(ភ្នំពេញ)៖ ទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានប្រកាសឲ្យដឹងថា បច្ចុប្បន្នកម្ពុជានៅមានអ្នកផ្ទុកមេរោគអេដស៍ជាង ១ម៉ឺននាក់ទៀត កំពុងលាក់ខ្លួន ដែលមិនព្រមចេញមុខមកទទួលយកសេវាព្យាបាល និងការគាំពារផ្នែកសង្គម ពីសេវាព្យាបាលសាធារណៈ និងមិនត្រូវបានដាក់បញ្ចូល ក្នុងប្រព័ន្ធសេវាថែទាំជំងឺអេដស៍ ខណៈដែលពួកគេទាំងនោះ អាចជាមនុស្សមានធនធានគ្រប់គ្រាន់ ដើម្បីរកសេវាព្យាបាលដោយខ្លួនឯង និងជាមនុស្សមានឈ្មោះល្បី ក្នុងសង្គមជាដើម។
ការថ្លែងបែបនេះរបស់លោកទេសរដ្ឋមន្រ្តី អៀង មូលី គឺក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពី ការវាយតម្លៃលើមេរោគអេដស៍ និងការគាំពារសង្គមនាព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០ នៅសណ្ឋាគារភ្នំពេញ។
ក្នុងឱកាសនោះ មានវត្តមានអស់លោក លោកស្រីទាំងអស់ ដែលមកពីក្រុមប្រឹក្សាជាតិគាំពារសង្គម ក្រសួងសុខាភិបាល ក្រសួងផែនការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទីភ្នាក់ងារបញ្ជាក់ចំណាយសេវាសុខាភិបាល រួមទាំងអ្នកតំណាងពីប្រជាជនគន្លឹះ និងជាពិសេស អង្គការ UNAIDS និង អង្គការ HP+ ដែលបានជួយគាំទ្រទាំងហិរញ្ញវត្ថុ និងបច្ចេកទេសដល់ការរៀបចំសិក្ខាសាលា ដ៏មានសារៈសំខាន់នេះ។
ទេសរដ្ឋមន្រ្តីបានថ្លែងបន្តថា យោងតាមការប៉ាន់ប្រមាណថ្មីៗនៃគំរូការរីករាលដាលមេរោគអេដស៍ (AEM) និង Spectrum (ខែមេសាឆ្នាំ២០១៩) កម្ពុជាមានអ្នកផ្ទុកមេរោគអេដស៍ ចំនួន ៧៣ ៥៥២នាក់។ បច្ចុប្បន្ននេះ ៨១% នៃពួកគាត់បានដឹងពីស្ថានភាពផ្ទុករបស់ខ្លួន ក្នុងនោះ ៩៩% នៃអ្នកដែលបានដឹងពីស្ថានភាព បានទទួលការព្យាបាលដោយឱសថប្រឆាំង មេរោគអេដស៍ និងមានការប៉ាន់ប្រមាណថា ៧៩%នៃអ្នកផ្ទុក ដែលបានទទួលការព្យាបាល បានកាត់បន្ថយអត្រាមេរោគឲ្យនៅកម្រិតតិចបំផុត (viral suppression)។ ដូច្នេះ អ្នកផ្ទុកប្រមាណជាង១ម៉ឺន នាក់មិនដឹងជានៅទីណា និងមិនត្រូវបានដាក់បញ្ចូល ក្នុងប្រព័ន្ធសេវាថែទាំជំងឺអេដស៍ និងកំណើននៃការឆ្លងថ្មី ត្រូវបានរកឃើញភាគច្រើនក្នុងចំណោមយុវវ័យ ជាពិសេសក្រុមបុរសរួមភេទជាមួយបុរស និងក្រុមបំប្លែងភេទ។
បញ្ហាប្រឈមដែលមិនបានព្រាងទុកមុន ក្នុងការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍គឺស្ថានភាពមួយដែលដៃគូអភិវឌ្ឍន៍ បានកាត់បន្ថយការគាំទ្រហិរញ្ញវត្ថុជាបណ្តើរៗ និងម៉្យាងទៀត យើងប្តេជ្ញាបញ្ចប់ការឆ្លងរីករាលដាលមេរោគអេដស៍ នៅមុនឆ្នាំ២០២៥។ តាមរយៈគោលការណ៍ដឹកនាំដូចគ្នាថា «មិនទុកនរណាម្នាក់ចោល» យុទ្ធសាស្រ្តទី៣នៃ ផែនការយុទ្ធសាស្រ្តជាតិទូលំទូលាយ និងពហុវិស័យឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ លើកទី៥ អំពាវនាវឱ្យមានការពង្រីកសេវាគ្របដណ្តប់ការគាំពារសង្គម និងធ្វើឱ្យប្រសើរឡើង នូវការទទួលបានសេវាសង្គម និងផ្លូវច្បាប់។
យ៉ាងណាមិញគោលបំណងសំខាន់ នៃសិក្ខាសាលានេះគឺ៖
*ទី១, បញ្ជាក់ឲ្យបានច្បាស់នូវទម្រង់នៃការរៀបចំ និងការអនុវត្តការគាំពារសង្គម
*ទី២, រកឲ្យឃើញរបាំងដែលអ្នកផ្ទុកមេរោគអេដស៍ និងប្រជាជនគន្លឹះប្រឈមក្នុងការទទួលបានសេវាគាំពារពីកម្មវិធី
