(ភ្នំពេញ)៖ នាពេលថ្មីៗនេះបន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ថ្លែងសារអំពីស្ថានភាពជំងឺរលាកផ្លូវដង្ហើមថ្មី ដែលបង្កដោយវីរុសកូរ៉ូណា នៅក្នុងប្រទេសកម្ពុជា, សារភាពព័ត៌មានចិនបានផ្សព្វផ្សាយជាបន្ដបន្ទាប់ នៅអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន ដែលបានអំពាវនាវឲ្យប្រជាជនខ្មែរ ជឿទុកចិត្តប្រទេសចិនដែលអាចដោះស្រាយព្រឹត្តិការណ៍នេះដោយខ្លួនឯង។
ចាប់តាំងពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០មក មានប្រជាជនចិនជាច្រើននាក់បានចូលមកសរសេរសារថា «សូមថ្លែងអំណរគុណ និងទឹកចិត្តរបស់សម្ដេចតេជោ ហ៊ុន សែន ដែលបានបង្ហាញនូវការគាំទ្រ និងមានជំនឿទុកចិត្តចំពោះរដ្ឋាភិបាលចិន និងប្រជាជនចិន ក្នុងការប្រយុទ្ធប្រឆាំងប្រឹងយកឈ្នះជាមួយនឹងសង្គ្រាម ដែលមើលមិនឃើញនេះ»។
ប្រជាជនចិនបានអះអាងទៀតថា ទឹកចិត្តរបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឲ្យប្រជាជនចិនមានអារម្មណ៍កក់ក្ដៅក្នុងចិត្ត ខណៈដែលប្រទេសមួយនេះ កំពុងស្ថិតក្នុងកាលៈទេសៈដ៏លំបាកនេះ។ ពួកគេបញ្ជាក់ថា «ការធ្វើដំណើរយូរទើបដឹងកម្លាំងសេះ នៅពេលប្រឈមនឹងគ្រាលំបាកបាន គឺកាន់ដឹងច្បាស់ណាស់ថា ប្រទេសកម្ពុជាជាមិត្តភ័ក្ដិល្អ ជាអ្នកជិតខាងល្អ និងជាបងប្អូនល្អរបស់ប្រទេសចិន»។
ជាមួយគ្នានេះ វិនិយោគិនចិនដែលរស់នៅស្រុកខ្មែរ ក៏បានលើកឡើងដែរថា សម្ដេចតេជោ ហ៊ុន សែន ស្រលាញ់ប្រជាជនដោយមិនប្រកាន់ថា ជាជនជាតិខ្មែរ ឬក៏ជាជនជាតិចិន មិនរើសអើងជាតិសាសន៍ ធ្វើឲ្យយើងខ្ញុំរំភើបចិត្តខ្លាំងណាស់។ ជនជាតិចិនដែលរកស៉ីនៅស្រុកខ្មែរ នឹងមិនភ្លេចគុណកម្ពុជានោះទេ ហើយការលំបាករបស់យើង គឺគ្រាន់តែជាគ្រាបណ្ដោះអាសន្នប៉ុណ្ណោះ។
ជនជាតិចិនទាំងអស់នោះ បានគូសបញ្ជាក់ទៀតថា បន្ទាប់ពីយកឈ្នះលើជំងឺរលាកផ្លូវដង្ហើមថ្មីនេះ ចិន និងកម្ពុជា ពួតដៃជាមួយគ្នា អភិវឌ្ឍន៍ជាមួយគ្នាឆ្ពោះទៅមុខ៕