(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងណែនាំក្រុមហ៊ុនថ្នាំជក់ទាំងអស់ ឱ្យបញ្ឈប់ការផ្សាយពាណិជ្ជកម្មផលិតផលថ្នាំជក់គ្រប់ប្រភេទ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ជាពិសេស កម្មវិធីប្រកួតប្រជែងការតាំងកញ្ចប់បារី ដែលល្មើសទៅនឹងច្បាប់ស្តីពី ការត្រួតពិនិត្យផលិតផលថ្នាំជក់ ដោយក្រុមហ៊ុនត្រូវប្រមូលយកចេញឱ្យអស់នូវសម្ភារផ្សាយពាណិជ្ជកម្មបារី ដែលបានផ្សព្វផ្សាយកន្លងមក រួមទាំងលុបការផ្សាយពាណិជ្ជកម្មផលិតផលថ្នាំជក់ នៅក្នុងវេបសាយរបស់ក្រុមហ៊ុន និងតាមបណ្តាញព័ត៌មានសង្គម។
នៅក្នុងសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននាព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០, រដ្ឋបាលរាជធានីភ្នំពេញ បានសង្កេតឃើញថា ក្រុមហ៊ុនថ្នាំជក់មួយចំនួន កំពុងផ្សព្វផ្សាយលក់បារី ក្នុងទំហំទ្រង់ទ្រាយធំ ក្នុងគោលបំណងអូសទាញអ្នកលក់បារីទូទាំងប្រទេស ឱ្យចូលរួមក្នុងកម្មវិធីប្រកួតប្រជែងដាក់តាំងបារី ដើម្បីបានទទួលរង្វាន់ពីក្រុមហ៊ុន។ សកម្មភាពនេះបានបង្ហាញចេតនារបស់ក្រុមហ៊ុនដែលមិនត្រឹមតែប្រព្រឹត្តល្មើសនឹងច្បាប់ ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ប៉ុណ្ណោះទេ ថែមទាំងបានអូសទាញអ្នកលក់ បារីឱ្យរួមចំណែកប្រព្រឹត្តល្មើសដូចខ្លួនដែរ។
នៅក្នុងសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ នឹងសហការជាមួយក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធ ព្រមទាំងបន្តតាមដានក្រុមហ៊ុនថ្នាំជក់ទាំង ឡាយណា ដែលប្រព្រឹត្តល្មើសនឹងច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ ដើម្បីចាត់វិធានការទៅតាមច្បាប់។
អង្គការកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ និងអង្គការសុខភាពពិភពលោក បានរកឃើញថា ប្រជាពលរដ្ឋកម្ពុជាប្រមាណ១៥,០០០នាក់ ស្លាប់ជារៀងរាល់ឆ្នាំ បណ្តាលមកពីជំងឺដែលបង្ក ដោយការប្រើប្រាស់ផលិតផលថ្នាំជក់ ហើយក្នុងមួយថ្ងៃៗ មានអ្នកស្លាប់ប្រមាណលើសពី ៤០នាក់។ ជំងឺទាំងនោះរួមមាន ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល ជំងឺស្ទះសរសៃឈាមបេះដូង ជំងឺឆ្លងផ្លូវដង្ហើមផ្នែកខាងក្រោម ជំងឺត្បៀតទងសួតរ៉ាំរ៉ៃ ជំងឺមហារីកសួត ទងសួត និងបំពង់ខ្យល់។ល។
ជាងនេះទៅទៀត ការប្រើប្រាស់ផលិតផលថ្នាំជក់បណ្តាលឱ្យខាតបង់ថវិកា៦៤៩លានដុល្លារ ក្នុងមួយឆ្នាំ ដែលស្មើនឹង៣ភាគរយ នៃផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រជាជនកម្ពុជា។ ក្នុងនោះ៥៨៤លានដុល្លារ បណ្តាលមកពីការខាតបង់ផលិតភាពសេដ្ឋកិច្ច និង៦៥លានដុល្លារ លើការចំណាយព្យាបាលជំងឺដែលបង្កដោយការជក់បារី៕