(ព្រៃវែង)៖ លោក ជា សុមេធី អភិបាលខេត្តព្រៃវែង បានលើកឡើងថា ដោយសារបទពិសោធន៍ជោគជ័យ កាលពីឆ្នាំចាស់រួចមកហើយនោះ សង្ក្រាន្តព្រៃវែងឆ្នាំ២០២០ នឹងរៀបឱ្យមានទស្សនីយភាព កាន់តែច្រើន ហើយប្លែកជាងឆ្នាំមុនៗ ដើម្បីផ្តល់ភាពសប្បាយរីករាយ ជាលក្ខណៈប្រពៃណីខ្មែរ តាមរយៈការរៀបចំពិធីសាសនា ការតាំងបង្ហាញនូវផលិតផលខ្មែរ ទស្សនីយ៍ភាពសិល្បៈ ល្បែងប្រជាប្រិយតាមប្រពៃណី និងទំនៀមទម្លាប់ពីដូនតា ជូនប្រជាពលរដ្ឋក្នុងខេត្តព្រៃវែងក៏ដូចជាភ្ញៀវជាតិ និងអន្តរជាតិ បានស្គាល់កាន់តែច្បាស់ពីវប្បធម៌ និងអរិយធម៌ដ៏រុងរឿង របស់ខ្មែរតាំងពីបុរាណកាល។
ការលើកឡើងបែបនេះ របស់លោក ជា សុមេធី បានធ្វើឡើងនារសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ ម្សិលមិញ នៅក្នុងឱកាសដែលលោក បានដឹកនាំកិច្ចប្រជុំត្រៀមរៀបចំសង្ក្រាន្តព្រៃវែង ឆ្នាំ២០២០ ជាមួយអង្គភាពពាក់ព័ន្ធនានានៅសាលប្រជុំសាលាខេត្តព្រៃវែង។
លោក ជាសុមេធី បានបន្តថា ដូច្នេះព្រឹត្តិការណ៍សង្រ្គាន្តព្រៃវែងនេះ អាចបំពេរនូវភាពសប្បាយរីករាយ មួយផ្នែកសម្រាប់ប្រជាពលរដ្ឋ និងរួមចំណែកថែរក្សា ប្រពៃណី ទំនៀមទម្លាប់ក៏ដូចជាវប្បធម៌ ជាមរតកដ៏មានតម្លៃ របស់បុព្វបុរសខ្មែរ និងថែមទាំងផ្តល់នូវជំនឿចិត្ត ដល់ប្រជាពលរដ្ឋកាន់តែខ្ពស់ លើរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនៃកម្ពុជា។
ទន្ទឹមនឹងនេះ លោក ជា សុមេធី ក៏បានឱ្យដឹងដែរថា សង្រ្គាន្តព្រៃវែង ឆ្នាំ២០២០នេះ មានការរៀបជាស្តង់ពិរពណ៍ជាតិ និងអន្តរជាតិ ប្រមាណជាង ១០០ស្តង់ ក្នុងនោះមានស្តង់លក់ចំណីអាហារ កន្លែងប្រារព្ធពិធីសាសនា និងកម្មវិធីកម្សាន្តជាច្រើនទៀតដូចជា៖ ការសម្តែងរបាំប្រពៃណី របាំត្រុដ របាំជូនពរ និងទម្រង់របាំជាច្រើនទៀត ហើយលោករំពឹងទុកថាមិនខុសពីឆ្នាំកន្លងទៅនោះទេ។
សូមបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំនោះផងដែរ លោក ជា សុមេធី ក៏បានឱ្យគណៈកម្មការទាំង៨ ដើម្បីលើកឡើងអំពីគម្រោង ផែនការសកម្មភាព របស់ខ្លួន និងគម្រោងថវិកាសម្រាប់ធ្វើការចំណាយនៅក្នុងការរៀបចំសង្ក្រាន្តព្រៃវែង ឆ្នាំ២០២០នេះ ធ្វើយ៉ាងណារៀបចំការងារនេះ ឱ្យបានរលូត។
លោកស្នងការនគរបាលខេត្តព្រៃវែង ក៏បានលើកឡើងអំពី ផែនការការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈសុវត្ថិភាព ជូនប្រជាពលរដ្ឋ ដែលមកលេងកម្សាន្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ សង្ក្រាន្តព្រៃវែង ឆ្នាំ២០២០ ដើម្បីធានាសុវត្ថិភាព ជូនពួកគាត់ឱ្យបានល្អប្រសើរ៕