(ភ្នំពេញ)៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ត្រូវជនមិនស្គាល់អត្តសញ្ញាណម្នាក់គម្រាមសម្លាប់បណ្តាញសង្គម Facebook បន្ទាប់ពីលោកបានទទូចស្នើឱ្យ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ពន្លឿនចំណាត់ការ តាមចាប់ឃាតកម្នាក់ ជាមន្រ្តីយោធាដែលបានសម្លាប់គូដណ្តឹងជានិស្សិតពេទ្យ។
ពាក់ព័ន្ធនឹងការគំរាមសម្លាប់នេះ លោក ពេជ្រ ស្រស់ បានដាក់ពាក្យបណ្តឹងចំនួន២ ទៅកាន់អគ្គស្នងការដ្ឋាននគរបាលជាតិ ដោយឱ្យជួយតាមរកជនដែលគំរាមសម្លាប់លោក និងជួយតាមរកជនដៃដល់ ដែលបានសម្លាប់គូដណ្តឹងជានិស្សិតពេទ្យ ហើយរត់បានឈឹងកាលពីពេលថ្មីៗនេះ។
លោក ពេជ្រ ស្រស់ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា «ក្រោយមានការគំរាមសម្លាប់លើរូបខ្ញុំ ដែលខ្ញុំបានស្នើឲ្យឯ.ឧ នេត សាវឿនឲ្យពន្លឿនតាមចាប់ឃាតកសម្លាប់គូរដណ្តឹងខ្លួនឯងនោះ គឺខ្ញុំសម្រេចដាក់ពាក្យបណ្តឹង២ករណី ដូចខាងក្រោម៖ ករណីទី១៖ ប្តឹងឲ្យឯ.ឧ នេត សាវឿន ពន្លឿនតាមចាប់ឃាតកដែលសម្លាប់គូរដណ្តឹងខ្លួនឯងនោះមកដាក់ទោសឲ្យខាងតែបាន តាមផ្លូវច្បាប់នៃកម្ពុជា, ករណីទី២៖ ប្តឹងឲ្យ ឯ.ឧ នេត សាវឿន ស្រាវជ្រាវស្វែងរកជនគំរាមសម្លាប់ខ្ញុំ ដើម្បីធានាសុវត្ថិភាពផ្ទាល់ខ្លួន នៃ ខ្ញុំពីព្រោះថាអ្នកគំរាមគឺមិននៅឆ្ងាយពីឃាតកនោះឡើយ»។
ការគំរាមសម្លាប់នេះ បានធ្វើឡើងបន្ទាប់ពី លោកពេជ្រ ស្រស់ បានបង្ហោះខ្លឹមសារមួយតាម Facebook ស្នើដល់ នាយឧត្តមសេនីយ៍ នេត សាវឿន ឱ្យពន្លឿនការចាប់ខ្លួនឃាតកដែលសម្លាប់គូដណ្តឹងជានិស្សិតពេទ្យ មកដាក់ទោសតាមច្បាប់ឲ្យឆាប់រហ័សផង ដើម្បីផ្តល់ភាពកក់ក្តៅ ដល់ប្រជាពលរដ្ឋខ្មែរ និងធានាឲ្យបានការអនុវត្តច្បាប់តម្លាភាព និងយុត្តិធម៌ ព្រមទាំងផ្តល់ភាពយុត្តិធម៌ដល់ជនរងគ្រោះ និងគ្រួសារជនរងគ្រោះផងដែរ។
ក្រោយការបង្ហោះនេះ មាន Facebook មួយឈ្មោះ វណ្ណារ៉េត ផាន់ បានផ្ញើសារទៅគំរាមលោក ពេជ្រ ស្រស់ ដោយជេរប្រមាថពាក្យអសុរស និងគំរាមសម្លាប់ផងដែរ។
ករណីឃាតកម្មបាញ់សម្លាប់និស្សិតពេទ្យ និងជាអ្នកលក់ឡេតាមអនឡាញម្នាក់ បានកើតឡើងនៅយប់ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ នៅចំណុចផ្ទះល្វែងមួយក្នុងបុរីរំចេកអូឌឹម តាមបណ្ដោយផ្លូវលំ BT សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ នារីជនរងគ្រោះមានឈ្មោះ ជុន ឌីណា អាយុ២៦ឆ្នាំ ជានិស្សិតពេទ្យផ្នែកឡាបូ និងជាអ្នកលក់ផលិតផលថែរក្សាសម្រស់តាមអនឡាញ ស្នាក់នៅផ្ទះកើតហេតុខាងលើ។ ចំណែកជនដៃដល់ ត្រូវបានសមត្ថកិច្ចអះអាងថា មានឈ្មោះ យឺន វ៉ាន់ដេត គឺជាមន្ដ្រីយោធាពាក់ស័ក្ដិ៤ ហើយដើមចមដែលនាំឲ្យមានការបាញ់ប្រហារនេះ គេដាក់ការសង្ស័យជំនាញដំបូងថា ផ្ដើមចេញពីរឿងប្រចណ្ឌ។
តាំងពីកើតហេតុរហូតមកដល់ពេលនេះ សមត្ថកិច្ចមិនទាន់ស្វែងរកចាប់ខ្លួនជនដៃដល់បាន ដើម្បីមកផ្តន្ទាទោសទៅតាមច្បាប់នៅឡើយទេ៕