(ភ្នំពេញ)៖ សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល (ស.វ.ស) ពេញមួយថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានសហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម រួមជាមួយក្រុមហ៊ុនទឹកពិសា វីតាល់ ដើម្បីប្រារព្ធពិធីបរិច្ចាគឈាមដោយស្មគ្រ័ចិត្ត និងមិនគិតកម្រៃលើកទី១ ឆ្នាំ២០២០ ក្រោមប្រធានបទ «ចែករំលែកជីវិត គឺបរិច្ចាគឈាមទាំងអស់គ្នា» ក្រោមវត្តមានលោកសាស្រ្តាចារ្យ ស៊ា ហួង រដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងលោកសាស្ត្រាចារ្យ រដ្ឋមន្ត្រីក្រសួងសុខាភិបាល, លោកសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម លោកស្រី តាន់ សុឃា ប្រធានគ្រប់គ្រងម៉ាកសញ្ញា ក្រុមហ៊ុនវីតាល់ និងភ្ញៀវកិត្តយស និងនិស្សិតជាច្រើននាក់ផ្សេងទៀតផងដែរ។
សាស្ត្រាចារ្យសាកលវិទ្យាល័យ វិទ្យាសាស្ត្រសុខាភិបាល បានឲ្យដឹងថា មន្រ្តីចាប់ពីឆ្នាំ២០១៣ ដោយមានការសហការជាមួយក្រុមហ៊ុនវីតាល់ និងមជ្ឈមណ្ឌលជាតិ ផ្តល់ឈាម សាកលវិទ្យាល័យ វិទ្យាសាស្ត្រសុខាភិបាល បានរៀបំកម្មវិធីទទួលយកអំណោយឈាម ពីសប្បុរស ជាពិសេសពីនិស្សិត សាកលវិទ្យាល័យវិទ្យាសាស្រ្ត សុខាភិបាលគ្រប់ជំនាញ ដើម្បីបំពេញបន្ថែមពីនៃកង្វះឈាម ទូទាំងប្រទេស ។
លោកសាស្រ្តាចារ្យ ស៊ា ហួង បានអបអរសាទរ ដល់ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លារបស់និស្សិតសាកលវិទ្យាល័យទាំងឡាយ ដែលប្អូនៗមានសណ្តានចិត្ត សប្បុរសក្នុងការបរិច្ចាគឈាម ជាទៀងទាត់រៀងរាល់ឆ្នាំ ដែលទង្វើនេះបានបង្ហាញយ៉ាងច្បាស់នូវឆន្ទៈ សាមគ្គីភាពរបស់យុវជនខ្មែរជំនាន់ថ្មី ដែលជាគម្រូល្អ ដើម្បីបន្តអនុវត្តឲ្យកាន់តែច្រើន ក្នុងសង្គមខ្មែរយើង។
លោកសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ បានសម្តែងនូវការស្វាគន៍យ៉ាងកក់ក្តៅចំពោះមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដៃគូរនានា សាកលវិទ្យាល័យ ក៏ដូចជាក្រុមហ៊ុន វីតាល់ ដែលតែងតែចូលរួមចំណែក ក្នុងការរៀបចំកម្មវិធីសប្បុរសនេះឡើង ជាថ្មីម្តងទៀតក្នុងបរិវេណសាកលវិទ្យា ល័យវិទ្យាសាស្ត្រសុខាភិបាល ដើម្បីរួមចំណែក ជាមួយរាជរដ្ឋាភិបាល និងមជ្ឈមណ្ឌលជាតិផ្តល់ឈាមសម្រេចឲ្យបាន ៥០% នៃអ្នកផ្តល់ឈាមដោយស្ម័គ្រចិត្ត ក្នុងឆ្នាំ២០២៥ តាមគម្រោងរបស់ក្រសួងសុខាភិបាល។
