(ព្រះសីហនុ)៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០ បានដឹកនាំកិច្ចប្រជុំស្តីពីគម្រោងបង្កើតតំបន់ប្រមូលផ្តុំ នៃតំបន់អភិវឌ្ឍន៍មណ្ឌលកម្សាន្ត ទេសចរណ៍មនុស្សពេញវ័យ នៅក្នុងទឹកដីក្រុងព្រះសីហនុ។
កិច្ចប្រជុំនេះធ្វើឡើងនៅសាលាខេត្តព្រះសីហនុ ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរ អង្គភាពពាក់ព័ន្ធ អាជ្ញាធរក្រុង ស្រុក និងតំណាងអាជីវកម្មទេសចរណ៍ក្នុងខេត្តព្រះសីហនុ។
នាឱកាសនោះ លោក គួច ចំរើន បង្ហាញការគាំទ្រ និងបានធ្វើការណែនាំឱ្យមន្ទីរទេសចរណ៍ សំឡឹងមើលទីតាំងដើម្បីរៀបចំប្រមូលផ្តុំមណ្ឌលកម្សាន្ត នៅតំបន់ណាមួយ និងត្រូវចុះស្ទង់មតិ ស្វែងរកការគាំទ្រ ពីប្រជាពលរដ្ឋក្នុងក្រុងព្រះសីហនុ ដើម្បីដំណើរការគម្រោងនេះនៅពេលខាងមុខ។
ជាមួយគ្នានោះដែរ លោកអភិបាលខេត្តព្រះសីហនុ ក៏បានយល់ឃើញថា ការប្រមូលមណ្ឌលកម្សាន្តដាក់ម្តុំ អាចនឹងកាត់បន្ថយផលប៉ះពាល់ និងធានាបានសន្តិសុខ សុវត្ថិភាពផងដែរ។
ចំណែក លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ លើកឡើងថា «គម្រោងប្រមូលផ្តុំមណ្ឌលកំសាន្តទេសចរណ៍ សម្រាប់មនុស្សពេញវ័យនេះ និងមានរៀបចំហេដ្ឋារចនាសម្ពន្ធ័ទឹក, ភ្លើង, ផ្លូវ, ប្រពន្ធ័ការពារអគ្គីភ័យ, សុខាភិបាល, សន្តិសុខ និងសេវាជាច្រើនទៀត ដើម្បីបង្កើតទៅជាតំបន់ទេសចរណ៍ ប្រកបដោយការទាក់ទាញ»។
លោកប្រធានមន្ទីរទេសចរណ៍បន្តថា ពេលនេះបានមើលឃើញតំបន់អាទិភាពទី១ ហើយ ដោយទីតាំងនោះជាដីកម្មសិទ្ធឯកជន ហើយមន្ទីរទេសចរណ៍និងអាជ្ញាធរដែនដី នឹងជជែកគ្នាជាមួយម្ចាស់ដីស្តីពីគម្រោងនេះ។
ប្រសិនជាម្ចាស់ដីទាំងនោះគាត់គាំទ្រ និងចូលរួមលើគម្រោងនេះ មន្ទីរទេសចរណ៍និងរដ្ឋបាលខេត្តនឹងចាប់ផ្តើមអនុវត្តផែនការនេះ ទៅតាមអ្វីដែលបានគ្រោង។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកខេត្តព្រះសីហនុ គឺជាខេត្តបំពង់កសេដ្ឋកិច្ចនិងជាតំបន់ឧស្សាហកម្មពិសេស គំរូពហុបំណងរបស់កម្ពុជា។ ស្របតាមគោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ របស់រាជរដ្ឋាភិបាល និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍ជាតិ ខេត្តព្រះសីហនុ គឺត្រូវបានចាត់ទុកថាជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់មួយ ក្នុងចំណោមប៉ូលអាទិភាពទាំងបួនរួមមាន៖ រាជធានីភ្នំពេញ, ខេត្តសៀមរាប, ខេត្តតំបន់ឆ្នេរសមុទ្រ, និងខេត្តភូមិភាគឦសាន និងបានប្រសិទ្ធនាម «តារារះនាទិសនិរតី»។
បច្ចុប្បន្នខេត្តព្រះសីហនុ កំពុងត្រូវបានរាជរដ្ឋាភិបាល ផ្តោតការយកចិត្តទុកដាក់ជាពិសេសដើម្បីស្តារឡើងវិញ នូវប្រពន្ធ័ហេដ្ឋារចនាសម្ពន្ធ័, ទឹក, ភ្លើង, ផ្លូវគមនាគមន៍, បរិស្ថាន និងតំបន់ទេសចរណ៍ ដើម្បីធ្វើអោយខេត្តជាប់មាត់សមុទ្រមួយនេះ កាន់តែមានការទាក់ទាញពហុវិស័យ៕