(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានអញ្ជើញបិទកិច្ចប្រជុំបូកសរុប លទ្ធផលការងារឆ្នាំ២០១៩ និងទិសដៅអនុវត្តឆ្នាំ២០២០ របស់អគ្គនាយកដ្ឋានកៅស៊ូ។
លោក ប៉ុល សុផា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកៅស៊ូ បានរាយការណ៍ ជូនអង្គពិធីជ្រាបដោយសង្ខេបអំពីលទ្ធផល សម្រេចបាននាឆ្នាំកន្លងមក និងលទ្ធផលនៃកិច្ចប្រជុំរយៈពេល២ថ្ងៃកន្លងមក ដោយបានរំលេចពីសមិទ្ធផលសំខាន់ៗ ទាក់ទងនឹងការងារគ្រប់គ្រង ការងារស្រាវជ្រាវ ផ្សព្វផ្សាយ ការរៀបចំ និងការ អនុវត្តលិខិតបទដ្ឋានគតិយុត្ត ការងារបណ្តុះបណ្តាល ការអភិវឌ្ឍន៍កៅស៊ូគ្រួសារ កៅស៊ូក្រុមហ៊ុន សមាគមអភិវឌ្ឍកៅស៊ូកម្ពុជា ទីផ្សារកៅស៊ូ ការនាំចេញ តម្លៃ ផ្ទៃដីដាំដុះ កិច្ចសហប្រតិបត្តិការ អន្តរជាតិ បញ្ហាប្រឈម ទិសដៅនិងផែនការអនុវត្តបន្ត។
លោករដ្ឋមន្ត្រី វេង សាខុន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះពេល វេលាដ៏មានតម្លៃដែលក្រុមហ៊ុនឯកជន ដៃគូអភិវឌ្ឍន៍ និងប្រតិបត្តិករក្នុងវិស័យកៅស៊ូទាំងអស់ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំបូកនេះ ដែលជាឱកាសចែករំលែកមេរៀន យោបល់ និងបទពិសោធន៍ល្អៗ លើកឡើងពីបញ្ហាប្រឈម ចំណុចខ្លាំង ចំណុចខ្សោយ និងវិធានការដោះស្រាយក្នុងទិសដៅធ្វើយ៉ាងណា ឱ្យវិស័យកៅស៊ូមានការអភិវឌ្ឍល្អប្រសើរ។
ជាមួយគ្នានេះ លោកបានកោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្រ្តីនៃអគ្គនាយកដ្ឋានកៅស៊ូទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញ ភារកិច្ចរបស់ខ្លួនអស់រយៈពេល១ឆ្នាំកន្លងមកនេះ ដោយទទួលបានលទ្ធផលល្អប្រសើរ។
លោករដ្ឋមន្ត្រីបានលើកឡើងថា ឧស្សាហកម្មកៅស៊ូធម្មជាតិ ជាវិស័យមួយដ៏សំខាន់ក្នុងវិស័យកសិកម្ម ដែលកន្លងមកក្នុងយុទ្ធសាស្រ្តចតុកោណ របស់រាជរដ្ឋាភិបាលកម្ពុជា ក៏បានជំរុញការអភិវឌ្ឍកៅស៊ូ ឱ្យសម្រេចបានជោគជ័យតាមផែនការអភិវឌ្ឍន៍ឧស្សាហកម្មកៅស៊ូធម្មជាតិ នៅកម្ពុជាឆ្នាំ២០១១-២០២០ផងដែរ។
លោករដ្ឋមន្ត្រីបន្តថា កៅស៊ូធម្មជាតិ គឺជាដំណាំយុទ្ធសាស្រ្តមួយប្រភេទ ដែលបានផ្តល់ប្រយោជន៍ជាច្រើន ព្រមទាំងបានចូលរួមលើកកម្ពស់សេដ្ឋកិច្ចជាតិ សេដ្ឋកិច្ចគ្រួសារ កាត់បន្ថយភាពក្រីក្រ បង្កើតការងារ កាត់បន្ថយការធ្វើចំណាកស្រុក ផ្តល់ឈើសម្រាប់ប្រើប្រាស់ជាឈើឥន្ធនៈ ចូលរួមចំណែកជួយកាត់បន្ថយការកាប់បំផ្លាញព្រៃឈើ ការពារការហូរច្រោះដី និងជាគម្របព្រៃឈើ។
ឆ្លើយតបទៅនឹងពហុប្រយោជន៍ដ៏ធំធេងនេះ ក្រសួងដែលមានអគ្គនាយកដ្ឋានកៅស៊ូជាសេនាការ បានយកចិត្តទុកដាក់ខ្ពស់ ក្នុងការអភិវឌ្ឍឧស្សាហកម្មកៅស៊ូធម្មជាតិ ឱ្យកាន់តែល្អប្រសើរឡើង និងមានភាពប្រកួតប្រជែង តាមរយៈការដាក់បញ្ចូលផែនការ អភិវឌ្ឍន៍ឧស្សាហកម្មកៅស៊ូធម្មជាតិ ទៅក្នុងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ វិស័យកសិកម្ម២០១៩-២០២៣ យុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០១៩- ២០២៣ និងបន្តជំរុញការអនុវត្តផែនការ យុទ្ធសាស្ត្រអភិវឌ្ឍន៍កៅស៊ូធម្មជាតិ ឆ្ពោះទៅឆ្នាំ២០៣០ ឱ្យបានជោគជ័យតាមគោលដៅគ្រោងទុក។
