(ភ្នំពេញ)៖ ការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនក្រុមចោរឆក់ចំនួន ៣នាក់ រួមជាមួយវត្ថុតាងមួយចំនួន ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនិតិវិធី។
ការបញ្ជូនជនសង្ស័យទាំង ៣នាក់ខាងលើនេះ គឺធ្វើឡើងក្រោយពីកម្លាំងរបស់លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាល បានតាមស្រាវជ្រាវបង្ក្រាបពួកគេបាន និងដកហូតវត្ថតាង ទូរសព្ទ័ដៃរបស់ជនរងគ្រោះចំនួន០២គ្រឿង (ម៉ាក SAMSUNG GALAXY J4 PLUS មួយគ្រឿង និងម៉ាក IPhone6 មួយគ្រឿង) ស្ថិតនៅចំណុចសួនច្បារមុខវត្តបុទុមវតី សង្កាត់ចតុមុខ ខណ្ឌដូនពេញ នាវេលាម៉ោង២៣៖៤០នាទីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២០។
លោកវរសេនីយ៍ឯក ប៊ុន សត្យា បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០នេះថា ចំពោះការតាមស៉ើបអង្កេតបង្ក្រាបក្រុមចោរទាំង៣នាក់នេះដែរ គឺអនុវត្តឡើង ក្រោយពីពួកគេជិះម៉ូតូធ្វើសកម្មភាពឆក់កាបូបបានសម្រេច ពីជនរងគ្រោះម្នាក់ ស្ថិតនៅចំណុចខាងជើងស្ថានីយប្រេងឥន្ធនៈសាវីម៉ិច ផ្លូវលេខ២១៧ ភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ កាលពីរសៀលថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០។
លោកវរសេនីយ៍ឯក ប៊ុន សត្យា បញ្ជាក់ទៀតថា ជនសង្ស័យជាក្រុមចោរឆក់ទាំង៣នាក់នេះរួមមាន៖ ទី១៖ឈ្មោះ មួង ម៉ុច ហៅធារ៉ា អាយុ១៩ឆ្នាំ មុខរបរកម្មករផែស្ងួតតេងឡាយ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិអង្គ សង្កាត់កន្ទោក ខណ្ឌកំបូល, ទី២៖ឈ្មោះ ស៊ីស៊ី ដារ៉ូ អាយុ១៦ឆ្នាំ មុខរបរអ្នករាំ DJ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិត្រពាំងសាលា សង្កាត់ពងទឹក ខណ្ឌដង្កោ និងទី៣៖ឈ្មោះ រូណ ភារី ហៅភ្លោះ អាយុ១៨ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិកន្ទោក សង្កាត់កន្ទោក ខណ្ឌកំបូល។
បើតាមការអះអាង របស់ជនរងគ្រោះឈ្មោះ ជៀម សុធា ភេទស្រី អាយុ៤៤ឆ្នាំ មុខរបរអាជីវករ មានទីលំនៅបច្ចុប្បន្នផ្ទះលេខ៣០៤ ផ្លូវលេខ២០ MC ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ គឺបានបាត់បង់សម្ភារមួយចំនួន ដូចជាក្រវិលមួយគូតម្លៃ១៣០ដុល្លារអាមេរិក, ខ្សែកផ្លាកទីនមួយខ្សែ តម្លៃ៣៩០ដុល្លារអាមេរិក, ទូរស័ព្ទដៃចំនួន០៣គ្រឿង ម៉ាក SAMSUNG ចំនួន០១គ្រឿង, ម៉ាក LG ចំនួន០១គ្រឿង និងម៉ាក IPHONE ចំនួន០១គ្រឿង, ប្រាក់រៀលចំនួន ១,៧៥០,០០០រៀល, អត្តសញ្ញាណបណ្ណ័មួយសន្លឹក ក្រោយពីក្រុមជនសង្ស័យទាំង៣នាក់ ជិះម៉ូតូទៅធ្វើសកម្មភាពឆក់កាបូបស្ពាយបានសម្រេច ហើយរត់គេចខ្លួនបាត់រយៈពេលមួយថ្ងៃប៉ុណ្ណោះ៕