(ពោធិ៍សាត់)៖ លោកកិត្តិនីតិកោសលបណ្ឌិត ប៉ែន បញ្ញា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា បានលើកឡើងថា ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការកំពុងតែពេញនិយម និងមានប្រជាប្រិយភាពយ៉ាងខ្លាំងមិនថា តែសម្រាប់កម្ពុជាទេ គឺទូទាំងសកលលោកតែម្តង។ យន្តការនេះធានាឲ្យប្រជាពលរដ្ឋទូទៅអាចរស់នៅជាមួយគ្នាប្រកបដោយភាពសុខដុម តាមរយៈការដោះស្រាយវិវាទនានា ដោយប្រើវិធីសម្រុះសម្រួលពិគ្រោះយោបល់គ្នាទៅវិញទៅមក ធ្វើសម្បទានឲ្យគ្នា ក្រៅប្រព័ន្ធតុលាការ អាចបង្កើតពីភាពល្អក់កករនឹងគ្នា ក្លាយទៅជាមិត្តភាពស្និតស្នាលក្នុងក្នុងសង្គម។
លោកបណ្ឌិត ប៉ែន បញ្ញា បានលើកឡើងបែបនេះនារសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងឱកាសដែលលោកបានដឹកនាំសមាជិកគណៈកម្មការទី៦ នៃរដ្ឋសភាជាតិ ចុះជួបសំណេះសំណាល និងពិភាក្សាការងារជាមួយលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់, លោក ម៉ៅ សាន សមាជិកក្រុមប្រឹក្សាខេត្ត តំណាងលោកប្រធានក្រុមប្រឹក្សាខេត្ត អ្នកតំណាងរាស្រ្តមណ្ឌលពោធិ៍សាត់ អភិបាលរងខេត្ត និងប្រធានមន្ទីរអង្គភាពដែលមានពាក់ព័ន្ធផងដែរ។
ក្នុងឱកាសនោះដែលលោក ម៉ៅ ធនិន បានថ្លែងថា ខេត្តពោធិ៍សាត់មានសក្កានុពលខាងវិស័យកសិកម្ម ឧស្សាហកម្ម និងទេសចរណ៍ ដែលធ្វើឲ្យខេត្តមានសមត្ថភាព និងលទ្ធភាពគ្រប់បែបយ៉ាង សម្រាប់ការកសាងអភិវឌ្ឍន៍រីកចម្រើនទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រ។
លោកបានបន្តថា ផ្អែកតាមយុទ្ធសាស្ត្រចតុកោណ និងកម្មវិធីកំណែទម្រង់ស៊ីជម្រៅរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា រដ្ឋបាលខេត្តគ្រប់ផ្នែកបានខិតខំបំពេញការងារ ទៅតាមតួនាទី និងភារកិច្ចរបស់ខ្លួន។ ទន្ទឹមនឹងនេះអាជ្ញាធរ បានចុះផ្សព្វផ្សាយច្បាប់ តាមវេទិកានានា និងធ្វើការអប់រំដល់ប្រជាពលរដ្ឋចូលរួមគោរពច្បាប់ទាំងអស់គ្នា។
បន្ទាប់ពីបានស្តាប់របាយការណ៍របស់ខេត្តរួចមក លោកកិត្តិនីតិកោសលបណ្ឌិត ប៉ែន បញ្ញា បានកោតសរសើរ និងវាយតំលៃខ្ពស់ចំពោះកិច្ចខិតខំយកចិត្តទុកដាក់បំពេញភារកិច្ចប្រកបដោយ ការទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំខេត្ត ក៏ដូចជាអស់លោក លោកស្រី ជាប្រធានមន្ទីរពាក់ព័ន្ធ ដែលបានធ្វើការសម្របសម្រួល ដោះស្រាយទំនាស់ផ្សេងៗជាលក្ខណៈគ្រួសារ ក្រៅប្រព័ន្ធតុលាការ ស្របតាមយុទ្ធសាស្ត្រ ឈ្នះ-ឈ្នះ ដើម្បីឈ្នះទាំងអស់គ្មា គឺគ្មានអ្នកចាញ់។
