(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់ថា និស្សិតនាយទាហានទ័ពជើងគោកជំនាន់ទី៨ សច្ចាប្រណិធាននៅវិមានឈ្នះឈ្នះ គាំទ្រចំពោះការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ការពារសុខសន្តិភាព និងថែរក្សាគំរូវីរភាពដ៏អង់អាចក្លាហាន របស់វីរយុទ្ធជន យុទ្ធនារីដែលបានពលីកម្ម ក្នុងបុព្វហេតុតស៊ូរំដោះជាតិកន្លងមក។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ដឹកនាំកម្មវិធីនេះនៅថ្ងៃទី៦ ខែកុម្ភៈ ឆាំ២០២០នេះ ដើម្បីធ្វើសច្ចាប្រណិធានរបស់និស្សិតនាយទាហានទ័ពជើងគោកជំនាន់ទី៨ ចំនួន ២២៧នាក់ ក្នុងនោះមាននិស្សិតជានារី ចំនួន៣៨នាក់ បន្ទាប់ពីបានបញ្ចប់ការហ្វឹកហ្វឺននូវក្បួនច្បាប់យោធា និងចំណេះដឹងទូទៅនៅឯវិទ្យាស្ថានទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ខេត្តកំពង់ស្ពឺ។
បន្ថែមពីនេះ និស្សិតនាយទាហានទាំងអស់ បានចុះអនុវត្តជាក់ស្ដែងនៅលើទីលាននៃតំបន់វាលរាប តំបន់ភ្នំ និងការចុះដកពិសោធន៍ការងារ តាមបណ្ដាកងឯកភាព របស់កងយោធពលខេមរភូមិន្ទ នៅតាមតំបន់ព្រំដែន អស់រយៈពេល៤ ឆ្នាំមកនោះ ក៏ត្រូវបានគណៈកម្មាធិការហ្វឹកហ្វឺន នៃកងយោធពលខេមរភូមិន្ទ និងគណៈគ្រប់គ្រងវិទ្យាស្ថានទ័ពជើងគោក រៀបចំឱ្យនិស្សិតនាយទាហាន ទ័ពជើងគោក ជំនាន់ទី៨ទាំងអស់ ក៏បានធ្វើសច្ចាប្រណិធាន នៅមុខដួងព្រលឹងនៃវិញ្ញាណក្ខន្ធបុព្វបុរសខ្មែរ និងវីរយុទ្ធជន យុទ្ធនារី នៃកងយោធពលខេមរភូមិន្ទ នៅវិមានឈ្នះ-ឈ្នះ ដើម្បីជាសាក្ខីភាពបញ្ជាក់ពីភាពស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ ព្រមទាំងរាជរដ្ឋាភិបាល ប្រជាជន និងទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានក្រើនរំឭក ដល់និស្សិតនាយទាហានទ័ពជើងគោកជំនាន់ទី៨ ទាំងអស់ យ៉ាងដូច្នេះថា៖ «ត្រូវស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងហ៊ានធ្វើពលីកម្មគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុការពារជាតិ មាតុភូមិអស់មួយជីវិត។ ជាមួយគ្នានេះដែរ និស្សិតទាំងអស់ ក៏ត្រូវយកអស់ពីកម្លាំងកាយចិត្តគោរព និងការពារច្បាប់រដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពារសុខសន្តិភាព អរគុណសន្តិភាព អរគុណគោលនយោបាយឈ្នះ-ឈ្នះ ដឹងគុណស្ថាបនិក និងប្រតិបត្តិករនយោបាយឈ្នះ-ឈ្នះ»។
