(ភ្នំពេញ)៖ លោក ផៃ ស៉ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានសំណូមពរប្រជាពលរដ្ឋកម្ពុជា កុំមានការភ័យខ្លាចការបាត់ប្រព័ន្ធអនុគ្រោះពន្ធអ្វីគ្រប់យ៉ាងលើកលែងតែអាវុធ (EBA) របស់សហភាពអឺរ៉ុប។ លោកថា រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមទប់ទាល់រួចរាល់អស់ហើយ ហើយមុន និងក្រោយ EBA គង់តែបាត់ទេ។
ការសំណូមពររបស់លោក ផៃ ស៉ីផាន បានធ្វើឡើងនៅព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ ក្នុងឱកាសដែលអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា រៀបចំសន្និសីទសារព័ត៌មាន នៅទីស្តីការគណៈស្តីពី «បច្ចុប្បន្នភាព និងវឌ្ឍនភាពក្រសួងពាណិជ្ជកម្ម»។
ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «អឺរ៉ុបត្រូវការកម្ពុជា កម្ពុជាត្រូវការអឺរ៉ុបកុំឲ្យជំងឺ EBA ក្លាយជាជំងឺផ្លូវចិត្ត ឬជាជំងឺខ្លាចរន្ធត់ ... យើងនៅជាមួយគ្នា កុំទាន់ស្លាប់ មុនគេផ្តាច់ EBA។ កុំខ្វល់ជំនួសអឺរ៉ុប យើងមានដំណោះស្រាយរួចហើយ»។
បើតាមលោក ផៃ ស៉ីផាន ប្រព័ន្ធអនុគ្រោះពន្ធទំនិញគ្រប់យ៉ាងលើកលែងតែសព្វាវុធ ឬហៅកាត់ថា EBA គ្រាន់តែជាព្រឹត្តិការណ៍នយោបាយ មិនមែនជាបីសាច ដូចវីរ៉ុសកូរ៉ូណាទេ ពោលវាគ្រាន់តែជាព្រឹត្តិការណ៍ ធ្វើវិទ្ធង្សនា ផ្លូវចិត្តសាស្ត្រតែប៉ុណ្ណោះ។ លោកបន្តថា រាជរដ្ឋាភិបាល បានរៀបចំជាកញ្ចប់ថវិកាស្រេចរួចទៅហើយ ដើម្បីឆ្លើយតបជាមួយនឹងការដក ឬការកាត់បន្ថយ EBA។
លោកបន្ថែមថា ការកាត់បន្ថយប្រព័ន្ធអនុគ្រោះពន្ធ EBA គ្រាន់តែឲ្យកម្ពុជា ឬអ្នកនាំចេញអ៉ីវ៉ាន់ពីកម្ពុជា បង្កើនការបង់ពន្ធតែប៉ុណ្ណោះ ដោយឡែកកម្ពុជាអត់មានបាត់ទីផ្សារ នៅសហគមន៍អឺរ៉ុបនោះទេ។ លោកថ្លែងថា កម្ពុជាមានផែនការត្រឹមត្រូវ ហើយ EBA មិនមែនជាមូលដ្ឋានគ្រឹះ និងជាចំណុចសំខាន់សម្រាប់កំណើនសេដ្ឋកិច្ចរបស់កម្ពុជាទេ។
លោក ផៃ ស៉ីផាន គូសបញ្ជាក់ថា៖ «យើងដឹងថា កម្ពុជារបស់យើងបានត្រៀមលក្ខណៈបាត់បង់ទាំងអស់ទៅហើយ ពីព្រោះដោយសារកំណើនសេដ្ឋកិច្ចរបស់យើង ទោះចង់មិនចង់។ កាត់បាត់ EBA ចំណុចណាមួយ ឬបាត់ទាំងអស់ វាគឺជាការបង្ហាញសមត្ថភាពរបស់យើង យើងរស់បាន។ នៅក្នុងអាស៊ាន ដែលមានតែប្រទេស៣ទេ ដែលមាន EBA គឺកម្ពុជា ភូមា និងឡាវ ហើយប្រទេស៧ទៀត គេអត់ត្រូវការ EBA ទេ គេបង់ពន្ធជូនធម្មតា... កម្ពុជាមានមោទនភាព ដែលចូលខ្លួនប្រកួតប្រជែង ដោយសមធម៌ ដោយស្មើមុខមាត់គ្នា ដោយការបង់ពន្ធ»។