លោកបន្តថា សាកលវិទ្យាល័យ នឹងខិតខំបន្តប្រឹងប្រែង រៀបចំយុទ្ធនាការ អប់រំ ផ្សព្វផ្សាយអំពីសារៈសំខាន់ នៃការបរិច្ចាគឈាម ព្រមទាំងប្រមូលអ្នកស្ម័គ្រចិត្ត ផ្តល់ឈាម ឲ្យបានកាន់តែច្រើន ថែមទៀត ដើម្បីធ្វើជាគម្រូឈានមុខ ក្នុងសកម្មភាពមនុស្សធម៌នេះ ដោយមូលហេតុថា ការងារបរិច្ចាគឈាមនេះ គឺជាភារកិច្ចរបស់យើងគ្រប់ៗគ្នា។
លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានធ្វើការថ្លែងអំណគុណ ដល់និស្សិត នៃសាកលវិទ្យាល័យសុខាភិបាល ក៍ដូចជាសប្បុរសជនដទៃទៀត ដែលបានធ្វើការបរិច្ចាគឈាម យ៉ាងច្រើនកុះករជួយសង្គ្រោះជីវិត អ្នកជំងឺដែលកំពុងចាំបាច់ ត្រូវការឈាមសង្គ្រោះជីវិត ដែលមានតម្រូវការលើសពី២០០ ប្លោកក្នុង១ ថ្ងៃក្នុងរាជធានីភ្នំពេញ។
លោកវេជ្ជបណ្ឌិត បញ្ជាក់ថា «ការបរិច្ចាគឈាម គឺមិនមានការប៉ះពាល់ដល់សុខភាពនោះទេ ផ្ទុយវិញ អ្នកបរិច្ចាគឈាម គឺជាវីរបុរសដែលអាចជួយសង្គ្រោះជីវិតមនុស្សបាន»។
ដើម្បីលើទឹកចិត្ត និងជម្រុញការបរិច្ចាគឈាម ដោយស្មគ្រ័ចិត្តឲ្យមានសន្ទុះកើនឡើង កាន់តែខ្លាំងទូទាំងប្រទេស វីតាល់ តែងតែផ្តល់ការឧបត្ថម្ភ ដល់ការផ្សព្វផ្សាយគ្រប់បណ្តាញប្រពន្ធ័ផ្សព្វផ្សាយ នានា ព្រមទាំងបានផ្តល់នូវ ទឹកពិសាគុណភាពខ្ពស់ វីតាល់៦ដប រួមជាមួយនឹងថង់យួរដ៏ស្រស់ស្អាត សម្រាប់អ្នកផ្តល់ឈាមទាំងអស់ បន្ថែមពីលើការឧបត្ថម្ភរោង និងឆាកគណៈអធិបតី ដ៏ស្រស់ស្អាត។
វីតាល់ពិតជារីករាយគាំទ្រ រាល់សម្មភាពមនុស្សធម៌គ្រប់រូបភាព ហើយ វីតាល់ បេ្តជ្ញាថានឹងនៅតែបន្តគាំទ្រយ៉ាង ចំពោះកម្មវិធីសប្បុរសធម៌គ្រប់រូបភាពបន្ថែមទៀត ដើម្បីជាសក្ខីភាព នៃការចូលរួម របស់អតិថិជនវីតាល់ ក្នុងមូលនិធិ ២៥រៀល ពីការលក់ទឹកមួយដប។ ក្រុមហ៊ុន វីតាល់ ត្រូវបានមើលឃើញថា បាននឹងកំពុងចូលរួមយ៉ាងសកម្ម ក្នុងកម្មសប្បុរសធម៌នានា ក្នុងសង្គម ដែលថ្មីនេះ វីតាល់ពាំនាំក្រុមយុវជន ដែលមានភាពក្លាហាន និងឆ្លាតវៃជាច្រើននាក់ក្នុងការ ចូលរួមជាមួយវីតាល់ ក្នុងការធ្វើការងារសង្គម ដើម្បីភាពជឿនលឿននិងការអភិវឌ្ឍ៕