(ភ្នំពេញ)៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ ក្រោមការបញ្ជាពីលោក ជា ពិសី អភិបាលខណ្ឌ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចាត់វិធានការ រុះរើសំណង់សំយ៉ាបស័ង្កសីចំនួន៣ ក្នុងចំណោមសំណង់ចំនួន ៨ផ្ទះផ្សេងទៀត ដែលសាងសង់លើដីចំណីផ្លូវសាធារណៈរបស់រដ្ឋ។ ពោលក់ព័ន្ធការពង្រីកផ្លូវបន្ថែម បន្ទាប់ពីអាជ្ញាធរចេញសេចក្ដីជូន ដំណឹងច្រើនលើកច្រើនសារមកហើយ ដើម្បីឲ្យរុះរើចេញដោយខ្លួនឯង ក្នុងរយៈពេល៧ថ្ងៃ តាមរយៈការដោះស្រាយដោយគោលនយោបាយឈ្នះឈ្នះ ទាំងអស់គ្នា នៅក្នុងយុទ្ធនាការរំដោះចំណី ចិញ្ចើមផ្លូវ រៀបចំសណ្ដាប់ធ្នាប់ និងរបៀបរៀបរយ ដែលជាផែនការរួមរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។
វិធានការរុះរើសំណង់ចំនួន៣ ក្នុងចំណោមសំណង់ចំនួន៣ផ្ទះ ក្នុងចំណោមសំណង់៨ផ្ទះ នៅក្នុងយុទ្ធនាការរំដោះចំណីចិញ្ចើមផ្លូវ រៀបចំសណ្ដាប់ធ្នាប់ និងរបៀបរៀបរយខាងលើនេះ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌ ដោយមានការចូលរួមពីលោក លឹម សាម៉ឺឌី ប្រធានការិយាល័យអន្តរវិស័យខណ្ឌ អាជ្ញាធរសង្កាត់ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត នៅតាមបណ្ដោយផ្លូវបេតុង (កែងអតីតផ្លូវរថភ្លើង) ក្រុមទី៣ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ នាព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ។
លោក ប្រាជ្ញ សីហា បានបញ្ជាក់ថា ចំពោះការចាត់វិធានការរុះរើសំណង់ស័ង្កសីចំនួន ៣ផ្ទះ ក្នុងចំណោមសំណង់ផ្ទះចំនួន ៨ផ្ទះនេះ ដែលសាងសង់ប៉ះពាល់លើចំណីផ្លូវសាធារណៈរបស់រដ្ឋ គឺបានធ្វើឡើងជាបន្ទាន់ភ្លាមៗ នៅក្នុងយុទ្ធនាការបន្តរំដោះចំណីចិញ្ចើមផ្លូវរបស់រដ្ឋ រៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយ ក្រោយពីម្ចាស់សំណង់ឯកភាពទទួលយកការដោះស្រាយ ដោយគោលនយោបាយឈ្នះឈ្នះ ទាំងអស់គ្នារបស់អាជ្ញាធរពាក់ព័ន្ធការពង្រីផ្លូវឲ្យបាន ២០ម៉ែត្របន្ថែមទៀតនៅពេលខាងមុខ ដែលជាផែនការរួមរបស់សាលារាជធានីភ្នំពេញ។
បន្ថែមពីនេះ លោក លឹម សាម៉ឺឌី បានឲ្យដឹងថា ក្រៅពីចាត់វិធានការរុះរើសំណង់ស័ង្កសីពីលើផ្លូវសាធារណៈរបស់រដ្ឋ ដើម្បីពង្រីកផ្លូវបន្ថែមនៅពេលខាងមុខ ខណៈសំណង់ចំនួន ៥ផ្ទះផ្សេងទៀត នូវពុំទាន់ឯកភាពទទួលយកការដោះស្រាយដោយគោលនយោបាយឈ្នះឈ្នះ ទាំងអស់គ្នានោះទេ គឺកម្លាំងអាជ្ញាធរខណ្ឌ និងសង្កាត់ បានបន្តរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយ នៅក្នុងយុទ្ធនាការបន្តរំដោះចំណីចិញ្ចើមផ្លូវ ក្នុងទិសដៅរំដោះទាំងការកកស្ទះចរាចរណ៍ និងការរំលោភបំពានយកចិញ្ចើមផ្លូវសាធារណៈរបស់រដ្ឋ ទៅប្រកបអាជីវកម្មផ្សេងៗផ្ទាល់ខ្លួន ពីសំណាក់ប្រជាអាជីវករមួយចំនួនតូច ក្រោពីអាជ្ញាធរចេញសេចក្ដីជូនដំណឹងច្រើនលើក ច្រើនសារមកហើយ ដើម្បីរក្សាបាននូវនិត្យានុកូលភាពនៃច្បាប់ ប្រសិទ្ធភាពក្នុងការគ្រប់គ្រងរដ្ឋបាលដែនដី ក៍ដូចជា ដំណើរការពង្រីកផ្លូវទៅតាមប្លង់គោលរបស់រដ្ឋបាលរាជធានីភ្នំពេញ៕