សូមបញ្ជាក់ថា សហភាពអឺរ៉ុប បានផ្ញើរបាយការណ៍របស់ខ្លួន មកកាន់រដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩កន្លងទៅ និងទុករយៈពេល១ខែ ដើម្បីឲ្យភាគីកម្ពុជា ធ្វើការឆ្លើយតប។ បន្ទាប់ពីកម្ពុជាឆ្លើយតប សហភាពអឺរ៉ុប នឹងធ្វើសេចក្តីសម្រេចចិត្តមួយ នៅខែកុម្ភៈឆ្នាំ២០២០ ថាតើត្រូវដកការអនុគ្រោះពន្ធរបស់កម្ពុជា ជាបណ្តោះអាសន្ន ឬយ៉ាងណា។
សេចក្តីសម្រេចចិត្តនេះ គឺត្រូវធ្វើឡើងដោយសំឡេងភាគច្រើន នៅក្នុងចំណោមសមាជិកទាំង២៧ នៃគណៈកម្មការអឺរ៉ុប។ បើសិនគណៈកម្មការអឺរ៉ុប សម្រេចមិនព្យួរប្រព័ន្ធអនុគ្រោះពន្ធនេះទេ នោះនីតិវិធីត្រូវបិទបញ្ចប់ត្រឹមនេះ។
ផ្ទុយទៅវិញ ប្រសិនបើគណៈកម្មការអឺរ៉ុបសម្រេចព្យួរប្រព័ន្ធអនុគ្រោះពន្ធនេះមែន សេចក្តីសម្រេចនេះ ក៏នៅមិនទាន់អាចចូលជាធរមានបានភ្លាមៗនោះដែរ ពីព្រោះថា សេចក្តីសម្រេចរបស់គណៈកម្មការអឺរ៉ុប ធ្វើឡើងតាមនីតិវិធីប្រតិភូកម្មអំណាច គឺអាចចូលជាធរមានបាន លុះត្រាតែគ្មានការជំទាស់ពីសំណាក់សភា ឬក្រុមប្រឹក្សាអឺរ៉ុប។ ប៉ុន្តែប្រសិនបើសភាអឺរ៉ុប ឬក្រុមប្រឹក្សាអឺរ៉ុបសម្រេចមិនជំទាស់ ឬមិនអាចរកសំឡេងភាគច្រើន ដើម្បីជំទាស់នឹងសេចក្តីសម្រេចរបស់គណៈកម្មការអឺរ៉ុបបានទេ ការព្យួរប្រព័ន្ធអនុគ្រោះពន្ធ នឹងត្រូវចូលជាធរមាន៦ខែ រាប់ចាប់ពីថ្ងៃដែលគណៈកម្មការអឺរ៉ុប អនុម័តសេចក្តីសម្រេចព្យួរប្រព័ន្ធអនុគ្រោះពន្ធនេះ។
ប្រទេសកម្ពុជាទំនងជាប៉ះពាល់ខ្លះដល់វិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង ប្រហែលជាង២០ភាគរយ ដែលស្មើនឹងទឹកប្រាក់ ចំនួន៥០០លានដុល្លារ សហរដ្ឋអាមេរិកតែប៉ុណ្ណោះ ប៉ុន្តែកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចហើយលើបញ្ហានេះ។ នេះបើតាមការលើកឡើងរបស់ លោក វង្ស៊ី វិស្សុត រដ្ឋលេខាធិការប្រចាំការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលលោកទទួលបានក្រៅផ្លូវការ។ ព័ត៌មានក្រៅផ្លូវការ នៅការសម្រេចរបស់អឺរ៉ុប គ្រោងប្រកាសនៅទី១២ ខែកុម្ភៈ ឆ្នាំ២០២០ ខាងមុខនេះ។
លោកថា ឆ្លើយតបនឹងភាពមិនប្រាកដប្រជានៃប្រព័ន្ធអនុគ្រោះផ្សេងៗ ដែលផ្តល់ជូនពីដៃគូអភិវឌ្ឍន៍ នៅឆ្នាំ២០២០នេះ រាជរដ្ឋាភិបាលបានបម្រុងថវិកា៣ភាគរយនៃថវិកាជាតិ ស្មើនឹងប្រមាណ៧០០លានដុល្លារ ដើម្បីត្រៀមដោះស្រាយបញ្ហាដែលអាចកើតមានឡើយ៕