(ភ្នំពេញ)៖ របាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានឲ្យដឹងថា នៅខែមករា ឆ្នាំ២០២០ កម្ពុជាបាននាំចេញអង្ករចំនួន៥០,៤៥០តោន ថយចុះ១៥.៣៩ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០១៩។
សហព័ន្ធស្រូវអង្ករកម្ពុជាបានឲ្យដឹងថា ទឹកប្រាក់ដែលទទួល បានពីការនាំចេញអង្ករនៅខែមករា មានប្រមាណ៣៩លានដុល្លារអាមេរិក។
សហព័ន្ធស្រូវអង្ករ បានគត់សម្គាល់ឃើញថា ចំពោះស្ថានភាពជារួម សហគមន៍អឺរ៉ុបនៅតែបន្តឈានមុខគេ សម្រាប់ទីផ្សារអង្ករកម្ពុជា ដែលកាន់កាប់ចំណែកទីផ្សារ រហូតដល់៣៧ភាគរយ ស្របពេលដែលប្រទេសចិន៣០ភាគរយ អាស៊ាន១១ភាគរយ និងបណ្តាប្រទេសផ្សេងៗទៀត២២ភាគរយ។
សហព័ន្ធស្រូវអង្ករបានឲ្យដឹងទៀតថា ការនាំចេញអង្ករនេះ មានការថយចុះទៅសហគមន៍អឺរ៉ុប មានចំនួន២២% ស្មើនឹងបរិមាណចំនួន ៥២៦៩តោន បើធៀបទៅនឹងរយៈពេលដូចគ្នា នៅខែមករា ឆ្នាំ២០១៩។ តាមការសង្កេតជារួម មូលហេតុនៃការថយចុះនេះបណ្តាលមកពីការយកពន្ធអង្ករកម្ពុជានាំចូលនៅសហគមន៍អឺរ៉ុប នៅឆ្នាំដំបូង ក្នុងអង្ករមួយតោនចំនួន១៧៥អឺរ៉ូ ដោយគិតចាប់ពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ មក។ ទោះបីជាការយកពន្ធលើការនាំចូលពីអង្ករកម្ពុជាក៏ដោយ ក៏ទីផ្សារអង្ករកម្ពុជាមានស្ថានភាពប្រែប្រួល ដោយប្តូរពីការនាំចូលអង្ករសគ្រាប់វែង អង្ករចំហុយ និងអង្ករក្រអូប ទៅជាអង្ករក្រអូបវិញ ស្ទើរទាំងស្រុងទៅកាន់សហគមន៍អឺរ៉ុប ដែលអាចប៉ាន់ប្រមាណថា បរិមាណទឹកប្រាក់ដែលបានពីការនាំចេញ ទៅសហគមន៍អឺរ៉ុបនេះ មានបរិមាណប្រហាក់ប្រហែលនឹងឆ្នាំ២០១៩។
ចំពោះការនាំអង្ករចេញទៅកាន់ប្រទេសចិន ក្នុងខែមករា ឆ្នាំ២០២០នេះ ក៏បានថយចុះផងដែរប្រមាណជា ២០% ឬ៣ ៦៦៤តោន។ បើសង្កេតជារួមលើមូលហេតុ នៃការថយចុះនេះ គឺបណ្តាលមកពីការប្រារព្ធពិធីចូលឆ្នាំថ្មីឆ្នាំចិននៅប្រទេសចិន ធ្វើឡើងនៅក្នុងមករា ឆ្នាំ២០២០ ដែលលឿនជាងការចូលឆ្នាំចិននៅឆ្នាំ២០១៩ នាដើមខែកុម្ភៈ។ ហេតុនេះហើយបានជាការធ្វើការបញ្ជាទិញ និងដំណើរការដឹកជញ្ជូនត្រូវឈប់សម្រាកក្នុងរយៈពេលជាមធ្យម ប្រមាណជា២សប្តាហ៍។
ចំណែកឯទីផ្សារអាស៊ានវិញឃើញថា មានការប្រែប្រួលខ្លះអាស្រ័យលើប្រទេសជិតខាង ដូចជាប្រទេសថៃ និងវៀតណាម។ ទន្ទឹមនឹងនោះ ទីផ្សារចម្បងរបស់កម្ពុជា គឺប្រទេសម៉ាឡេស៊ី និងព្រុយណេ ដែលមិនមានការប្រែប្រួលខ្លាំងនោះទេគឺ នៅរក្សាបានស្ថានភាពល្អ មានលំនឹងនៅឡើយ។
រីឯទីផ្សារផ្សេងៗទៀត បានកើនឡើងប្រមាណ៤០% ក្នុងនោះប្រទេសកាប៉ុង នៅតែបន្តនាំមុខដដែល ស្របពេលជាមួយគ្នានោះ ប្រទសអូស្ត្រាលី បានបង្កើនល្បឿននាំចូលអង្ករច្រើនពីកម្ពុជាគួរឱ្យកត់សម្គាល់ផងដែរ៕