(សៀមរាប)៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង ខេត្តសៀមរាប បានឃាត់ខ្លួនក្រុមចោរ ២នាក់ ក្នុងចំណោមបក្ខពួក៤នាក់ បន្ទាប់ពីធ្វើសកម្មភាព លួចសត្វគោ របស់ប្រជាពលរដ្ឋបាន ២ក្បាល ចំណែកបក្ខពួក ២នាក់ រត់គេចខ្លួនបាត់ស្រមោល។
ករណីបង្ក្រាបក្រុមចោរលួយសត្វគោរបស់ប្រជាពលរដ្ឋ បានធ្វើឡើងវេលាម៉ៅ ១រលងអធ្រាត្រឈានចូលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០នេះនៅភូមិបង្កោង ឃុំឣំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
អធិការនគរបាលស្រុកប្រាសាទបាគង លោក លឹម សម្បត្តិ បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឱ្យដឹងថា មុនពេលកើតហេតុ កម្លាំងនគរបាលបានដើរល្បាត ក្នុងភូមិសាស្ត្រស្រុក ក៏ប្រទះឃើញម៉ូតូសណ្តោងរ៉ឺម៉ក សម្រាប់ដឹកគោមួយគ្រឿង (គ្មានគោ) ដោយមានការសង្ស័យសមត្ថកិច្ច យើងបានតាមឃ្លាំមើល ឃើញម្ចាស់រ៉ឺម៉កបានទូរស័ព្ទទាក់ទងហើយ ជួបគ្នាជាមួយមនុស្សម្នាក់ទៀត ជិះម៉ូតូម៉ាកស៊ូម័រឣិច ពណ៌ក្រហម បន្ទាប់មកឃើញមនុស្ស២នាក់ទៀត ដឹកគោចំនួន២ក្បាល មករកដាក់រ៉ឺម៉ក ភ្លាមៗក៏ចូលទៅបង្រ្កាបបានម្ចាស់រ៉ឺមកម្នាក់ ចំណែកឣ្នកដឹកគោ២នាក់ បានលេងគោចោល ហើយរត់ចូលព្រៃបាត់ ម្នាក់ដែលជិះម៉ូតូបានជិះគេច ហើយកម្លាំងនគរបាលដេញចាប់បាន។
ជនសង្ស័យទាំង២នាក់ខាងលើរួមមានទី១៖ ឈ្មោះសៅ ភ្លឿយ ភេទប្រុស អាយុ៤៤ឆ្នាំ ភូមិត្រាវគៀត ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប និងទី២៖ ឈ្មោះ សំ ជា ភេទប្រុស អាយុ៥០ឆ្នាំ ភូមិប៉ាតត ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀម តាមចម្លើយសារភាព បានបញ្ជាក់ថា ពួកខ្លួនពិតជា បានធ្វើសកម្មភាពលួចគោចំនួន២ក្បាល ពិតបា្រកដមែន ដោយមានបក្សពួក២នាក់ទៀត គឺឈ្មោះ បារាំង និងឈ្មោះ ឌី ដែលបានរត់គេចខ្លួន។
លោកអធិការ បានឱ្យដឹងថា កន្លងមកពួកខ្លួនបានធ្វើសកម្មភាពលួចគោ នៅស្រុកប្រាសាទបាគង២លើក នៅស្រុកសូទ្រនិគម ៤លើក និងស្រុកជីក្រែងបាន១លើក។
យោងតាមបណ្តឹងរបស់ឈ្មោះ ភិម ឈង់ ភេទប្រុស ឣាយុ៦២ឆ្នាំ នៅភូមិបង្កោងឃុំឣំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប បានបំភ្លឺថា
គាត់បានចងគោ នៅខាងជើងផ្ទះ លុះប្រហែលម៉ោង៣ស្រាប់តែបាត់គោ ក្រោយមកលឺថាសមត្ថកិច្ចចាប់បានចោរលួចគោ ពេលមកមើលគោនោះ គឺជាគោរបស់គាត់ពិតមែន៕