ជាងនេះទៅទៀត លោកបានស្នើដល់ថ្នាក់ដឹកនាំ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវខិតខំយកចិត្តទុកដាក់បន្តទៀត លើការងារផ្សព្វផ្សាយច្បាប់ឲ្យប្រជាពលរដ្ឋបានយល់ដឹង និងចូលរួមថែរក្សាសន្តិភាពទាំងអស់គ្នា។
លោកបណ្ឌិតបានបន្តថា ក្រោមកិច្ចដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវកម្មវិធីនយោបាយ កែទម្រង់ស៊ីជម្រៅ គ្រប់វិស័យ ក្នុងនោះការងារកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ គឺជាភារកិច្ចដ៏មានសារៈសំខាន់ និងចាំបាច់បំផុត បន្ថែមលើភារកិច្ចស្នូលរបស់ក្រសួងយុត្តិធម៌ ហើយក៏ស្ថិតនៅក្នុងវិស័យអាទិភាពមួយក្នុងចំណោមវិស័យអាទិភាពផ្សេងៗទៀត ដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ ក្នុងកិច្ចធានាដល់ការកសាងអភិវឌ្ឍជាតិ។
លោកបានបញ្ជាក់ថា បច្ចុប្បន្ននេះច្បាប់រដ្ឋសភាបានអនុម័តចំនួន៥៦១ច្បាប់ ដែលច្បាប់ទាំងនោះបានគ្របដណ្តប់លើវិស័យសំខាន់ៗ នៅក្នុងការដឹកនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជា ការធ្វើសមាហរណកម្មកម្ពុជា ទៅក្នុងតំបន់ និងអន្តរជាតិ។ ម្យ៉ាងវិញទៀតច្បាប់ជាមូលដ្ឋានគ្រឹះក្នុងការពង្រឹងពង្រីកវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម សង្គមកិច្ច ការងារបរិស្ថាន សន្តិសុខ សុវត្ថិភាព និងសកម្មភាពមនុស្សធម៌ជាដើម។
ចំណែកវិស័យយុត្តិធម៌លោកបានបញ្ជាក់ថា រដ្ឋសភាបានអនុម័តវិស័យតុលាការមានជាអាទិ៍ច្បាប់ស្តីពីការរៀបចំអង្គការតុលាការ ច្បាប់ស្តីពីលក្ខន្តិកៈចៅក្រម និង ព្រះរាជអាជ្ញានិងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សាអង្គចៅក្រម ដែលច្បាប់ទាំងអស់នេះជាមធ្យោបាយ និងយន្តការដ៏សំខាន់ក្នុងការជួយដល់ ស្ថាប័នតុលាការ ឲ្យមានឯករាជ្យភាព និងលទ្ធភាពក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួន ធានាយុត្តិធម៌ សង្គម ស្របតាមគោលការណ៍ប្រជាធិបតេយ្យនិងនីតិរដ្ឋ។
សូមបញ្ជាក់ថា បន្ទាប់ពីបញ្ចប់កិច្ចប្រជុំពិភាក្សាការងារ ជាមួយប្រតិភូគណៈកម្មការទី៦នៃរដ្ឋសភាជាតិ, លោក ម៉ៅ ធនិន បានបន្តជួយដោះស្រាយបញ្ហាប្រឈម ក៏ដូចជាសំណូមពរ ព្រមទាំងផ្តល់ជាស្បៀងជូនជនចាស់ជរាគ្មានទីពឹង គ្រួសារទីទ័លខ្លាំង និងពុកម៉ែបងប្អូនប្រជាពលរដ្ឋ បានមួយចំនួនផងដែរ៕