(ភ្នំពេញ)៖ កម្លាំងអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ រួមជាមួយកម្លាំងអាជ្ញាធរសង្កាត់កាកាបទី២ ដឹកនាំដោយលោកអភិបាលរងខណ្ឌ ប៉ាង លីដា និងលោកចៅសង្កាត់កាកាបទី២ លោក ម៉ាលី ពិសិដ្ឋ បាននាំយកគ្រឿងចក្រចុះទៅធ្វើការរុះរើផ្ទះរបស់ប្រជាពលរដ្ឋចំនួន ១៣គ្រួសារ ដែលបាននាំគ្នាទៅសង់រំលោភយកដីប្រឡាយមួយកន្លែង។
មុននឹងឈានដល់ការចុះរុះរើបែបនេះ អាជ្ញាធរបានទប់ស្កាត់តាំងពីពេលដែលបងប្អូន ប្រជាពលរដ្ឋទាំងនោះរៀបចំសាងសង់មកម្ល៉េះ តែពួកគាត់មិនស្ដាប់នៅតែសង់ទាំងបំពាន រហូតអ្នកខ្លះសង់រួចនិងខ្លះជិតរួចទៅហើយ។
ទីតាំងប្រឡាយដែលទទួលរងការសង់ផ្ទះរំលោភបំពាននោះ មានទីតាំងស្ថិតនៅក្នុងភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវបានអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ នាំយកគ្រឿងចក្រចុះទៅធ្វើការរុះរើចេញវេលាព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០។
លោក ម៉ាលី ពិសិដ្ឋ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឲ្យដឹងថា ប្រជាពលរដ្ឋខាងលើទើបនាំគ្នាទៅចាប់យកដីប្រឡាយសង់ផ្ទះតូចៗរស់នៅរយៈពេល ១អាទិត្យប៉ុណ្ណោះ ហើយពួកគាត់ គឺជាអ្នកមកពីតំបន់បឹងកក់រាជធានីភ្នំពេញ។ អាជ្ញាធរសង្កាត់បានទទួលដំណឹងភ្លាមៗ ខណៈពេលដែលពួកគាត់ដឹកយកសម្ភារសង់ផ្ទះទៅកាន់ទីនោះដើម្បីសង់ផ្ទះលើប្រឡាយនេះ ហើយលោកក៏បានដឹកនាំកម្លាំងចុះទៅណែនាំមិនឲ្យពួកគាត់សាងសង់ឡើយ។
លោកចៅសង្កាត់រូបនេះ បានបន្តទៀតថា ប៉ុន្តែទោះជាខំរារាំងយ៉ាងណា ក៏ពួកគាត់មិនស្ដាប់ដែរនៅតែនាំគ្នាធ្វើការសាងសង់ផ្ទះឈើប្រក់ស័ង្កសី ព្រមទាំងបាំងជញ្ជាំងស័ង្កសីរបៀបជាផ្ទះអនាធិបតេយ្យ ហើយោយសារតែមិនអាចឃាត់ឈ្នះលោកបានរាយការណ៍ជូនសាលាខណ្ឌដើម្បីសុំគោលការណ៍។
រហូតមកដល់វេលាព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០ ទើបអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងសង្កាត់កាបកាបទី២ ដឹកនាំដោយលោកអភិបាលរងខណ្ឌ ប៉ាង លីដា និងរូបលោកផ្ទាល់ ដាក់គ្រឿងចក្រចុះទៅធ្វើការរុះរើ ចេញវិញដោយមិនទទួលខុសត្រូវលើការខូចខាតអ្វីទាំងអស់ ដើម្បីរំដោះយកប្រឡាយមេមកវិញ ទុកសម្រាប់រំដោះទឹកមិនឲ្យមានការលិចលង់ ផ្ទះសម្បែងប្រជាពលរដ្ឋរាប់រយខ្នងនារដូវវស្សា៕