Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បង្ក្រាបការជួញដូរគ្រឿងញៀន ឆ្លងដែនពីឡាវមកកម្ពុជា ដកហូតបានថ្នាំ ៤គីឡូក្រាម និងចាប់ខ្លួនជនជាតិឡាវម្នាក់ នៅខណ្ឌជ្រោយចង្វារ

06-02-2020 11:15

(ភ្នំពេញ)៖ កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀន ឆ្លងដែនពីប្រទេសឡាវ ចូលមកប្រទេសកម្ពុជា មួយករណីដកហូតបានថ្នាំញៀន ៤គីឡូក្រាម និងចាប់ខ្លួនជនជាតិឡាវម្នាក់។

មន្ដ្រីជាន់ខ្ពស់មន្ទីរប្រឆាំងគ្រឿងញៀន បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០នេះថា ប្រតិបត្តិការនេះ ធ្វើឡើងនៅថ្ងៃទី០៥ ខែកុម្ភៈម្សិលមិញ នៅចំណុចក្នុងស្ថានីប្រេង PTT (កាហ្វេអាម៉ាហ្សូន) ផ្លូវជាតិ៦អា ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ប្រតិបត្តិការនេះអនុវត្តតាមបញ្ជាដឹកនាំរបស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំបញ្ជាដោយផ្ទាល់ កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន (ក៨) ចុះស្រាវជ្រាវដោយលោកឧត្តមសេនីយ៍ទោ វ៉ាន់ កុសល នាយករងមន្ទីរ និងមានការសម្របសម្រួលដោយលោក ហ៊ឹង ប៊ុនថន ព្រះរាជអាជ្ញារងរាជធានីភ្នំពេញ។

ជាលទ្ធផលនៃប្រតិបត្តិការ កម្លាំងសមត្ថកិច្ចជំនាញចាប់ខ្លួនបានជនជាតិឡាវម្នាក់ ឈ្មោះ សែងច័ន្ទ ដួងចៃ (SENG CHANH DOUANGCHAY) និងចាប់រកវត្ថុតាងបានសារធាតុញៀនមេតំហ្វេតាមីន (ICE) ៤កញ្ចប់ធំ ទម្ងន់៤គីឡូក្រាម។ ក្រោយឃាត់ខ្លួនជនសង្ស័យត្រូវបានបញ្ជូនទៅ មន្ទីរប្រឆាំងគ្រឿងញៀន ដើម្បីចាត់ការបន្ដតាមនីតិវិធី៕