(ភ្នំពេញ)៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានស្នើសុំប្រទេសអូស្រ្តាលី បន្តបង្កើនចំនួនអាហារូបករណ៍ដល់និស្សិតកម្ពុជា ដើម្បីកសាងធនធានមនុស្សឲ្យច្រើន ដែលការកសាងធនធានមនុស្ស ជាកត្តាសំខាន់ក្នុងការជំរុញការអភិវឌ្ឍនៅកម្ពុជាឲ្យកាន់តែឆាប់រហ័ស។ ក្រៅពីនេះ សម្តេចបានលើកឡើងពីសំណើផ្សេងៗទៀត ដល់ភាគីអូស្រា្តលី ក្នុងនោះមានការជំរុញវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ជាដើម។
សម្តេចពញាចក្រី ហេង សំរិន លើកឡើងសំណើដូចខាងលើនេះ នៅក្នុងឱកាសដែល សម្តេចទទួលជួបសម្តែងការគួរសមជាមួយលោក ប៉ាប្លូ ជីហូកាង (H.E.Mr. Pablo Chiho Kang) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសអូស្រា្តលី ទើបតែងតាំងថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា។
សម្តេចប្រធានរដ្ឋសភា បានលើកឡើងថា កម្ពុជានិងអូស្រ្តាលី មានទំនាក់ទំនងល្អជាមួយគ្នា ទំាងស្ថាប័ននីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិ។ រដ្ឋសភាកម្ពុជា និងអូស្រ្តាលី តែងតែមានកិច្ចសហប្រតិបត្តិការគ្នា ទៅវិញទៅមកយ៉ាងជិតស្និទ្ធ នៅលើវេទិកាអន្តរសភាក្នុងតំបន់ និងសកលលោក។
កាលពីខែមករាកន្លងទៅ សម្តេចបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ចូលរួមកិច្ចប្រជុំវេទិកា សភាអាស៊ី-ប៉ាស៊ីហ្វិក (APPF) លើកទី២៨ នៅទីក្រុងកង់ប៉េរា ដែលបានប្រព្រឹត្តទៅដោយរលូន និងជោគជ័យ ហើយសម្តេចបានជួបពិភាក្សាការងារជាមួយ ឯកឧត្តម តូនី ស្មីត ប្រធានរដ្ឋសភាអូស្រ្តាលី ដែលបានបានបង្ហាញពីការរីកចម្រើន នៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាង កម្ពុជា-អូស្រ្តាលី។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន សូមស្វាគមន៍ និងអបអរសាទរចំពោះលោក ប៉ាប្លូ ជីហូ កាង ដែលត្រូវបានតែងតាំងជា ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសអូស្រ្តាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា។
លោក ប៉ាប្លូ ជីហូ កាង បានគំាទ្រប្រសាសន៍លើកឡើងរបស់សម្តេច និងបានថ្លែងអំណរគុណដែលសម្តេចប្រធានរដ្ឋសភា ចំណាយពេលវេលាទទួលជួបលោកនាឱកាសនេះ។
ឆ្លើយតបសំណើរបស់សម្តេច ឯកអគ្គរដ្ឋទូតប្រទេសអូស្រ្តាលី បានលើកឡើងថា មានអ្នកវិនិយោគអូស្រ្តាលីច្រើន បានកំពុងវិនិយោគទុននៅកម្ពុជាក្នុងវិស័យកសិម្ម និងហេដ្ឋារចនាសម្ព័ន្ធ។ កម្ពុជា ពិសេសអង្គរវត្តគឺជាទិសដៅទេសចរណ៍របស់ប្រជាជនអូស្រ្តាលី។ មានជនជាតិអូស្រ្តាលីរាប់ពាន់នាក់ ក្នុង១ឆ្នាំៗ បានមកទស្សនាកម្ពុជា។
ចំពោះការផ្តល់អាហារូបករណ៍អូស្រ្តាលីដល់និស្សិតកម្ពុជាវិញលោក ប៉ាប្លូ ជីហូ កាង បានគូសបញ្ជាក់ថា ស្ថានទូតអូស្តា្រលី ទើបតែផ្ញើសារអេឡិចត្រនិចទៅកាន់គ្រប់ក្រសួងរបស់កម្ពុជា ដើម្បីជំរុញផ្សព្វផ្សាយដល់មន្រ្តី បានដាក់ពាក្យសុំទៅសិក្សានៅអូស្រ្តាលី។ ការស្នើសុំដាក់ពាក្យពីមន្រ្តីកម្ពុជានេះ មានពេលវេលារហូតដល់ខែមេសា ទើបបិទបញ្ចប់។
អូស្រ្តាលីជាប្រទេសមួយដែលបានជួយអភិវឌ្ឍន៍កម្ពុជាជាច្រើនវិស័យ ក្នុងនោះមានការបោសសំអាតមីន កសិកម្ម អភិវឌ្ឍន៍ជនបទ អភិបាលកិច្ច និងលទ្ធិប្រជាធិបេតយ្យជាដើម៕