(បាត់ដំបង)៖ ក្នុងពិធីបើកកិច្ចប្រជុំស្តាប់របាយការណ៍ប្រចាំខែមករា ដើម្បីធ្វើការដោះស្រាយបញ្ហានានា និងលើកទិសដៅបន្ត ឆ្នាំ២០២០ នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអនុញ្ញាត ឱ្យប្រធានអង្គភាពនីមួយៗ ឡើងរាយការណ៍ពីបញ្ហាដែលកើតមានឡើង តាមជំនាញរបស់ខ្លួន ដើម្បីរកវិធីដោះស្រាយភ្លាមៗ ក្នុងន័យតម្រង់រកវិធីសាស្ត្រឈ្នះ-ឈ្នះ លើប្រសិទ្ធការងាររៀងៗខ្លួន។
នៅក្នុងពិធីនេះដែរ ក៏បានការចូលរួមពីថ្នាក់ គណៈអភិបាលខេត្ត ព្រះរាជអាជ្ញា ប្រធានសាលាដំបូងខេត្ត មេបញ្ជាការថ្នាក់យោធភូមិភាគទី៥ ថ្នាក់តំបន់ ប្រតិបត្តិការសឹករងបាត់ដំបង កងរាជអាវុធហត្ថខេត្ត លោកស្នងការនគរបាលខេត្ត អភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាពរដ្ឋនានា ជុំវិញខេត្ត និងមន្រ្តីពាក់ព័ន្ធជាច្រើននាក់ចូលរួមផងដែរ។
នៅក្នុងកិច្ចប្រជុំនោះដែរ លោក ងួន រតនៈ បានសង្កត់ធ្ងន់ អំពីបញ្ហាគ្រឿងញៀន បទល្មើសផ្សេងៗ ពិសេសការពង្រឹងច្បាប់ និងអនុវត្តច្បាប់ចរាចរណ៍ លើអ្នកជិះយានយន្តគ្រប់ប្រភេទមិនគោរពច្បាប់ចរាចរណ៍ក្នុងគោលបំណង ឱ្យប្រជាពលរដ្ឋទាំងអស់ គោរពច្បាប់ទាំងអស់គ្នា។
លោក ងួន រតនៈ បានអនុញ្ញាត ឱ្យមន្ទីររៀបចំដែនដីនគរូបនីយកម្មខេត្តធ្វើកិច្ចការរបស់ខ្លួនឱ្យបានល្អ និងពង្រឹងដល់វិស័យទេសចរណ៍ ត្រូវចុះត្រួតពិនិត្យខណ្ឌ និងលក្ខណៈសម្បត្តិរបស់ក្លឹបកម្សាន្ត រង្គសាល និងភោជនីយដ្ឋាននានា ក្នុងខេត្តឱ្យបានច្បាស់លាស់ ដើម្បីសុខសុវត្ថិភាព ក្នុងខេត្តផងដែរ៕