ជំនួសមុខឱ្យសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ, នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ, នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងបង្ហាត់បង្រៀន ពីសំណាក់យោធាចារ្យ សាស្ត្រាចារ្យក្នុងវិទ្យាស្ថាន និងការចូលរួមពីគ្រឹះស្ថាននានា ដល់នាយទាហានវ័យក្មេង ជំនាន់ក្រោយប្រកបដោយសមត្ថភាព គុណភាព ដែលអាចឱ្យនាយទាហានរបស់យើងពេលចេញទៅបំពេញការងារតាមបណ្ដាកងឯកភាពកងយោធពលខេមរភូមិន្ទ នៅទូទាំងប្រទេស និងតំបន់ព្រំដែន អាចស្នងជំនួសនាយទាហានដែលមានវ័យចំណាស់ៗ អាចសម្រាកចូលនិវត្តន៍ពីការងារដែលហត់នឿយជាយូរមកហើយនោះ បានប្រកបដោយប្រសិទ្ធព។
ក្នុងពិធីសច្ចាប្រណិធាននោះដែរ ឧត្តមសេនីយ៍ឯក ម៉ម យឿន នាយកវិទ្យាស្ថានទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ បានរាយការណ៍ឱ្យដឹងថា វិទ្យាស្ថានទ័ពជើងគោក បានទទួលបញ្ជាឱ្យធ្វើការហ្វឹកហ្វឺន និងបណ្ដុះបណ្ដាលនាយទាហានទ័ពជើងគោកជំនាន់ទី៨ ដែលមានរយៈពេល៤ឆ្នាំ ចាប់ពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦ មានសិក្ខាកាមជានិស្សិតនាយទាហាន ចូលហ្វឹកហ្វឺនរៀនសូត្រចំនួន ២២៧នាក់ ក្នុងនោះមានស្ត្រី ៣៨នាក់ ដែលបានប្រឡងចូលជានាយទាហាន មកពីគ្រប់បណ្ដាខេត្ត នៅទូទាំងប្រទេស និងបានរៀបចំកម្មវិធីហ្វឹកហ្វឺនមានដូចជា៖
* ក្នុងឆ្នាំសិក្សាទី១៖ គឺក្នុងឆ្នាំ២០១៦ និស្សិតនាយទាហានទាំងអស់ ត្រូវបានគណៈគ្រប់គ្រងវិទ្យាស្ថានដាក់កម្មវិធីឱ្យ ហ្វឹកហ្វឺនយុទ្ធវិធីកម្រិតបុគ្គល ដល់កម្រិតនាយក្រុម។
* ក្នុងឆ្នាំទី២៖ ក្នុងឆ្នាំ២០១៧ និស្សិតនាយទាហានទាំងអស់ ត្រូវហ្វឹកហ្វឺនចំណេះដឹងយោធា ថ្នាក់មូលដ្ឋាន និងចំណេះដឹងទូទៅ។
* រីឯឆ្នាំទី៣៖ ក្នុងឆ្នាំ២០១៨ វិទ្យាស្ថានបានតម្រូវឱ្យសិស្សហ្វឹកហ្វឺនយុទ្ធវិធីពីរកម្រិតមេបញ្ជាការកងអនុសេនាតូច កងអនុសេនាធំ នឹងបានសិក្សាស្វែងយល់មួយជំហានមុន អំពីមុខវិជ្ជាអន្តរាវុធ នៅក្នុងវិទ្យាស្ថាន រួមទាំងបានចុះទៅហ្វឹកហាត់ជំនាញលោតឆ័ត្រយោងប៉ារ៉ា ជំនាន់ទី២៧ នៅកងពលតូចទ័ពពិសេសឆ័ត្រយោងលេខ៩១១ ផងដែរ។
* សម្រាប់ឆ្នាំទី៤៖ គឺឆ្នាំ២០១៩ ដែលជាឆ្នាំបញ្ចប់ និស្សិតនាយទាហានទាំងអស់ ត្រូវបានវិទ្យាស្ថានទ័ពជើងគោក ធ្វើកិច្ចសហប្រតិបត្តិការល្អពីកងទ័ពរំដោះប្រជាជនចិន រៀបចំឱ្យនិស្សិតទាំងអស់ ចេញទៅហ្វឹកហ្វឺនជំនាញ ឯកទេសអន្តរាវុធបន្ថែម នៅសាធារណរដ្ឋប្រជាមានិតចិន រយៈពេល ៦ខែ និងចាត់ឱ្យមានកម្មវិធីចុះដកពិសោធន៍ អនុវត្តជាក់ស្ដែង នៅកងពលតូចអន្តរាគមន៍លេខ៩ ចំណុះឱ្យកងពលធំអន្តរាគមន៍លេខ៣ ដែលមានរយៈពេល ៣២ថ្ងៃ ដើម្បីប្រមូលទិន្នន័យ សម្រាប់សរសេរសារណា និងហ្វឹកហាត់សម្ដែង លំហាត់សំយោគអន្តរាវុធបញ្ចប់វគ្គសិក្សា តាមការគ្រោងទុករបស់វិទ្យាស្ថាន ហើយនឹងប្រារព្ធធ្វើពិធីបិទវគ្គសិក្សា នៅក្នុងខែកុម្ភៈ ឆ្នាំ២០២០ ខាងមុខនេះ៕