*ទី៣, រកឲ្យឃើញនូវអនុសាសន៍អំពីវិធី ដែលអាចឆ្លើយតបនឹងរបាំងទាំងនោះ។
ប្រធានបទនៃសិក្ខាសាលាពិគ្រោះយោបល់នេះ គ្របដណ្តប់លើចំណុចសំខាន់២ គឺការគាំពារសង្គម និងមេរោគអេដស៍ និងជំងឺអេដស៍។
ទេសរដ្ឋមន្រ្តី អៀង មូលី បានបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជាប្តេជ្ញាចិត្តតាមរយៈពាក្យស្លោក «មិនទុកនរណាម្នាក់ចោល» និងកំពុងស្ថិតនៅក្នុងដំណើរការអនុវត្ត គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ យើងបានធ្វើឲ្យមានវឌ្ឍនភាពយ៉ាងល្អ ក្នុងការពង្រឹងប្រព័ន្ធគាំពារសង្គម ដោយធ្វើសមាហរណកម្មប្រកបដោយប្រសិទ្ធភាព ដែលគ្រប ដណ្តប់ទៅលើវិស័យសាធារណៈ និងឯកជន រួមបញ្ចូលទាំងតួនាទីច្បាស់លាស់ ក្នុងការដាក់ចេញគោល នយោបាយ ។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានដឹកនាំរៀបចំ គម្រោងគោលនយោបាយជាតិ គាំពារសន្តិសុខសង្គម ២០១៦-២០២៥ ដោយមានសមាសធាតុសំខាន់២គឺ៖ ជំនួយសង្គម និង សន្តិសុខសង្គម។ យើងបានធ្វើឲ្យមានភាពប្រសើរឡើងនូវការគាំពារ ពីហានិភ័យហិរញ្ញវត្ថុ ដល់ប្រជជន ក្រីក្រតាមរយៈការអនុវត្តមូលនិធិសមធម៌សុខាភិបាល រួមជាមួយអន្តរាគមន៍ហិរញ្ញវត្ថុ សម្រាប់ជនក្រីក្រខាងតម្រូវការ និងខាងផ្គត់ផ្គង់។ មានការប៉ាន់ប្រមាណថា មកដល់ចុងឆ្នាំ២០១៨ មូលនិធិសមធម៌ សុខាភិបាល និងគម្រោងសន្តិសុខសង្គមបានគ្របដណ្តប់ជាង៣០%នៃប្រជាជនកម្ពុជា។
ថ្វីបើមានវឌ្ឍនភាពដូចការរៀបរាប់នេះ ការចំណាយចេញពីហោប៉ៅបន្តនៅក្នុងកម្រិតមួយ ខ្ពស់នៅឡើយ ដែលធ្វើឲ្យអន្តរាយដល់ការគាំពារហានិភ័យហិរញ្ញវត្ថុ និងសាមគ្គីភាព និងបង្កឲ្យមានការលំបាកផ្នែកហិរញ្ញវត្ថុយ៉ាងខ្លាំង នៅពេលទៅទទួលយកសេវាសុខាភិបាល។ លើសពីនេះ ការយល់ដឹងអំពីកម្មវិធីគាំពារសង្គម ដូចជាផលប្រយោជន៍ និងការទទួលខុសត្រូវរបស់អ្នក ដែលនៅក្នុងរបបនីមួយៗ ឬកម្មវិធីនៅមានកម្រិត។ ការកសាងសមត្ថភាពនៃស្ថាប័ន ដែលពាក់ព័ន្ធ ជាប់ទាក់ទង ក្នុងការ គាំពារសង្គមគួរត្រូវ បានធ្វើឲ្យប្រសើរឡើងផងដែរ ដើម្បីឆ្លើយតបនឹងប្រជាជនដែលត្រូវការ និងបញ្ហា ដែលកើតឡើង។ កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេស៧ ដែលត្រូវបានទទួលស្គាល់ជាសកលថា បានសម្រេចគោលដៅ ៩០ ៩០ ៩០ នៅឆ្នាំ២០១៧។
នៅក្នុងឱកាសនេះ ក៏មានការពិភាក្សាអំពីបញ្ហាមេរោគអេដស៍ និងការគាំពារសង្គម កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ នៅទីស្តីការគណៈរដ្ឋមន្រ្តីបានទទួលការឯកភាព ពីសម្តេច តេជោ ហ៊ុន សែន តាមសំណើរបស់កិច្ចប្រជុំពេញអង្គ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ នូវវិធានការ៦ចំណុច ដើម្បីលើកកម្ពស់ភាពជាម្ចាស់ប្រទេស និងការឆ្លើយតបប្រកប ដោយចីរភាពនឹងមេរោគអេដស៍ និងជំងឺអេដស៍រយៈពេលវែង។ ចំណុចទី២នៃវិធានការ បានចែងថា អ្នកផ្ទុកមេរោគអេដស៍ ទាំងអស់ត្រូវទទួលបានមូលនិធិសមធម៌ សុខាភិបាល។
គួរបញ្ជាក់ ថា (កម្មវិធី) អត្តសញ្ញាណបណ្ណក្រីក្រតាមតម្រូវការនៃក្រសួងផែនការ ដែលត្រូវបានដាក់ចេញនៅចុងឆ្នាំ២០១៩ នឹងផ្តល់នូវការគាំទ្រដល់ប្រជាជនគន្លឹះផងដែរ៕