(ភ្នំពេញ)៖ ទីតាំងបង្កប់ល្បែងហ្គេមបាញ់ត្រីមួយកន្លែង ចំនួន២គ្រឿង និងមានទាំងថ្នាំញៀន៤កញ្ចប់ផងដែរ ត្រូវបានរកឃើញ និងដកហូត ដោយកម្លាំងគណៈបញ្ជាការឯកភាពសង្កាត់ទួលសង្កែទី១ ដឹកនាំដោយលោកស្រី រាជ ផាវឿន តាមបទបញ្ជាលោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌឫស្សីកែវ ក្រោមការណែនាំរបស់លោក ជា ពិសី អភិបាលខណ្ឌ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ខមន្ត្រីនៃកម្ពុជា។
ប្រតិបត្តិការបង្ក្រាបល្បែងហ្គេមបាញ់ត្រី របស់កម្លាំងគណៈបញ្ជាការឯកភាពសង្កាត់ទួលសង្កែទី១ នៃគណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ ខាងលើនេះ បានធ្វើឡើងនៅយប់ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតនៅក្រុមទី១៥ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ក្នុងរង្វង់ប្រតិបត្តិការនេះ លោក ជា ពិសី បានជំរុញបន្ថែមទៀតឲ្យកម្លាំងគណៈបញ្ជាការឯកភាពតាមបណ្ដាសង្កាត់ទាំង៧ យកចិត្តទុកដាក់ខ្ពស់ លើការស្រាវជ្រាវ និងជាក់ស្ដែង តាមរយៈយុទ្ធនាការចុះរដ្ឋបាលគ្រឿងញៀន ក្នុងទិសដៅពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយ ពិសេសការទប់ស្កាត់ បញ្ហាប្រើប្រាស់ ចែកចាយ និងជួញដូរគ្រឿងញៀន ក៍ដូចជាបទល្មើសផ្សេងៗទៀត ដើម្បីអនុវត្តឲ្យមានប្រសិទ្ធភាព ចំពោះគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព ដែលស្ថិតក្រោមការណែនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ៕