(ភ្នំពេញ)៖ ការជំនុំជម្រះក្តីលើសំណុំសន្ទិដ្ឋិភាពជាមួយបរទេស ឬការប្រព្រឹត្តទង្វើក្បត់ជាតិរបស់លោក កឹម សុខា បានឈានមកដល់សប្តាហ៍ទី៤ហើយនៅក្នុងសប្តាហ៍នេះ។ ថ្ងៃទី០៥-០៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ សវនាការបានជជែកដេញដោលបញ្ចប់លើអង្គហេតុបង្កើត និងដំណើរការគណបក្សសិទ្ធិមនុស្ស ដែលជាអង្គហេតុស្ថិតនៅក្នុងឆ្នាំ២០០៧ ដល់ឆ្នាំ២០១២។
ក្រៅពីការជជែកដេញដោលបញ្ចប់លើអង្គហេតុនៃការបង្កើត និងដំណើរការគណបក្សសិទ្ធិមនុស្សហើយនោះ សវនាការក្នុងសប្តាហ៍នេះ ក្រុមប្រឹក្សាជំនុំជម្រះដែលមានលោកចៅក្រម កូយ សៅ ជាប្រធាន បានលើកយកភស្តុតាងថ្មីចំនួន១៦របស់មេធាវីការពារក្តីឱ្យជនជាប់ចោទ កឹម សុខា មកពិភាក្សាផងដែរ។ បន្ទាប់ពីការជជែកពិភាក្សា បើទោះបីមានការតវ៉ា និងមិនចង់ទទួលយកភស្តុតាងខ្លះពីតំណាងអយ្យការលោក ផ្លង់ សុផល ព្រោះតែមិនបានបំពេញលក្ខខណ្ឌច្បាប់មួយចំនួនក៏ដោយចុះ តែលោកចៅក្រម កូយ សៅ នៅតែសម្រេចទទួលយកនូវភស្តុតាងថ្មីទាំង១៦នេះ។
ភស្តុតាងថ្មីទាំង១៦ គឺជាវីដេអូនៃសម្រង់សុន្ទរកថារបស់ជនជាប់ចោទ កឹម សុខា កាលនៅជាប្រធានគណបក្សសិទ្ធិមនុស្ស និងជាប្រធាន-អនុប្រធានអតីតគណបក្សសង្គ្រោះជាតិ ដែលបានថ្លែងទៅអ្នកគាំទ្ររបស់ខ្លួននៅក្នុងចន្លោះឆ្នាំ២០១២ រហូតដល់ឆ្នាំ២០១៧។ ក្រៅពីវីដេអូដែលជាសម្រង់សុន្ទរកថានោះទៅ ក៏មានឯកសារ និងរូបភាពមួយចំនួនផងដែរនៃជំនួបការងាររបស់ជនជាប់ចោទ កឹម សុខា និងថ្នាក់ដឹកនាំវិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) ក៏ដូចជារូបថតនិយាយពីសកម្មភាពរបស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍ (USAID)។
ចាប់តាំងពីថ្ងៃបើកសវនាការនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ មកដល់ពេលនេះ មេធាវីការពារក្តីឱ្យជនជាប់ចោទ កឹម សុខា បានដាក់ភស្តុតាងចំនួន៥១ហើយ។ ភស្តុតាងទាំង៥១នេះ មានវីដេអូឃ្លីបចំនួន២០។
បន្ទាប់ពីប្រកាសទទួលយកនូវឯកសារជាភស្តុតាងថ្មីរបស់មេធាវីការពារក្តីឱ្យជនជាប់ចោទហើយនោះ ក្នុងសវនាការនៅព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោកចៅក្រម កូយ សៅ ក៏បានប្រកាសឱ្យដឹងពីអង្គហេតុដែលត្រូវលើកមកជជីកដេញដោលនៅសប្តាហ៍ក្រោយថ្ងៃទី១២-១៣ ខែកុម្ភៈ ផងដែរ។
