(ប៉េកាំង, ចិន)៖ វត្តមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងកូនប្រុសច្បង គឺលោក ហ៊ុន ម៉ាណែត ព្រមទាំងគណៈប្រតិភូនៅលើទឹកដីចិន ចំពេលចិនជួបការលំបាកព្រោះតែជំងឺផ្លូវដង្ហើមបង្កដោយមេរោគ «កូរ៉ូណា» បានក្លាយទៅជាដំណើរទស្សនកិច្ចដ៏មានអត្ថន័យយ៉ាងជ្រាលជ្រៅបំផុតសម្រាប់លោកប្រធានាធិបតីចិន ស៊ី ជិនពីង។
នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូធ្វើដំណើរបំពេញទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំង ប្រទេសចិន។ ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ និងគណៈប្រតិភូ បានក្លាយទៅជាដំណើរទស្សនកិច្ចរបស់មេដឹកនាំប្រទេសជាមិត្តដំបូងបំផុតសម្រាប់ចិន ក្រោយពេលប្រទេសមហាអំណាចសេដ្ឋកិច្ចមួយនេះ រងការវាយប្រហារយ៉ាងធ្ងន់ធ្ងរដោយជំងឺផ្លូវដង្ហើមបង្កដោយមេរោគ «កូរ៉ូណា»។
ចាប់តាំងពីប្រទេសចិនរងគ្រោះដោយជំងឺនេះ កុំថាឡើយមានដំណើរទស្សនកិច្ចនៃមេដឹកនាំប្រទេសជាមិត្ត ប្រទេសជាច្រើនបានប្រើឥរិយាបថខ្លាចរអាចំពោះជំងឺនេះ ហើយបិទជើងហោះហើរទៅកាន់ប្រទេសចិន។ កាយវិការនេះ ត្រូវបានគេចាត់ទុកជាការរើសអើងមួយចំពោះចិន និងទុកឱ្យចិនរស់នៅឯកោ ខណៈដែលប្រជាជាតិតំបន់អាស៊ីមួយនេះត្រូវការការគាំពារជាចាំបាច់នោះ។
មេដឹកនាំកំពូលរបស់ចិនទាំងលោកប្រធានាធិបតី ស៊ី ជិនពីង និងលោកនាយករដ្ឋមន្ត្រី លី ខឺឈាង បានទទួលស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូប្រកបដោយភាតរភាពយ៉ាងជ្រាលជ្រៅជាទីបំផុត។
ក្នុងជំនួបប្រកបដោយភាពកក់ក្តៅ និងស្និទ្ធស្នាលប្រៀបដូចបងប្អូនរួមសុខរួមទុក្ខនឹងគ្នា, លោកប្រធានាធិបតី ស៊ី ជិនពីង បានពោលពាក្យអរគុណមិនដាច់ពីមាត់ចំពោះភក្តីភាពដ៏ជ្រាលជ្រៅរបស់សម្តេចតេជោ ហ៊ុន សែន និងប្រជាជនកម្ពុជា ចំពោះរដ្ឋាភិបាល និងប្រជាជនចិន។ នេះបើតាមការបញ្ជាក់របស់លោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ដែលបានចូលរួមនៅក្នុងជំនួបនោះ។
លោកប្រធានាធិបតីចិន បានថ្លែងថា លោកពិតជាអរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានបង្ហាញនូវការគាំទ្រដ៏ខ្លាំងចំពោះប្រទេសចិន។ លោកបានចាត់ទុកដំណើរទស្សនកិច្ចរបស់សម្តេចតេជោ គឺជាការផ្តល់នូវទំនុកចិត្ត ផ្តល់កម្លាំងចិត្ត ដ៏មហិមាចំពោះប្រទេសចិន។ ជាពិសេសបានបង្ហាញពីការគាំទ្រ និងជឿទុកចិត្តចំពោះប្រទេសចិន។
លោកប្រធានាធិបតី បានលើកឡើងថា សម្តេចតេជោ និងប្រជាជនកម្ពុជា ជាមិត្តដ៏ស្មោះត្រង់ និងភក្តីភាពពិតប្រាកដចំពោះប្រជាជន និងប្រទេសចិន។ តបស្នងចំពោះទឹកដ៏ស្មោះស្ម័គ្រនេះ លោកប្រធានាធិបតី ស៊ី ជិនពីង បានប្រកាសស្វាគមន៍ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ទៅកាន់ប្រទេសចិន គ្រប់ពេលវេលា ហើយលោកនឹងជួបសម្តេចតេជោ ឱ្យបានញឹកញាប់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
ក្នុងជំនួបនេះលោក ស៊ី ជិនពីង បានប្រកាសមើលថែពលរដ្ឋ និងនិស្សិតកម្ពុជា ដែលកំពុងរស់នៅ និងសិក្សាក្នុងប្រទេសចិន ឱ្យដូចជាពលរដ្ឋ ដូចជាកូនចៅរបស់ចិនដូច្នោះដែរ។
នៅចំពោះមុខសម្តេចតេជោនាយករដ្ឋមន្ត្រី, លោក ស៊ី ជិនពីង បានប្រកាសដោយឥតអល់អែកជួយដល់កម្ពុជាគ្រប់កាលៈទេសៈ ដើម្បីជំរុញការអភិវឌ្ឍឱ្យកាន់តែរីកចម្រើន។ លោកក៏បានប្រកាសផ្តល់ជំនួយតាមតម្រូវការសម្រាប់កម្ពុជា ដែលជាមិត្តដ៏ស្មោះស័គ្រនេះថែមទៀតផង៕