើនផលិតភាព ផលិតកម្ម បច្ចេកវិទ្យា និងទីផ្សារ គុណភាព និងសុវត្ថីភាពកសិផល។ល។ សំណួរមួយចំនួនធំ ត្រូវបានឆ្លើយដោយលោករដ្ឋមន្រ្តី និងមួយចំនួនទៀត លោកបានឱ្យក្រុមហ៊ុនទាក់ទងដោយផ្ទាល់ ទៅប្រធានស្ថាប័នជំនាញនីមួយៗ ដើម្បីទទួលបានឆ្លើយលម្អិត រួមទាំងទិន្នន័យមួយចំនួនទៀត ក្នុងពេលសមស្របណាមួយ។
លោកឯកអគ្គរដ្ឋទូត ក្នុងនាមឱ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក និងក្នុងនាមគណ:ប្រតិភូ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះលោករដ្ឋមន្រ្តី វេង សាខុន និងសហការី ដែលបានចំណាយពេល ដើម្បីជួបពិភាក្សាលើប្រធានបទសំខាន់ៗ ហើយចម្លើយដែលទទួលបានពិតជាជួយដោះស្រាយបញ្ហាចំបងៗមួយចំនួន ដែលក្រុមហ៊ុនបានជួបប្រទះ និងបានបង្ហាញ ពីឆន្ទ:ជួយគាំទ្រ និងសហការធ្វើយ៉ាងណាឱ្យធុរកិច្ចកសិកម្ម របស់ក្រុមហ៊ុនអាមេរិកនៅកម្ពុជា ដំណើរការប្រកបដោយនិរន្តរភាព និងទទួលបានជោគជ័យ៕