លោក វេង សាខុន បានបញ្ជាក់ថា ដើម្បីដើរដល់គោលដៅដែលបានដាក់ចុះ អគ្គនាយកដ្ឋានកៅស៊ូ ត្រូវតែបំពេញកាតព្វកិច្ចរបស់ខ្លួនឱ្យបានគ្រប់ជ្រុងជ្រោយ មានប្រសិទ្ធភាព គឺត្រូវខិតខំរិះរកគ្រប់មធ្យោបាយ និងវិធានការសម ស្របដើម្បីចូលរួមដោះស្រាយបញ្ហា តាមរយ:ធ្វើការសហការជាមួយអន្តរស្ថាប័នជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍន៍ ប្រតិបត្តិករកៅស៊ូ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដើម្បីឈានទៅកែលម្អបរិយាកាសវិនិយោគ និងការបញ្ចូលបច្ចេកវិទ្យាថ្មី ក្នុងខ្សែចង្វាក់ផលិកម្ម រួមជាមួយនឹងការបន្តអនុវត្តន៍អភិ ក្រម «រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍ និងសហគមន៍» ជាមួយបណ្តាសមាគមដាំដុះកៅស៊ូ ប្រកបដោយភាពម្ចាស់ការ និងប្រសិទ្ធផលខ្ពស់។
ក្រៅពីច្បាប់ លិខិតបទដ្ឋានគតិយុត្ត ផែនការសកម្មភាព និងយុទ្ធសាស្រ្តអភិវឌ្ឍន៍កៅស៊ូដែលបានកំណត់ ឬចង្អុលបង្ហាញឱ្យអគ្គនាយកដ្ឋានកៅស៊ូអនុវត្ត ដើម្បីធ្វើការគ្រប់គ្រងដឹកនាំ និងអភិវឌ្ឍន៍វិស័យកៅស៊ូប្រកបដោយនិរន្តរភាព លោករដ្ឋមន្ត្រីបានយកឱកាសនេះ ក្រើនរំឭកបន្ថែមទៀតនូវអនុសាសន៍ពីឆ្នាំមុន ព្រមទាំងផ្ដល់មតិណែនាំ និងផ្ដាំផ្ញើបន្ថែមមួយចំនួនទៀត ដើម្បីជាធាតុចូលសម្រាប់ថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់លំដាប់ថ្នាក់យកទៅត្រិះរិះពិចារណា គិតគូ ស្វែងរកវិធីសាស្រ្តថ្មីៗបន្ថែមទៀត ដើម្បីអភិវឌ្ឍន៍វិស័យកៅស៊ូឱ្យមានការរីកចម្រើន សមស្របតាមបរិបទនៃកំណើនសេដ្ឋកិច្ច សាកលភាវូបនីយកម្ម ការរីកចម្រើនផ្នែកបច្ចេកវិទ្យាថ្មីៗ និងការប្រកួតប្រជែងទីផ្សារ ដែលអនុសាសន៍ទាំងនោះរួមមាន៖
* ត្រូវធ្វើបច្ចុប្បន្នភាពផែន ការយុទ្ធសាស្រ្តអភិវឌ្ឍន៍ដំណាំកៅស៊ូ បន្តពង្រឹង និងពង្រីកកិច្ចសហការជាមួយបណ្ដាក្រុមហ៊ុនប្រតិបត្តិករ ដៃគូអភិវឌ្ឍន៍ ធនាគារ និងសមាគមកៅស៊ូ និងក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ចដាំកៅស៊ូ ជាពិសេសជាមួយសមាគមអភិវឌ្ឍន៍កៅស៊ូកម្ពុជា (ARDC) ពង្រឹងការងារស្រាវជ្រាវ បណ្តុះបណ្តាល ផ្សព្វផ្សាយទាំងការអនុវត្តច្បាប់។
* រៀបចំបច្ចេកទេសឱ្យបានសមស្របតាមនិន្នាការនៃកំណើនសេដ្ឋកិច្ច ការប្រែប្រួលអាកាសធាតុ និងបរិយាប័ន្ន ពង្រឹងការងារគ្រប់គ្រង និងអភិវឌ្ឍន៍សមាគមកៅស៊ូគ្រួសារ បន្តកៀរគរប្រភពហិរញ្ញប្បទាន ឬបច្ចេកវិទ្យាពីដៃគូអភិវឌ្ឍន៍។
ដោយឡែកចំពោះការងាររដ្ឋបាល លោករដ្ឋមន្រ្តីបានណែនាំឱ្យថ្នាក់ដឹកនាំ និងមន្រ្តីក្រោមឱវាទត្រូវយកចិត្តទុក ដាក់ពង្រឹងការងារដឹកនាំ គ្រប់គ្រង និងទទួលខុសត្រូវខ្ពស់ គោរពវិន័យ ក្រមសីលធម៌ រក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងការគោរពវិជ្ជាជីវៈរបស់មន្រ្តីរាជការឱ្យបានខ្ជាប់ខ្ជួន។
សូមជម្រាបថា នៅឆ្នាំ២០១៩ កម្ពុជាបាននាំចេញជ័រកៅស៊ូជិត៣០ម៉ឺនតោន កើនឡើង៣០ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំពោះចំណូលបានពីការនាំចេញកៅស៊ូ មានជិត៤០០លានដុល្លារ នៅឆ្នាំ២០១៩។ តម្លៃជាមធ្យមជ័រកៅស៊ូជាមធ្យម១,៣៣៦ដុល្លារក្នុង១តោន។
គិតមកដល់បច្ចុប្បន្ននេះ កម្ពុជាមានផ្ទៃដីកៅស៊ូសរុបមានចំនួន ៤០៦,១៤២ ហិកតា ក្នុងនោះផ្ទៃដីចៀរជ័រមានចំនួន២៤៧,១១៣ហិកតា៕