(ភ្នំពេញ)៖ ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) លោកស្រី ឆាយ ស៊ីវលីន បានឱ្យដឹងថា ក្នុងដំណាក់កាលផ្ទុះការរីករាលដាលជំងឺរលាកសួត ដែលបង្កដោយវីរុសកូរ៉ូណាថ្មី (2019-nCoV) នាពេលបច្ចុប្បន្ននេះ បានធ្វើឱ្យភ្ញៀវទេសចរអន្តរជាតិលុបចោលដំណើរកម្សាន្តមកកម្ពុជាជាបន្តបន្ទាប់រៀងរាល់ថ្ងៃ។
នៅក្នុងសិក្ខាសាលាអប់រំ និងណែនាំពីវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺរលាកសួត (2019-nCoV) ដល់ប្រតិបត្តិករទេសចរណ៍ នាថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០ នៅវិទ្យាស្ថានជាតិអប់រំ លោកស្រី ឆាយ ស៊ីវលីន បានស្នើមានកិច្ចសហការពីក្រសួងទេសចរណ៍ ដើម្បីជួយគ្នាក្នុងការផ្សព្វផ្សាយពីផលិតផលទេសចរណ៍របស់កម្ពុជាឱ្យបានកាន់តែច្រើន។
លោកស្រីក៏បានស្នើដល់មូលដ្ឋានអាជីវកម្មទេសចរណ៍ សណ្ឋាគារ ភោជនីយដ្ឋាន ហាងលក់វត្ថុអនុស្សាវរីយ៍នានា សូមមានការបញ្ចុះតម្លៃផលិតផលរបស់ខ្លួន ដើម្បីឱ្យសមាគម CATA ជួយផ្សព្វផ្សាយរឿងនេះទៅដល់ភ្ញៀវទេសចរ ធ្វើយ៉ាងណាឱ្យពួកគេចាប់អារម្មណ៍ និងមកទស្សនាកម្ពុជាឡើងវិញ។
លោកស្រី ឆាយ ស៊ីវលីន ក៏បានលើកឡើងពីសំណើសុំការបន្ធូរបន្ថយការប្រើប្រាស់ថាមពលអគ្គិសនី ទឹក និងសេវាផ្សេងទៀតពីភាគីរដ្ឋផងដែរ ពិសេសគឺការសម្រួលមធ្យោបាយ ក្នុងការផ្ដល់អាជ្ញាបណ្ណអាជីវកម្ម ក៏ដូចជាការបន្តអាជ្ញាបណ្ណអាជីវកម្មជាដើម។
នាឱកាសនោះ លោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានឱ្យដឹងថា ក្នុងដំណាក់កាលតានតឹងនេះ គ្រប់ក្រុមហ៊ុនទីភ្នាក់ងារទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ ក៏ដូចជាអាជ្ញាធរតាមមូលដ្ឋានរមណីយដ្ឋានទេសចរណ៍នានា ត្រូវរួមគ្នាបង្កើតព្រឹត្តិការណ៍ទេសចរណ៍ឱ្យបានច្រើន ដើម្បីទាក់ទាញការមកទស្សនារបស់ភ្ញៀវទេសចរជាតិ-អន្តរជាតិ។
ត្រង់ចំណុចនេះ លោកបានបញ្ជាក់ថា «កាលណាបើយើងនាំគ្នានៅស្ងៀមស្ងាត់ វាទៅជាបង្កការភ័យខ្លាចទៅវិញ ដូច្នេះយើងត្រូវនាំគ្នាធ្វើសកម្មភាព បង្កើតព្រឹត្តិការណ៍កម្សាន្តឱ្យច្រើន ដើម្បីដេញការភ័យខ្លាច និងនាំមកនូវសកម្មភាពទេសចរណ៍ឡើងវិញ»។
លោករដ្ឋលេខាធិការក៏បានផ្សព្វផ្សាយពីការត្រៀមរៀបចំកម្មវិធីធំមួយនៅរាជធានីភ្នំពេញ ដោយក្រសួងទេសចរណ៍បានសហការជាមួយស្ថានទូតសិង្ហបុរីប្រចាំកម្ពុជា នឹងរៀបចំព្រឹត្តិការណ៍ទេសចរណ៍មួយដោយភ្ជាប់ទៅនឹងម្ហូបអាហារដ៏ធំមួយ ចាប់ពីថ្ងៃទី១៥-២៩ ខែកុម្ភៈ ឆ្នាំ២០២០២ ខាងមុខ។ ដូច្នេះលោកបានអំពាវនាវសូមឱ្យគ្រប់ផ្នែកទាំងអស់ក្នុងវិស័យទេសចរណ៍ចូលរួមឱ្យបានច្រើនកុះករ។
សូមជម្រាបថា នៅឆ្នាំ២០១៩ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៦.៦លាននាក់ កើនឡើង ៦.៦ភាគរយ និងចលនាទេសចរក្នុងប្រទេសប្រមាណជាង ១០លាននាក់ទៀត៕