(ភ្នំពេញ)៖ តបតាមសេចក្តីណែនាំ ក៏ដូចជាការអំពាវនាវរបស់ ក្រសួងអប់រំ យុវជន និងកីឡា សាលា អាយឌាលី អន្តរជាតិ បានចេញសេចក្តីជូនដំណឹង ដោយដាក់ចេញវិធានការមួយចំនួន ក្នុងការកាពារសិស្សរបស់ខ្លួន ពីជំងឺរលាកសួត ដែលបង្កដោយវីរ៉ុសកូរ៉ូណាប្រភេទថ្មី។
យោងតាមសេចក្តីជូនដំណឹងនេះ សាលា អាយឌាលី អន្តរជាតិ បានប្រាប់ឲ្យអនុវត្តន៍ដូចខាងក្រោម៖
*១៖ ត្រូវពាក់ម៉ាសការពារ ដោយគ្របលើមាត់ និងច្រមុះ។
*២៖ ត្រូវលាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬអាល់កុល។
*៣៖ ត្រូវបរិភោគអាហារដែលឆ្អិនល្អ។
*៤៖ ចៀសវាងប៉ះពាល់ជាមួយអ្នកដែលមានជំងឺ គ្រុនក្តៅ ក្អក។
*៥៖ ប្រសិនបើមានគ្រុនក្តៅ ក្អក និងពិបាកដកដង្ហើម ត្រូវស្វែងរកការព្យាបាលជាបន្ទាន់។
*៦៖ ក្រុមគ្រួសារដែលបានទៅកម្សាន្តនៅប្រទេសចិន សូមនៅផ្ទះតាមដានសុខភាព ១សប្តាហ៍សិន មុនឲ្យកូនមកសាលារៀន ឬចូលបម្រើការងារ។
*៧៖ ក្នុងករណីមានការសង្ស័យត្រូវរាយការណ៍មកការិយាល័យកណ្តាល និងទូរសព្ទជាបន្ទាន់ទៅលេខ ១១៥។
បន្ថែមលើសេចក្តីជូនដំណឹងនេះដែរ លោក លី ហាវ ស្ថាបនិក សាលា អាយឌាលី អន្តរជាតិ បានថ្លែងថា គ្រប់សាខាត្រូវអនុវត្តន៍ និងតាមដានជាប្រចាំ នូវសុខភាព និងអនាម័យរបស់សិស្សគ្រប់រូប ទាំងពេលចូលរៀន និងពេលចេញលេង។ ជាពិសេសត្រូវ មានសហការល្អជាមួយអាណាព្យាបាល និងតាមដានព័ត៌មានពីក្រសួងសុខាភិបាល និងក្រសួងអប់រំជាប្រចាំផងដែរ។
លោក លី ហាវ ថែមទាំងបានអំពាវនាវ ដល់អាណាព្យាបាល និងសិស្សានុសិស្ស មិនត្រូវមានការភ័យខ្លាចជំងឺនេះឡើយ ព្រោះបើសិនជាយើងធ្វើអនាម័យបានល្អ យើងក៏មិនឆ្លងជំងឺនេះបានដែរ។ លោកបញ្ជាក់ថា «ប្រសិនបើយើងបានចូលរួមរក្សាអនាម័យល្អហើយ ព្រមទាំងមានការយកចិត្តទុកដាក់ពីសាលាផង សូមបញ្ជូនកូនទៅសាលារៀនជាធម្មតា ដើម្បីកុំឲ្យមានការប៉ះពាល់ដល់ ការសិក្សារបស់ពួកគាត់»។
សូមបញ្ជាក់ថា បន្ទាប់ពីក្រសួងអប់រំ យុវជន និងកីឡាចេញសេចក្ដីណែនាំ ស្ដីពីការអនុវត្តន៍វិធានការបង្ការជំងឺរលាកសួត ដោយវីរុសកូរ៉ូណាថ្មីរួចមក, គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជននានា បានចូលរួមធ្វើសកម្មភាពទប់ស្កាត់ ការឆ្លងវីរុសនេះនៅតាមគ្រឹះស្ថានសិក្សារបស់ខ្លួន ដោយលើកទឹកចិត្តឲ្យបុគ្គលិក និងសិស្សានុសិស្ស ពាក់ម៉ាសការពារជាប្រចាំ មានការវាស់ស្ទង់សីតុណ្ហភាពក្នុងខ្លួន មុនពេលចូលរៀនជាដើម។
ក្រសួងអប់រំបានឲ្យដឹងថា ក្នុងនោះដែរក៏មានដាក់អាកុល សាប៊ូ សម្រាប់សិស្សលាងដៃ ឲ្យបានទៀងទាត់ និងញឹកញាប់ជាប្រចាំ ពិសេសមុនពេលបរិភោគអាហារ ឬក្រោយពេលប៉ះពាល់អ្វីដែលកខ្វក់ ព្រមទាំងមានការណែនាំឲ្យសិស្ស ចៀសវាងប៉ះពាល់អ្នកមានជំងឺផ្លូវដង្ហើម ប្រកាន់ខ្ជាប់នូវការអនុវត្តអនាម័យស្អាត សុវត្ថិភាពចំណីអាហារ មិនគួរទៅកាន់កន្លែងណាដែលមានមនុស្សអ៊ូអរពេក ព្រមទាំងបរិភោគទឹកឲ្យបានច្រើន។
កម្ពុជាបានរកឃើញករណីឆ្លងជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មី ដែលបង្កឡើងដោយវីរុសកូរ៉ូណានេះ នៅលើខ្លួនជនជាតិចិនម្នាក់ ដែលបានចាកចេញពីក្រុងវូហាន ប្រទេសចិន ដែលជាក្រុងផ្ទុះជំងឺមុនគេ ហើយមកដល់ក្រុងព្រះសីហនុ ប្រទេសកម្ពុជា កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០។ ជនជាតិចិនម្នាក់ដែលឆ្លងជំងឺនេះមានឈ្មោះ ចា ជិនហូរ (Jia Jianhua) ភេទប្រុស អាយុ៦០ឆ្នាំ ធ្វើដំណើរមកពីទីក្រុងវូហាន ខេត្តហ៊ូប៉ី ប្រទេសចិន ជាមួយក្រុមគ្រួសារ៣នាក់ទៀត។
ទោះជាយ៉ាងនេះក្តី រហូតដល់មកដល់ពេលនេះ ស្ថានភាពជនជាតិចិនដែលផ្ទុកជំងឺផ្លូវដង្ហើមថ្មី ហើយដាក់ឲ្យសម្រាកនៅបន្ទប់ដាច់ដោយឡែក នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុនោះ កំពុងមានសុខភាពល្អប្រសើរឡើង ដោយមិនមានអ្វីគួរឲ្យកត់សម្គាល់ទៀតឡើយ ខណៈដែលក្រុមគ្រួសាររបស់គាត់ទាំង៣នាក់ ពុំមានរោគសញ្ញានៃមេរោគកូរ៉ូណានោះទេ៕