(ភ្នំពេញ)៖ សន្តិភាពបានផ្តល់សេចក្តីសុខដល់មនុស្សទាំងឡាយ រស់នៅបានសប្បាយសុខដុមរម្យនា ជួបជុំគ្នា មានសុភមង្គល ជាមួយនឹងជីវភាពកិច្ចការប្រចាំថ្ងៃ។ ដើម្បីរួមចំណែកអភិវឌ្ឍន៍ ប្រទេសជាតិរបស់យើងឲ្យកាន់តែរីកចម្រើន និងបង្កើនជីវភាពកាន់តែសម្បូរសប្បាយ រួមនឹងបំណងប្រាថ្នារស់នៅមានផាសុកភាព ទីក្រុងស្អាតចាប់ផ្តើមពីយើងទាំងអស់គ្នា។
លោក ផល សុខចំរើន អនុប្រធាននាយកប្រតិបត្តិ នៃនាយកដ្ឋានទីផ្សារធនាគារ អេស៉ីលីដា ភីអិលស៉ី បានឲ្យដឹងថា ថ្មីៗនេះ អេស៉ីលីដាទាន់ចិត្ត App បានបន្ថែមមុខងារថ្មី ដែលផ្តល់មធ្យោបាយ ងាយស្រួល សម្រាប់អតិថិជន និងសាធារណជនទូទៅ ក្នុងការទទួលបង់ប្រាក់ថ្លៃសំរាម និងសំណល់រឹង នៅរាជធានីភ្នំពេញ និងតាមមធ្យោបាយអេឡិចត្រូនិកផ្សេងៗទៀតនាពេលឆាប់ៗខាងមុខ ដូច្នេះប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ កាន់តែមានភាពងាយស្រួល ចំណេញពេលវេលា និងចំណាយមានប្រសិទ្ធភាព ក្នុងការបង់ថ្លៃសំរាម និងសំណល់រឹងក្នុងរាជធានីភ្នំពេញ ចាប់ពីទី០១ ខែកុម្ភៈ ឆ្នាំ២០២០នេះតទៅ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅសាលារាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានថ្លែងថា ប្រជាពលរដ្ឋអាចបង់ថ្លៃសេវាសំរាម សម្រាប់ខែមករា តាមរយៈធនាគារ អេស៉ីលីដា ធនាគារឯកទេសវីង អ៉ីម៉ានី លីហួរវេលុយ ផាយផេ ទ្រូម៉ានី អេអឹមខេ ដោយក្នុងមួយប្រតិបត្តិការចំណាយថ្លៃសេវាចាប់ពី ៥០០រៀល ទៅ ៨០០រៀលតែប៉ុណ្ណោះ ទៅតាមទំហំទឹកប្រាក់នៃការបង់ ប៉ុន្តែប្រជាពលរដ្ឋក៏អាចបង់ជាឆ្នាំក៏បាន ដោយមានភាពចំណេញច្រើន គឺអស់ថ្លៃសេវាតែម្តងប៉ុណ្ណោះ។
លោកអភិបាលរងបានបញ្ជាក់ថា ប្រជាពលរដ្ឋដែលត្រូវបង់ថ្លៃសេវាប្រមូលសំរាមនៅក្នុងខែមករានេះ គឺគ្មានការប្រែប្រួលទេ គឺអនុវត្តន៍តាមតារាងតម្លៃកាលពីខែតុលា ឆ្នាំ២០១៩ កន្លងទៅជាគោល។
លោកបានបន្តថា «ការបង់សេវាសំរាមពុំមែនជាការបង់ដោយស្ម័គ្រចិត្តទេ ព្រោះយើងអ្នកផលិតសំរាមត្រូវ តែបង់លុយមិនអាចគេចវេសបានទេ។ ក្នុងអំឡុងអន្តរកាលនេះ គឺឲ្យគាត់បង់ពីថ្ងៃទី១ ដល់ថ្ងៃទី១៥ ខែកុម្ភៈ បើយឺតពេលនេះយើងកត់ចូលជាបំណុល។ ក្នុងករណីមិនបង់គឺយើង មានវិធានការ ឧទាហណ៍ម្ចាស់ភោជ្ជនីយដ្ឋានមិនបង់ គឺដកហូតការធ្វើអាជីវកម្ម ទាល់តែបង់ទើបប្រគល់ឲ្យវិញ»។
យ៉ាងណាក៏លោកបានបន្ថែមថា ក្នុងអំឡុងពេលអន្តរកាលនេះ យើងមិនទាន់អនុវត្តវិធានការណ៍ច្បាប់ទេ គឺទុកឲ្យគាត់ មកបង់លុយប្រកបដោយមនសិការ ដើម្បីធានាឲ្យទីក្រុងយើងមានសោភ័ណភាពស្រស់ស្អាត។
លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ បានបញ្ជាក់ថា ប្រព័ន្ធបង់ប្រាក់សេវា ប្រមូលសំរាមនេះ ចាប់បើកពីថ្ងៃទី១ដល់ថ្ងៃទី១៥ ខែកុម្ភៈ ដូច្នេះប្រជាពលរដ្ឋដែលខកខានបង់ គឺចាត់ចូលជាបំណុលដែលត្រូវបង់នៅខែបន្ទាប់។
របៀបបង់ថ្លៃសំរាម និងសំណល់រឹង ក្នុងរាជធានីភ្នំពេញ តាមរយៈ អេស៉ីលីដាទាន់ចិត្ត ដូចតទៅ៖ ១៖ ចូលប្រើសេវា (Login), ២៖ ជ្រើសរើសម៉ឺនុយ «ទូទាត់វិក្កយបត្រ», ៣៖ ជ្រើសរើស «រដ្ឋាករស្វ័យតគ្រប់គ្រងសំរាម និងសំណល់រឹង», ៤៖ បញ្ចូលលេខសម្គាល់អតិថិជន (ID) ដែលមាននៅក្នុងវិក្កយបត្រអគ្គិសនី, ៥៖ ជ្រើសរើសប៊ូតុង «យល់ព្រម» រួចផ្ទៀងផ្ទាត់ប្រតិបត្តិការនិងបញ្ជាក់ពីការទូទាត់ ជាការស្រេច៕