(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិ នរោត្តម មុនិនាថ សីហនុ សម្តេចម៉ែ បានសព្វព្រះហឫទ័យប្រទានព្រះរាជទ្រព្យ ១៥ម៉ឺនដុល្លារអាមេរិក ដល់រដ្ឋាភិបាលចិន ដើម្បីជួយសម្រាលការលំបាកបញ្ហារាតត្បាតជំងឺរលាកផ្លូវដង្ហើមថ្មី ដែលបង្កឡើងដោយវីរ៉ុសកូរ៉ូណា។ នេះបើយោងតាមលោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីស្រង់សម្តីរបស់លោក ស៉ី ជិនពីង ប្រធានាធិបតីចិន នៅក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅល្ងាចថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០នៅទីក្រុងប៉េកាំង។
បើតាមលោក កៅ កឹមហួន បានឲ្យដឹងថា សម្តេចតេជោ ហ៊ុន សែន ក្នុងដំណើរបំពេញទស្សនកិច្ចរយៈពេលខ្លីនៅទីក្រុងប៉េកាំង ប្រទេសចិន ចំពេលចិនកំពុងជួបការលំបាក ដោយសារជំងឺផ្លូវដង្ហើម បង្កដោយមេរោគកូរ៉ូណា លោកប្រធានាធិបតី ស៉ី ជិនពីង បានគូសបញ្ជាក់ថា កម្ពុជាជាមិត្តស្មោះត្រង់របស់ចិន។ លោកប្រធានាធិបតី បានផ្ញើនូវការថ្លែងអំណរព្រះគុណចំពោះព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិ នរោត្តម មុនិនាថ សីហនុ ដែលបានសព្វព្រះហឫទ័យរំលែកទុក្ខលំបាកជាមួយរដ្ឋាភិបាលចិន។
«លោកប្រធានាធិបតី ក៏បានអរព្រះគុណព្រះមហាក្សត្រ និងព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលបានសព្វព្រះរាជហឫរាជឧបត្ថម្ភថវិកា ១០ម៉ឺន និង៥ម៉ឺនដុល្លារ សម្រាប់ជួយដល់ការលំបាករបស់ចិន»។ លោក កៅ កឹមហួន គូសបញ្ជាក់។
សូមបញ្ជាក់ថា ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០ បានសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានព្រះរាជសារជូន លោក ស៉ី ជីនពីង ចំពោះការផ្ទុះឡើងនូវមេរោគកូរ៉ូណា។ ក្នុងព្រះរាជសារលិខិតនោះ ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានបង្ហាញនូវអារម្មណ៍សោកសៅក្រៃលែង ចំពោះការផ្ទុះឡើងនៃវីរុសកូរ៉ូណា ដែលបានធ្វើឱ្យប៉ះពាល់ ដល់ប្រទេសចិន និងបណ្តាលឲ្យបាត់បង់ជីវិតប្រជាពលរដ្ឋ។
ស្របពេលជាមួយគ្នានេះ សម្តេចម៉ែ ទ្រង់ក៏បានសព្វព្រះហ ឫទ័យ ប្រទានរាជសារមួយជូនលោក ស៉ី ជិនពីង ដោយសម្តែងនូវសេចក្តីក្រៀមក្រំ ចំពោះប្រជាជនចិនជាបងប្អូន ដែលបានបាត់បង់ជីវិត និងរងគ្រោះដោយសារវីរ៉ុសកូរ៉ូណាថ្មី។ សម្តេចម៉ែ សូមចូលរួមរំលែកទុក្ខសោក របស់ប្រជាជនចិន ជាពិសេសក្រុមគ្រួសារនៃជនរងគ្រោះ ដែលបានបាត់បង់ជីវិត ដោយសារវីរ៉ុសនេះ៕