(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ នាថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ការអប់រំណែនាំ និងអនុវត្តវិធានការទប់ស្តាត់ការរីករាលដាលនៃជំងឺរលាកសួត ដែលបង្កដោយវីរុសកូរ៉ូណាថ្មី (2019-nCoV) ដល់ប្រតិបត្តិករទេសចរណ៍» នៅវិទ្យាស្ថានជាតិអប់រំ (NIE) ក្រោមអធិបតីភាពលោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍។
វគ្គបណ្ដុះបណ្ដាលនេះទទួលបានកិច្ចសហការជាមួយក្រសួងសុខាភិបាល ដែលត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្តល់ចំណេះដឹងអំពីវិធានការទប់ស្កាត់ ពីវិធានការការពារខ្លួនប្រាណពីការឆ្លងជំងឺ និងព័ត៌មានថ្មីៗនៃការរីករាលដាលនៃជំងឺរលាកសួតថ្មីនេះ។
លោក ជួន ជ័យសត្យា អគ្គលេខាធិការរង គ.ជ.វ.ទ និងជាប្រធាននាយកដ្ឋានជម្រុញទេសចរណ៍ក្នុងស្រុក និងអប់រំការយល់ដឹងជាសាធារណៈ បានអានសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងទេសចរណ៍លេខ ០០១ ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ ដែលមានខ្លឹមសារអំពាវនាវដល់សាធារណជន ជាពិសេសប្រតិបត្តិករទេសចរណ៍ត្រូវជ្រាបថា មេត្តាអនុវត្តយ៉ាងមុតមាំតាមការណែនាំរបស់ក្រសួងសុខាភិបាល ដែលបានដាក់ចេញនូវសេចក្តីអប់រំណែនាំ និងបានចាត់វិធានការយ៉ាងច្រើន ដើម្បីទប់ស្តាត់ចំពោះការរីករាលដាលជំងឺដ៏កាចសាហាវនេះ។
បច្ចុប្បន្នប្រទេសកម្ពុជាស្ថិតនៅក្នុងស្ថានភាពក្រោមការគ្រប់គ្រងរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាលបានសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ បានខិតខំបំពេញការងារបានយ៉ាងល្អ ប្រកបដោយការទទួលខុសត្រូវខ្ពស់។
ក្រសួងទេសចរណ៍បានជំរុញចលនាទេសចរក្នុងស្រុក និងទេសចរផ្ទៃក្នុងឱ្យកាន់តែខ្លាំងថែមទៀត ក្នុងន័យកាត់បន្ថយផលប៉ះពាល់ដល់ផ្នែកអាជីវកម្ម និងឧស្សាហកម្មទេសចរណ៍ ជំរុញសកម្មភាពសេដ្ឋកិច្ចផ្ទៃក្នុងរក្សាស្ថិរភាពមុខរបរការងាររបស់ប្រជាជន នៅក្នុងដំណាក់កាលលំបាកនេះ។
លោកស្រីវេជ្ជបណ្ឌិត តេង ស្រី ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល បានអប់រំណែនាំពីវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺរលាកសួតដោយវីរុសកូរ៉ូណាថ្មី (2019-nCoV) ដែលមានការលើកឡើងប្រភពជំងឹ អាការៈជំងឺ វិធានការទប់ស្កាត់ ការរក្សាអនាម័យខ្លួនប្រាណ (ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត) អនាម័យដៃ (ជាមួយសាប៊ូ និងទឹកស្អាត)។
លោកស្រីវេជ្ជបណ្ឌិតបានបញ្ជាក់ពីបញ្ហានៃជំងឺរលាកសួកប្រភេទថ្មីៗនៅមិនទាន់មានវ៉ាក់សាំង ឬថ្នាំមកព្យាបាលបានជាសាកស្បើយនៅឡើយ មានតែវិធានការការពារប្រសិនបើមាន អាការៈក្អក ឬកណ្តាស់ ក្តៅខ្លួនខ្លាំង ហៀរសំបោរ ពិបាកដកដង្ហើម ថបដង្ហើមខ្លាំង សូមទំនាក់ទំនងទូរស័ព្ទ ១១៥។
លោក ប៉ាក់ សុខុម បានធ្វើការអំពាវនាវដល់បុគ្គលិក និងម្ចាស់មូលដ្ឋានអាជីវកម្មដូចជាសណ្ឋាគារ ភោជនីយដ្ឋាន មគ្គទ្ទេសក៍ទេសចរណ៍ ត្រូវមានការយោគយល់គ្នាទៅវិញទៅមក និងរួមគ្នាជម្នះការលំបាកនេះ ដើម្បីបង្ការទប់ស្កាត់ និងចាត់វិធានការដោះស្រាយ និងខិតខំជំរុញចលនាទេសចរណ៍ផ្ទៃក្នុងឲ្យកាន់តែផុលផុស ដើម្បីលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាជនមូលដ្ឋាន តាមរយៈវិស័យទេសចរណ៍ ក្នុងដំណាក់កាលនេះ។
លោកបានផ្សព្វផ្សាយថា ក្រសួងទេសចរណ៍បានសហការជាមួយស្ថានទូតសិង្ហបុរី រៀបចំព្រឹត្តិការណ៍ Art Street and Food Festival លើកទី១ ចាប់ពីថ្ងៃទី១៥ ដល់ទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ ដែលផ្សព្វផ្សាយដោយាមានការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសទាំងពីរ តាមរយៈគំនូរ អាហារ តន្ត្រី និងវប្បធម៌ប្រវត្តិសាស្ត្រជាដើម សូមសាធារណជន ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសមាគមទេសចរណ៍ទាំងអស់មេត្តាសហការគាំទ្រ និងចូលរួមអោយបានកុះករ៕