Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បង្ក្រាបមេក្លោងជួញដូរថ្នាំញៀនជនជាតិឡាវ ២នាក់ និងដកហូតថ្នាំញៀនបានមួយចំនួន

06-02-2020 11:11

(ស្ទឹងត្រែង)៖ កម្លាំងនគរបាលស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង នៅរសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ បានចុះបង្ក្រាបមេក្លោងជួញដូរថ្នាំញៀនជនជាតិឡាវ ២នាក់ និងដកហូតថ្នាំញៀន បានមួយចំនួននៅភូមិណាអូង ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ។

លោកវរសេនីយ៍ឯក ជឹម អេន អធិការនគរបាលស្រុកសៀមប៉ាង បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈនេះថា កម្លាំងជំនាញនគរបាលស្រុកសៀមប៉ាង និងប៉ុស្តិ៍រដ្ឋបាលឃុំសេកុង ឃុំព្រែកមាស និងឃុំស្រែសំបូរ បានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀនបានមួយករណីនៅភូមិណាអូង ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ដោយបានឃាត់ខ្លួនជនជាតិឡាវចំនួន ២នាក់ ព្រមទាំងបានដកហូតវត្ថុតាងថ្នាំញៀន មេតំហ្វេតាមីន WY ចំនួន ២កញ្ចប់ ស្មើនឹង៣៨២គ្រាប់។

ប្រតិបត្តិការបង្ក្រាបនេះ បានធ្វើឡើលងក្រោមការសម្របសម្រួលពីលោក គឹម ហុងសាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង ខេត្តស្ទឹងត្រែង និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី នូ ហួរ ស្នងការនគរបាលខេត្តស្តីទី។

ជនសង្ស័យជាជនជាតិឡាវទាំង ២នាក់ខាងលើមានឈ្មោះ ហៀវ ប៊ុត ទីវង្ស អាយុ៣២ឆ្នាំ និងឈ្មោះ វង់ អ៊ឹង អាយុ១៦ឆ្នាំ។ ជនសង្ស័យទាំង ២នាក់នេះ រស់នៅភូមិប៉ាគៀប ស្រុងមឿងឃូង ខេត្តចម្ប៉ាសាក់ ប្រទេសឡាវ។

ក្រោយពីចាប់ខ្លួន ជនសង្ស័យទាំង ២នាក់ និងវត្ថុតាងត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