បើតាមលោក កូយ សៅ សវនាការនៅសប្តាហ៍ក្រោយនេះ អង្គសវនាការនឹងចាប់ផ្តើមជជីកដេញដោលទៅលើអង្គហេតុស្ថិតក្នុងចន្លោះឆ្នាំ២០១២ រហូតដល់ពេលចាប់ខ្លួនជនជាប់ចោទ កឹម សុខា នៅយប់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧។ លោក កូយ សៅ បានប្រកាសថា ដើម្បីឱ្យការដេញដោលលើអង្គហេតុនេះបានស្រួល លោកសូមចែកអង្គហេតុជាពីរ គឺអង្គហេតុនៃការត្រូវរ៉ូវគ្នាជាសម្ងាត់ជាមួយបរទេសរបស់ជនជាប់ចោទ និងអង្គហេតុនាំឱ្យមានការប្រទូសរ៉ាយ។
សម្រាប់អង្គហេតុនៃការត្រូវរ៉ូវគ្នាជាសម្ងាត់ជាមួយបរទេសនេះ នឹឹងដេញដោលគ្នាលើបង្កើតគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១២, ការបោះឆ្នោតនៅឆ្នាំ២០១៣ និងព្រឹត្តិការណ៍ក្រោយការបោះឆ្នោតឆ្នាំ២០១៣ រហូតដល់ពេលចាប់ខ្លួនជនជាប់ចោទ។
លោក កូយ សៅ ក៏បានឱ្យដឹងផងដែរថា ក្រោយពេលបញ្ចប់លើអង្គហេតុនៃការត្រូវរ៉ូវគ្នាជាមួយបរទេសហើយនោះ នឹងឈានដល់ការដេញដោលអង្គហេតុបង្កឱ្យមានប្រទូសរ៉ាយ មុនឈានទៅដល់ការសាកសួរសាក្សី។
សូមបញ្ជាក់ថា សំណុំរឿងសន្ទិដ្ឋិភាពជាមួយបរទេសរបស់លោក កឹម សុខា បន្ទាប់ពីដំណើរការស៊ើបអង្កេតអស់រយៈពេលជាងពីរឆ្នាំ ត្រូវបានលើកមកជំនុំជម្រះកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០កន្លងទៅនេះ។ សវនាការជំនុំជម្រះក្តីនេះ ធ្វើឡើងពីរថ្ងៃក្នុងមួយសប្តាហ៍ គឺថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍។ តំណាងស្ថានទូតបរទេសប្រចាំនៅកម្ពុជា ដូចជាស្ថានទូតរបស់អាមេរិក អូស្ត្រាលី បណ្តាប្រទេសនៅតំបន់អឺរ៉ុប សហគមន៍អឺរ៉ុប តំណាងអង្គការសហប្រជាជាតិ ព្រមទាំងមន្ត្រីអង្គការសង្គមស៊ីវិលជាតិ-អន្តរជាតិ និងអ្នកសារព័ត៌មាន ត្រូវបានចូលរួមតាមដានស្តាប់សវនាការនេះផងដែរ។
សវនាការជំនុំជម្រះក្តី គឺជាដំណាក់កាលមួយនៃការជជែកដេញដោលគ្នារវាងតំណាងអយ្យការ មេធាវីដើមបណ្តឹងរដ្ឋប្បវេណី មេធាវីការពាក្តីឱ្យជនជាប់ចោទ ជាមួយនឹងជនជាប់ចោទ ដើម្បីរកមើលថា លោក កឹម សុខា ពិតជាបានប្រព្រឹត្តទង្វើសន្ទិដ្ឋិភាពជាមួយបរទេសដូចការចោទប្រកាន់ប្រាកដមែនឬយ៉ាងណា?
ក្នុងដំណាក់កាលនេះ តំណាងអយ្យការ និងមេធាវីដើមបណ្តឹងរដ្ឋប្បវេណី នឹងប្រឹងប្រែងគ្រប់វិធី ដើម្បីបង្ហាញទៅចៅក្រមជំនុំជម្រះឱ្យឃើញថា ជនជាប់ចោទ កឹម សុខា ពិតជាបានប្រព្រឹត្តទង្វើសន្ទិដ្ឋិភាពជាមួយបរទេសប្រាកដមែន ខណៈមេធាវីការពារក្តីឱ្យជនជាប់ចោទចំនួន៩រូបវិញ ប្រឹងប្រែងធ្វើយ៉ាងណាបង្ហាញចៅក្រមឱ្យឃើញថា ជនជាប់ចោទ កឹម សុខា មិនបានប្រព្រឹត្តទង្វើសន្ទិដ្ឋិភាព ឬហៅថាទង្វើក្បត់ជាតិ ដូចការចោទប្រកាន់នោះឡើយ៕